ប្រទេស​វៀតណាម​ជួប​ប្រទះ​ភាពរាំងស្ងួត​ធ្ងន់ធ្ងរ​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា ប្រទេស​វៀតណាម អ​.​ស​.​ប ព្រមទាំង​បណ្តា​ដៃគូ​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​២៦ មេ​សា ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ផ្តល់​ជំនួយ​បន្ទាន់​៤៨,៥​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​បណ្តា​តំបន់​វៀតណាម ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​បាតុភូត EL NINO ។

សភាពការណ៍​ពិតជា​ធ្ងន់ធ្ងរ​ដោយ​បច្ចុប្បន្ន​មនុស្ស​ប្រមាណ​ជា​២​លាន​នាក់​កំពុង​ជួប​គ្រោះថ្នាក់​នា​ភាគ​កណ្តាល និង​ភាគ​ខាងត្បូង​ប្រទេស ។ យោង​តាម​លោកស្រី PRATIBHA MEHTA អ្នកសម្របសម្រួល​អចិន្ត្រៃយ៍ អ​.​ស​.​ប ប្រចាំ​វៀតណាម​ថា រដ្ឋាភិបាល​វៀតណាម​បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​នានា ដើម្បី​ជួយ​បណ្តា​តំបន់​រង​ការ​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត ។ អន្តរាគមន៍​មួយ​ត្រូវ​បាន​ធ្វើ​ក្នុង​ក្រប​ខណ្ឌ​នៃ​សន្និសីទ​មួយ​កាលពី​ថ្ងៃ​ទី​២៦ មេ​សា នៅ​ទីក្រុង​ហាណូយ ហើយ​ដែល​មាន​គោលបំណង​លើក​ឡើង​ពី​បញ្ហា​រីងស្ងួត និង​ការ​ហូរ​ចូល​នៃ​ទឹកប្រៃ​ក្នុង​ដែនដី​វៀតណាម ។

លោកស្រី PRATIBHA MEHTA បន្ត​ថា ការ​តស៊ូ​នេះ​ចាំបាច់​ត្រូវ​មានការ​ជួយ​ទ្រទ្រង់​ជា​ពិសេស​របស់​សហគមន៍​អន្តរជាតិ ។ លោកស្រី​និយាយ​ថា អ​.​ស​.​ប នឹង​បន្ត​រួម​សហការ​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ជួយ​ប្រជាជន​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត ។

វៀតណាម​ជំរឿន​ឃើញ​ខេត្ត​ចំនួន​១៨ រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​បាតុភូត EL NINO ។ មនុស្ស​ប្រមាណ​ជា​២​លាន​នាក់​ពុំ​មានទឹក​ស្អាត​ប្រើប្រាស់ រួច​មនុស្ស​១,១​លាន​នាក់​ត្រូវ​ការ​ជំនួយ​ស្បៀង ។ នារី និង​កុមារ​ជាង​៦០.០០០​នាក់ ប្រឈម​មុខ​នឹង​ការ​ខ្វះ​អាហារ រួច​មនុស្ស​ប្រមាណ​ជា​១,៧៥​លាន​នាក់​រង​ការ​គំរាមកំហែង​បាត់បង់​ការងារ និង​សកម្មភាព​ដោយសារ​គ្រោះ​រាំង​ស្ងួត និង​ភាព​ក្តៅហែង​កាន់តែ​ខ្លាំង​ឡើង ។

នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​គ្រោះ​រាំង​ស្ងួត និង​ការ​ចុះ​ថយ​នៃ​កម្រិត​ទឹក​ក្នុង​ដី​នាំ​ឱ្យ​ទឹកសមុទ្រ​ជ្រាប​ចូល​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៩០​ឆ្នាំ​មក​ហើយ ។ លើស​ពី​នេះ​ទៀត ការ​លុក​លុយ​នៃ​ទឹកប្រៃ​ចាប់ផ្តើម​យ៉ាង​ឆាប់​បំផុត​នា​ឆ្នាំ​នេះ ហើយ​ចូល​ដល់​ជម្រៅ​ពី​២០​ទៅ​៣០​គីឡូម៉ែត្រ​។ ជា​ផលវិបាក​ដំណាំ​ដាំ​ដុះ​ជាង​៤០០.០០០​ហិ​កតា​រង​ការ​ប៉ះពាល់ ហើយ​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជា​២៥.៩០០​ហិ​កតា ត្រូវ​ទុក​ចោល ។

ចាប់តាំងពី​ដំណាច់ឆ្នាំ​២០១៥ មក រដ្ឋាភិបាល​វៀតណាម​បាន​ផ្តល់​ស្បៀង​៥.២២៣​តោន ដល់​បណ្តា​តំបន់​រង​ការ​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត ។ ប្រទេស​ក៏​បញ្ចេញ​ប្រាក់​១.០០៨​ពាន់​លាន​ដុ​ង (​ប្រមាណ​៤៥​លាន​ដុល្លារ​) សម្រាប់​កម្មវិធី​តស៊ូ​ទប់ទល់​គ្រោះ​រាំង​ស្ងួត​ក្នុង​កម្រិត​ជាតិ​។ ជា​លទ្ធផល​ទឹក​ប្រមាណ​ជា​២​លាន​ម៉ែត្រគូប​ត្រូវ​បាន​ផ្គត់ផ្គង់​ក្នុង​បណ្តា​តំបន់​រាំង​ស្ងួត ។ លើស​ពី​នេះ​ទៀត CHLORAMINE B 630.000 ដូ​ស និង AQUATABS ៤០០.០០០ ត្រូវ​បាន​ផ្តល់​ដល់​បណ្តា​គ្រួសារ​ដែល​ពុំ​មានទឹក​ស្អាត​ប្រើប្រាស់ ។

ប្រឈម​មុខ​នឹង​គ្រោះ​រាំង​ស្ងួត ដែល​មាន​សភាព​កាន់តែ​ខ្លាំង វៀតណាម ក៏​អំពាវនាវ​ផង​ដែរ​កាលពី​ថ្ងៃ​ទី​១៥ មីនា កន្លង​មកនេះ ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​ផ្តល់​ជំនួយ​បន្ទាន់ ពិសេស​ការ​ជួយ​ផ្គត់ផ្គង់​ទឹក ជួយ​ដល់​សន្តិសុខ ស្បៀង ព្រមទាំង​ជួយ​ត្រួតពិនិត្យ​ជំងឺឆ្លង​រាតត្បាត ៕