អតីត​ប្រធាន​សភា​អា​េ​ម​រិ​កមួយ​រូប​កាត់ទោស​រឿង​រំលោភ​រួម​ភេទ​ប្រើ​លុយ​បិទ​មាត់

លោក DENNIS HASTERT អតីត​ប្រធាន​សភា​អា​មេ​រិ​កមួយ​រូប​កាលពី​ថ្ងៃ​ទី​២៧ មេ​សា ទទួល​ការ​កាត់ទោស​នៅ​ទីក្រុង​ស៊ី​កា​ហ្គោ​ដាក់គុក​១៥​ខែ​ពី​បទ​ផ្តល់​ប្រាក់​ដោយ​ខុស​ច្បាប់​​ឱ្យ​ដល់​បុរស​ម្នាក់​ដែល​ចោទប្រកាន់​លោក​ថា ចាប់​រូបគេ​រំលោភ​រួម​ភេទ ពេល​រូបគេ​នៅ​វ័យ​ជំទង់ ។

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា ពេល​ទទួលទោស​ចប់​សព្វគ្រប់ លោក DENNIS HASTERT នឹង​ទទួល​បានការ​ដោះ​លែង​ក្រោម​លក្ខខណ្ឌ​រយៈពេល​២​ឆ្នាំ ។ នេះ​ជា​ការ​បញ្ជាក់​របស់​ចៅក្រម​លោក THOMAS DURKIN​។ ចៅក្រម​រូប​នេះ​ស្នើ​ម្យ៉ាងទៀត​ថា លោក DENNIS HASTERT អាយុ​៧៤​ឆ្នាំ ចូលរួម​ក្នុង​កម្មវិធី​ពិសេស​មួយ​សម្រាប់​ពួក​អ្នកទោស​ចាប់រំលោភ​រួម​ភេទ ។

មុន​ការ​ប្រកាស​សាលក្រម​កាត់ទោស​នេះ លោក HASTERT ដែល​ធ្វើ​ជា​ប្រធាន​សភា​ពី​ឆ្នាំ​១៩៩៩ ដល់​២០០៧ បាន​សារភាព​ថា បាន​រំលោភ​រួម​ភេទ​លើ​បណ្តា​ក្មេង​ប្រុស ពេល​លោក​ធ្វើ​ជា​គ្រូបង្រៀន​ក្នុង​វិទ្យាល័យ​មួយ​នៃ​រដ្ឋ​អុ​ី​លី​ណ​យ ។ លោក​និយាយ​ថា អ្វី​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ពិតជា​អាក្រក់ ហើយ​ខ្ញុំ​មានការ​សោកស្តាយ ។

បណ្តា​រដ្ឋ​អាជ្ញា​រាយការណ៍​ថា អតីត​ប្រធាន​សភា​រូប​នេះ​បាន​ចាប់រំលោភ​ក្មេង​ប្រុស​ចាប់ពី​អាយុ​១៤​ឆ្នាំទៅ​យ៉ាងតិច​៥​នាក់ ។ កាលពី​ឆ្នាំទៅ​មិ​ញ លោក HASTERT ជាប់ចោទ​ដក​ប្រាក់​មិន​ស្របច្បាប់​ពី​បណ្តា​ធនាគារ​មាន​ទឹកប្រាក់​សរុប​៣,៥​លាន​ដុល្លារ ដោយ​លោក​លាក់បាំង​ពី​ការ​បញ្ជូន​ប្រាក់​ទាំងនេះ ។ ទឹកប្រាក់​ទាំងនោះ​គឺ​សម្រាប់​ប្រើ​បំបិទមាត់​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ ដែល​លោក​ចាប់រំលោភ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ព្រមព្រៀង​គ្នា​មួយ ។

ដោយសារ​រឿង​ចាប់រំលោភ​រួម​ភេទ​នេះ​ប្រព្រឹត្ត​ចាប់តាំងពី​ជាង​៣០​ឆ្នាំ​មក​ហើយ រួច​ផុត​អាជ្ញា​យុ​កាល លោក HASTERT នៅ​ជាប់​បទចោទប្រកាន់​ពី​បទ​ដក​ប្រាក់​ខុសច្បាប់​ពី​ធនាគារ​តែ​មួយ​គត់​ប្រឆាំង​រូប​លោក ។

ក្នុង​ឋានៈ​ជា​សមាជិក​សភា​មួយ​រូប លោក DENNIS HASTERT ធ្លាប់​បាន​បោះ​ឆ្នោត​ជា​ពិសេស​ប្រឆាំង​ច្បាប់​មួយ​ដែល​អនុគ្រោះ​ការ​រួម​ភេទ​ដូច​គ្នា ៕