កាំជ្រួច SOYOUZ បាញ់​បង្ហោះ​ប្រកបដោយ​ជោគជ័យ​ចេញពី​ទីតាំង​ថ្មី

ប្រទេស​រុ​ស្ស៊ី​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សាបាន​បាញ់​បង្ហោះ​ប្រកបដោយ​ជោគជ័យ​នូវ​កាំជ្រួច SOYOUZ មួយ​ចេញពី​ទីតាំង​បាញ់​បង្ហោះ​ថ្មី VOSTOTCHNY នា​ចុង​បូព៌​៌ា​រុ​ស្ស៊ី ដែល​នោះ​ជា​ជោគជ័យ​ដំបូង​សម្រាប់​ទីតាំង​នេះ ទោះបី​ការ​ប៉ុនប៉ង​បាញ់​បង្ហោះ​មួយ​ត្រូវ​បរាជ័យ​កាលពី​ថ្ងៃ​ទី​២៧ មេ​សា​ក្តី ។

ជោគជ័យ​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ផ្នែក​អវកាស​រុ​ស្ស៊ី ដែល​បើក​សម្ពោធ​ទីតាំង​បាញ់​បង្ហោះ​ថ្មី​កសាង​ឡើង​ដោយ​ចំណាយ​ប្រាក់​យ៉ាងច្រើន​សម្រាប់​ជំនួស​ទីតាំង​បាញ់​បង្ហោះ​បៃ​កូ​នូ​រកា​ហ្សា​ក់​ស្ថាន រួច​កំណត់​ពី​ការ​រស់​ឡើង​វិញ​នៃ​ឧស្សាហកម្ម​មួយ​ដែល​រង​ការ​អាម៉ាស់ ដោយសារ​បរាជ័យ​ជា​ច្រើន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ការ​បាញ់​បង្ហោះ​កាំជ្រួច​នេះ ធ្វើ​ឡើង​តាម​ពេល​ម៉ោង​គ្រោងទុក​គឺ​ម៉ោង​១១​និង​០១​នាទី​ម៉ោង​ក្នុងស្រុក ។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី ROSKOSMOS តាម​រយៈ​សេចក្តី​ប្រកាស​មួយ ។ សេចក្តី​ប្រកាស​នោះ​អះអាង​ថា ពេល​នេះ​ផ្កាយ​រណប​ទាំង​៣ ដែល​បញ្ជូន​ទៅ​ស្ថិត​ក្នុង​តារាវិថី​អស់ហើយ ។

ដំបូង​គ្រោង​ធ្វើ​ក្នុង​ម៉ោង​ដូច​គ្នា​នា​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា ការ​បាញ់​បង្ហោះ​កាំជ្រួច​នេះ​ធ្វើ​ឡើង​ក្រោម​ការ​តាមដាន​មើល​របស់​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ដែល​នា​ឱកាស​នោះ​លោក​ទៅ​កាន់​តំបន់​ចុង​បូព៌​៌ា​ប្រទេស ។ ក៏​ប៉ុន្តែ​ការ​ប៉ុនប៉ង​បាញ់​បង្ហោះ​ដំបូង​ត្រូវ​បញ្ឈប់​មុន​ម៉ោង​គ្រោងទុក ក្រោយ​ការ​បញ្ឈប់​ដោយ​ស្វ័យប្រវត្តិ ។ បណ្តា​អ្នក​ទទួលខុសត្រូវ​ផ្នែក​អវកាស​រុ​ស្ស៊ី​ក៏​បាន​សម្រេច​ពន្យារពេល​ការ​បាញ់​បង្ហោះ​រយៈពេល​២៤​ម៉ោង ។

ទីតាំង​បាញ់​បង្ហោះ VOSTOTCHNY កសាង​ឡើង​សម្រាប់​ជំនួស​ទីតាំង​បាញ់​បង្ហោះ​បៃ​កូ​នួ​រ​នៅ​កា​ហ្សា​ក់​ស្ថាន ដែល​រុ​ស្ស៊ី​ជួល​ក្នុង​មួយ​ឆ្នាំ​១១៥​លាន​អឺ​រ៉ូ ចាប់តាំងពី​ការ​ដួល​រំលំ​សហភាព​សូ​វៀត​មក សម្រាប់​បាញ់​បង្ហោះ​យាន SOYOUZ ជា​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS ។

សម្រេច​កាលពី​ឆ្នាំ​២០០៧ ដោយ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន រួច​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១២ ការ​កសាង​ទីតាំង​បាញ់​បង្ហោះ​កាំជ្រួច​អវកាស​ថ្មី​នេះ​ចាត់ទុកជា​ការដ្ឋាន​ធំ​បំផុត​របស់​ប្រទេស ហើយ​ត្រូវ​ចំណាយ​ប្រាក់​រវាង​ពី​៣០០​ទៅ​៤០០​ពាន់​លាន​រូ​ប្លិ៍ (៤​ទៅ​៥,៣​ពាន់​លាន​អឺ​រ៉ូ​) ៕