បង្ក្រាប​ពួក​បាតុករ «​រាត្រី​ឈរ​» នៅ​ក្រុងប៉ារីស​ចាប់ខ្លួន​27​នាក់ និង​ឃុំខ្លួន​24​នាក់

កងកម្លាំង​ប៉ូលិស​បារាំង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៩ មេ​សា បាន​បំបែក​មនុស្ស​ជា​ច្រើន​រយ​នាក់​ដែល​បដិសេធ​ពុំ​ព្រម​ចាក​ចេញពី​ទីលាន​សាធារណ​រដ្ឋ​ក្រុងប៉ារីស​បន្ទាប់​ពី​ការ​ប្រមូលផ្តុំ​មនុស្ស​ជា​ថ្មី​ក្នុង​ក្រប​ខណ្ឌ​បាតុកម្ម «​រាត្រី​ឈរ​» ដែល​អនុញ្ញាត​ត្រឹម​ពាក់កណ្តាល​យប់ ។

យោង​តាម​ប៉ូលិស​ក្រុង​ថា មនុស្ស​២៧​នាក់​ត្រូវ​ចាប់ខ្លួន ហើយ​២៤​នាក់​ត្រូវ​ឃុំខ្លួន​ដោយសារ​ការ​គប់​ដប​សាំង​ដុត​យ៉ាង​ខ្លាំង​និង​បង្កចលាចល​។ ក្នុង​សេចក្តី​ប្រកាស​មួយ ប៉ូលិស​ក្រុងប៉ារីស​និយាយ​ថា រហូត​ដល់​ម៉ោង​៣​និង​៣០​នាទី កងកម្លាំង​ប៉ុ​លិ​សរង​ការ​គប់​ដប​សាំង​ដុត ។ គេ​ពុំ​បាន​រៀបរាប់​ពី​អ្នក​របួស​ឡើយ ទាំង​ខាង​ប៉ូលិស ទាំង​ខាង​បាតុករ រួច​ពួក​អ្នក​ចាប់ខ្លួន​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ។ សេចក្តី​ប្រកាស​បន្ត​ថា នា​វេលា​ម៉ោង​២៣ បាតុករ​មួយ​ក្រុម​មាន​គ្នា​១៥០​នាក់ ដែល​ប៉ុនប៉ង​ចាក​ចេញពី​ទីលាន​សាធារណរដ្ឋ​ត្រូវ​រាំង​ខ្ទប់​តាម​ច្រក​ជា​ច្រើន ដោយ​កងកម្លាំង​ប៉ូលិស ដែល​រក​ការ​គប់​ដប​សាំង​ដុត​ជា​ច្រើន​លើក ចាំបាច់​ឱ្យ​ប៉ូលិស​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ។ ការ​បំបែកពួក​បាតុករ​ចាប់ផ្តើម​រង្វង់​ម៉ោង​១​និង​១៧​នាទី​រំលង​អធ្រាត្រ ពេល​ប៉ូលិស​រង​ការ​គប់​ដប​សាំង​ដុត​ជា​ថ្មី ។

កាលពី​ថ្ងៃ​ទី​២៨ មេ​សា មនុស្ស​ប្រមាណ​ជា​១៧០.០០០​នាក់ (​តាម​អាជ្ញាធរ​) និង​៥០០.០០០​នាក់ (​តាម​សហជីព​) បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើរ​ហែ​ក្បួន​ប្រឆាំង​នឹង​ច្បាប់​ការងារ​ដែល​បាតុកម្ម​នេះ​គេ​ហៅ​ថា បាតុកម្ម «​រាត្រី​ឈរ​» ។ បាតុកម្ម​ទាំងនេះ​លាយឡំ​ដោយ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​នៅ​ក្រុងប៉ារីស និង​នៅ​តាម​ខេត្ត ។ យោង​តាម​ក្រសួង មហាផ្ទៃ​បារាំង​ថា មានការ​ដើរ​ហែ​ក្បួន​២០៩ មាន​បាតុករ​ចូលរួម​១៥៥.០០០​នាក់ ក្នុង​នោះ​មាន​យុវជន​១៥.០០០​នាក់ ។ នា​ថ្ងៃមុន​នេះ គឺ​កាលពី​ថ្ងៃ​ទី​៩ មេ​សា មាន​មនុស្ស​លើ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំងច្បាប់​ការងារ​១២០.០០០​នាក់​នៅ​បារាំង ។ រួច​ក្នុង​បាតុកម្ម​ធំ​កាលពី​ថ្ងៃ​ទី​៣១ មីនា មាន​បាតុករ​៣៩០.០០០​នាក់ តែ​សហជីព​ថា មាន​ដល់​១,២​លាន​នាក់។

ក្នុង​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី​២៨ មេ​សា រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក BERNARD CAZENEUVE រៀបរាប់​ពី​ប៉ូលិស ឬ​តម្រួត​២៤​នាក់​រង​របួស ក្នុង​នោះ​៣​នាក់ របួសធ្ងន់ នៅ​ក្រុងប៉ារីស និង​មានការ​ចាប់ខ្លួន​មនុស្ស​១២៤​នាក់​ក្នុង​ទូ​ទាំង​ប្រទេស ៕