ចាប់ខ្លួន​ថៃ​៤​នាក់ ដែល​ប្រើ​ហិង្សា​លើ​ជនជាតិ​ស្កុ​តលែ​ន

ខេត្ត​ប្រា​ឆោ​ប​គិរី​ខាន់​, ​ប្រទេស​ថៃ​ ៖ បុរស​បួន​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​វាយប្រហារ​ដ៏​សាហាវ​លើ​ក្រុម​គ្រួសារ​វ័យ​ចំណាស់​ជនជាតិ​ស្កុ​តលែ​ន នៅ​ស្រុក​ហួ​ហ៊ី​ន ​អំឡុង​ពេល ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​នៃ​អំ​ពោះ​ហិង្សា​នេះ​តាម​ប្រព័ន្ធ​អីុន​ធើរ​ណេ​ត ។

វី​ដេ​អូ​, ដែល​ថត​ដោយ​សន្តិសុខ ត្រូវ​បាន​បង្ហោះ​នៅ​ស​ប្តា​ហ៍​នេះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​, បង្ក​ឱ្យ​មានការ​តក់ស្លុត​ និងរ​ន្ធ​ត់ ធ្វើ​ឲ្យ​អ្នក​ទស្សនា​វី​ដេ​អូ​ផ្ទុះ​កំហឹង​ចំពោះ​ទ​ង្វើ​ព្រៃផ្សៃ​របស់​ជនសង្ស័យ​ជនជាតិ​ថៃ​ទាំង​បួន​នាក់ ។ ជន​រង​គ្រោះ​រួម​មាន ​៖ អ្នកស្រី រ៉ូ​ស​ម៉ា​រី អូវែ​ន អាយុ​៦៥ ឆ្នាំ លោក ឡេ​វី​ស អូវែ​ន អាយុ​៦៨​ឆ្នាំ​, និង​កូនប្រុស​របស់​ពួក​គាត់ លោក ច​ន អូវែ​ន អាយុ​៤៣​ឆ្នាំ​។

បើ​តាម​ខ្សែ​វី​ដេ​អូ ជម្លោះ​មួយ​បាន​ផ្ទុះ​ឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដែល​បាន​ដាល់​មុខ ​និង​ទាត់​ធាក់​ជន​រង​គ្រោះ​ស្កុ​តលែ​ន​ទាំង​បី​នាក់​នេះ និង​ជាន់​លើ​ផ្ទៃ​មុខ​​របស់​ពួក​គេ នៅ​ក្នុង​ការ​វាយប្រហារ​មួយ​ដែល​មាន​រយៈពេល​ប្រហែល​ពីរ​នាទី ។

លោក ប៉ូ​កូ​ល ឆៃ​យ៉ា​ខន​ស្រី​ឡា​តេ​ជោ​, មេ​ប៉ូ​លិស​ស្រុក ហួ​ហ៊ី​ន បាន​ឲ្យ​ដឹង​ថា ជនល្មើស​ទាំង​បួន​នាក់​នេះ នឹង​ចូល​សវន​ការ​នៅ​ស​ប្ដា​ហ៍​ក្រោយ​។ បើ​តាម​លោក ឆៃ​យ៉ា​ខន បុរស​ទាំង​បួន​នាក់​នោះ​បាន​និយាយ​ថា ពួក​គេ​មានការ​សោកស្តាយ ហើយ​ថា​ ពួក​គេ​មិន​បាន​ធ្វើ​ទ​ង្វើ​នេះ​ទេ ​ប្រសិនបើ​ពួក​គេ​មិន​ស្រវឹង ។

បុរស​ជនជាតិ​ទាំង​បួន​នាក់​មានឈ្មោះ​ថា ស៊ូ​ហ្វា​ត្រា បៃ​ថុ​ង​, យី​ង​យ៉ៃ ស៊ែ​ង​កាំ​អ៊ី​ន​, ទាំង​ពីរ​នាក់​នេះ​អាយុ​៣២​ឆ្នាំ ស៊ី​វ៉ា នុ​ក​ស្រ៊ី ​អាយុ​២០​ឆ្នាំ និង​លោក ឆៃ​យ៉ា ចៃ​ប៊ូ​ន​, អាយុ​២០​ឆ្នាំ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ​ទី​២៨ ​ខែមេសា​ ឆ្នាំ​២០១៦ ៕