អីុ​រ៉​ង់​អាច​ផលិត​មី​ស៊ី​ល​រំលង​ទ្វីប​បាន

អ្នកការទូត​អីុ​រ៉​ង់​ម្នាក់​ថ្លែង​កាលពី​ថ្ងៃ​ទី​២៧ មេ​សា ថា ប្រទេស​អីុ​រ៉​ង់​អាច​ផលិត​បណ្តា​មី​ស៊ី​ល​រំលង​ទ្វីប​បាន​ដោយសារ​ការ​អភិវឌ្ឍន៍​នៃ​វិទ្យាសាស្ត្រ​របស់​ខ្លួន ។

លោក HAMID BAEIDINEJAD អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​នយោបាយ​របស់​ក្រសួងការបរទេស​អីុ​រ៉​ង់​អះអាង​ទៅ​កាន់​ទូរទស្សន៍ PRESS TV ថា បច្ចុប្បន្ន​សមត្ថភាព​វិទ្យាសាស្ត្រ​របស់​យើង​ផ្តល់​ឱ្យ​យើង​នូវ​លទ្ធភាព​ផលិត​បណ្តា​មី​ស៊ី​ល​រំលង​ទ្វីប ។ លោក​បន្ត​ថា កម្លាំង​របស់​ប្រទេស​យើង​មាន​កាន់តែ​ខ្លាំង ហើយ​ឥឡូវ​យើង​ពុំ​មានការ​រឹតត្បិត​ក្នុង​វិស័យ​ការពារ​ក៏​ដូច​ជា​ក្នុង​កម្មវិធី​មី​ស៊ី​ល​របស់​យើង​ដែរ ។ យើង​លែង​មានការ​កម្រិត​ខាង​បច្ចេកទេស​ទៀត​ហើយ ។

លោក BAEIDINEJAD ដែល​ក៏​ជា​អតីត​អ្នក​ចរចា​លើ​សំណុំរឿង​នុយក្លេអ៊ែរ​អីុ​រ៉​ង់​ដែរ គូសបញ្ជាក់​ថា លទ្ធិ​យោធា​របស់​អីុរ៉​ង់​ពឹងផ្អែក​លើ​នយោបាយ​នៃ​ការ​ពង្រឹងកម្លាំង​គួរ​ឱ្យ​ជឿជាក់ ។ លោក​អះអាង​ថា ផ្ទុយ​ពី​នយោបាយ​យោធា​របស់​ប្រទេស​ឯទៀត​ៗ ក្នុង​តំបន់ និង​របស់​មហាអំណាច​ពិភពលោក​មួយ​ចំនួន​លទ្ធិ​យោធា​អីុរ៉​ង់​ពុំ​បង្កើន​ការ​គំរាម​កំហែង​​ក្នុង​តំបន់ ឬ​លើ​ពិភពលោក​ឡើយ ។

មុន​នេះ​រដ្ឋមន្ត្រី​ការ​បរទេស​អីុ​រ៉​ង់ លោក MOHAMMAD JAVAD ZARIF បាន​បដិសេធ​ការ​លើក​ឡើង​របស់​បណ្តា​មន្ត្រី​អា​េ​ម​រិ​ក​ប្រឆាំង​កម្មវិធី​មី​ស៊ី​ល​អីុ​រ៉​ង់ ដោយ​និយាយ​ថា អីុរ៉ង់​នឹង​មិន​ចរចា​ដាច់ខាត​ពី​កម្មវិធី​មី​ស៊ី​ល​របស់​ខ្លួន ព្រោះ​វា​ជា​កិច្ច​ការពារ​ជាតិ ។

សេត​វិមាន​រិះគន់​កម្មវិធី​មី​ស៊ី​ល​អីុរ៉​ង់ ដោយ​ចាត់ទុកជា​ការ​គំរាមកំហែង​មួយ​ចំពោះ សន្តិភាព​តំបន់ និង​ពិភពលោក ។ ក៏​ប៉ុន្តែ​អីុ​រ៉​ង់​ថ្លែង​ថា កម្មវិធី​មី​ស៊ី​ល​របស់​ខ្លួន​មាន​គោល​ដៅ​​សន្តិភាព​ទាំងស្រុង រួច​ទោះបី​យ៉ាងណា គេ​មិន​អាច​ដកហូត​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន ដើម្បី​ពង្រឹងសមត្ថភាព​ការពារ ព្រមទាំង​ការពារ​សន្តិសុខ​ជាតិ​ឡើយ ៕