កូរ៉េ​ខាងជើង​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល MUSUDAN 2​គ្រាប់​ទៀត

ក្រសួង​ការពារ​ប្រទេស​អា​េ​ម​រិ​ក​អះអាង​ពី​ការ​បាញ់​មី​ស៊ី​ល​រយៈ​មធ្យម MUSUDAN ២​គ្រាប់​ទៀត​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៨ មេ​សា ដោយ​និយាយ​ថា ប្រព័ន្ធ​ទី​បញ្ជា​ការ​ដ្ឋាន​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក USSTRATCOM ចាប់​ឃើញ និង​តាមដាន​មី​ស៊ី​ល​ទាំងនេះ រួច​ទីបញ្ជាការដ្ឋាន​ការពារ​អាកាស​អា​េ​ម​រិ​ក​ខាងជើង NORAD កំណត់​ថា មី​ស៊ី​ល​ទាំងនេះ​ពុំ​ចោទ​ជា​ការ​គំរាមកំហែង​ដល់​អា​េ​ម​រិ​ក​ខាងជើង​ឡើយ ។

ក្នុង​សេចក្តី​ប្រកាស​មួយ USSTRATCOM ថ្លែង​ថា ក្រោយ​ការ​វិភាគ​បន្ថែម​មួយ USSTRATCOM វាយតម្លៃ​ថា មី​ស៊ី​ល​រយៈ​មធ្យម​ធុន MUSUDAN ទាំង​២​គ្រាប់​នោះ​ត្រូវ​បាន​បាញ់​ចេញពី WONSAN ។ យោង​តាម​ការ​សន្និដ្ឋាន​ដំបូង​ៗ​បង្ហាញ​ថា ការ​បាញ់​សាកល្បង​នេះ​ពុំ​ទទួល​បាន​ជោគជ័យ​ឡើយ ។

មី​ស៊ី​ល​ទាំង​២​គ្រាប់​ដែល​បាញ់​ចេញ​កាល ពី​ថ្ងៃ​ទី​២៨ មេ​សា ជា​ការ​បាញ់​សាក​មី​ស៊ី​ល MUSUDAN ទី​២ និង​ទី​៣ របស់​កូរ៉េ​ខាងជើង បន្ទាប់​ពី​ការ​បាញ់​សាក​លើក​ដំបូង​មួយ​ក្នុង​ខែ​នេះ​ដែរ ។

ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ទាំងនោះ​ជា​អំពើ​បង្កហេតុ​ចុង​ក្រោយ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ដែល​ធ្វើ​ដើម្បី​ផ្គើន​ដល់​ការ​គាបសង្កត់​របស់​អន្តរជាតិ​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​ប្រទេស​នេះ ព្រមទាំង​ដើម្បី​អះអាង​ពី​ភាព​ខ្លាំង​នៃ​ការ​ដឹកនាំ​របស់​លោក​គី​ម ជុង​អ៊ុ​ន ខណៈ​ជិត​ដល់​សមាជ​លើក​ទី​៧​របស់​បក្ស​ពលករ​កូរ៉េ ដែល​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៨ ឧសភា ខាង​មុខ​នេះ ។

ក្រោយ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ទាំង​២​លើក​នេះ ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​ធ្វើការ​កោះ​ប្រជុំ​បន្ទាន់​មួយ​នា​ថ្ងៃ​ទី​២៨ មេ​សា ដោយ​សម្តែង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រមទាំង​ស្នើ​ដល់​ក្រុង​ព្យុ​ង​យ៉ាង​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​បង្កហេតុ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក STEPHANE DUJARRIC អ្នកនាំពាក្យ អ​.​ស​.​ប ថ្លែង​ថា យើង​គ្រាន់តែ​ចង់​រំលឹក​ជា​ថ្មី​ថា សកម្មភាព​បែប​អស់ទាំង​នេះ​របស់​កូរ៉េ​ខាងជើង​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​ជា​ថ្មី​ម្តងទៀត​យើង​ចង់ឱ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​រាល់​សកម្មភាព​បង្កហេតុ ហើយ​ងាក​មក​គោរព​ឱ្យ​បាន​ពេញលេញ​បណ្តា​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន ។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា ក្រុង​ព្យុ​ង​យ៉ាង​បាន​បាញ់​សាកល្បង​នា​ថ្ងៃ​ទី​២៨ មេ​សា នូវ​មី​ស៊ី​ល MUSUDAN ២​គ្រាប់ តែ​ដូច​ការ​បាញ់​សាក​កាលពី​ថ្ងៃ​ទី​១៥ មេ​សា ដែរ ត្រូវ​ទទួល​បរាជ័យ​ដូច​គ្នា ព្រោះ​មី​ស៊ី​ល​បាន​ផ្ទុះ​ពេល​កំពុង​ហោះហើរ​ប៉ុន្មាន​វិនាទី ក្រោយ​ការ​បាញ់​ចេញ ៕