មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ក្រោយ​ការ​រញ្ជួយ​ដី​មួយ​នៅ​វ៉ា​នូ​ទូ

វិទ្យាស្ថាន​ភូ​គម្ព​សាស្ត្រ​អា​មេ​រិ​ក USGS រាយការណ៍​ថា ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៧​រី​ស្ទ័​រ​នៅ​ប្រទេស​ដែន​កោះ​វ៉ា​នូ​ទូ កើត​មាន​កាលពី​ថ្ងៃ​ទី​២៩ មេ​សា នាំ​ឱ្យ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។

ការ​រញ្ជួយ​ដី​នេះ​ដែល​កើត​មាន​ក្នុង​ជម្រៅ​១០​គីឡូម៉ែត្រ​ត្រូវ​បាន​មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​នៅ​ប៉ា​ស៊ី​ហ្វិ​ក NTWC វាស់​ឃើញ​មាន​កម្លាំង​ដល់​៧,៣​រី​ស្ទ័​រ ។

NTWC ព្រមាន​ថា រលក​យក្ស​ស៊ូ​ណា​មី​ដ៏​គ្រោះថ្នាក់​អាច​កើត​មាន​ក្នុង​រង្វង់​៣០០​គីឡូម៉ែត្រ ជុំវិញ​ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​នេះ​នៅ​ឆ្នេរសមុទ្រ​វ៉ា​នូ​ទូ ។

ប្រជុំ​កោះ​នេះ​ដែល​មាន​កោះ​ប្រមាណ​ជា​៨០​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​នៃ​ពិភពលោក ស្ថិត​នៅ​ចំ «​ខ្សែក្រវាត់​ភ្លើង​» នៃ​ប៉ា​ស៊ី​ហ្វិ​ក​ដែល​ញ៉ាំង​ឱ្យ​មានការ​រញ្ជួយ​ដី​ញឹកញាប់ ព្រមទាំង​មាន​សកម្មភាព​ភ្នំភ្លើង​ច្រើន​។ កាលពីដើម​ខែមេសា​នេះ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កើត​មាននៅ​ចម្ងាយ​ជាង​៤០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ព័រ​វីឡា តែ ពេល​នោះ​ពុំ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ឡើយ ៕