ធនាគារ​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​ង​ការ​កម្ទេច​ជាមួយ​ប្រាក់​500​លាន​ដុល្លារ​នៅ​អីុ​រ៉ា​ក់

មេបញ្ជាការ​រង​របស់​កងកម្លាំង​ចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឧត្តមសេនីយ៍​អា​មេ​រិ​ក PETER GERSTEN រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ មេ​សា ថា ធនាគារ​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជាមួយ​ប្រាក់​ជិត​៥០០​លាន​ដុល្លារ រង​ការ​កម្ទេច​នៅ​អីុ​រ៉ា​ក់ ។

ឧត្តមសេនីយ៍ GERSTEN ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា យើង​ពុំ​អាច​វាយតម្លៃ​ច្បាស់​លើ​ចំនួន​ទឹកប្រាក់​ដែល​រង​ការ​បំផ្លាញ​ឡើយ រួច​វា​ជា​ភារកិច្ច​របស់​ផ្នែក​ស៊ើបការណ៍ ក៏​ប៉ុន្តែ​តួ​​លេខ​អាច​មាន​រវាង​ពី​៣០០​ទៅ​៨០០​លាន​ដុល្លារ ។ បើ​គិត​ជា​មធ្យម​ទៅ​គឺ​ប្រមាណ​ជា​៥០០​លាន​ដុល្លារ ។

យោង​តាម​ឧត្តមសេនីយ៍​រូប​នេះ​ថា ធនាគារ​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នេះ​ស្ថិត​នៅ​ទីក្រុង​ម៉ូ​ស​ស៊ុ​ល ដែល​ពួក​ជី​ហា​ដ​ប្រើប្រាស់ ។ ធនាគារ​នេះ យើង​តាម​ឃ្លាំមើល​ជាប់ ។ ភ្នាក់ងារ​ស៊ើបការណ៍​អា​មេ​រិ​ក​កំណត់​ដឹង​ថា មាន​នារី​ម្នាក់ និង​កុមារ​ទាំងឡាយ​ស្ថិត​ក្នុង​អគារ ។ ដើម្បី​កុំឱ្យ​ពួក​គេ​រង​គ្រោះ​កង​កុំម៉ង់ដូ​អា​មេ​រិ​កបាន​បង្ខំ​ពួក​គេ​ឱ្យ​ចាក​ចេញពី​អគារ​មុន​ពេលធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ធនាគារ​នេះ ។

យោង​តាម​លោក GERSTEN ថា មី​ស៊ី​ល HELLFIRE មួយ​ត្រូវ​បាញ់​ដាក់​ដំបូល​អគារ ដើម្បី​ឱ្យ​នារី​នោះ និង​ពួកក្មេង​ៗ​អាច​ដកខ្លួន​ចេញ​។ ក៏​ប៉ុន្តែ​ឧត្តមសេនីយ៍​រូប​នេះ​ទទួល​ស្គាល់​​ថា ទោះបី​យ៉ាងណា ក្រុ​ម​ចម្រុះ​នៅ​តែ​ពុំ​អាច​ចៀសវាង​បានការ​បាត់បង់​ជីវិត​មនុស្ស​ក្នុង​ចំណោម​ជន​ស៊ី​វិល​ពេល​ធ្វើ​ប្រតិបត្តិការ ។

ឧត្តមសេនីយ៍​រូប​នេះ​និយាយ​ថា ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រើប្រាស់​ជន​ស៊ី​វិល​ធ្វើ​ជា​ខែល​មនុស្ស ដើម្បី​ការពារ​ខ្លួន​ពួក​គេ​ពី​ការ​វាយប្រហារ​របស់​ក្រុមចម្រុះ ៕