បៃ​ឌូ គ្រោង​ផលិត​រថយន្ត​គ្មាន​មនុស្ស​បើក​នៅ​មុន​ឆ្នាំ​២០២០

ទីក្រុង​សាន​ប្រាន​ស៊ី​ស្កូ (​ព​ត៌​មាន​អេ​អែ​ហ្វ​ភី​)៖ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បៃ​ឌូ បាន​និយាយ​ថា គេហទំព័រ​ស្រាវជ្រាវ​ដ៏​ធំ បៃ​ឌូ​របស់​ចិន នឹង​បំពាក់​បច្ចេកវិទ្យា បៃ​ឌូ នៅ​ក្នុង​រថយន្ត​គ្មាន​មនុស្ស​បើក​នៅ​ឆ្នាំ​២០១៨ មុន​ពេល​រថយន្ត​គ្មាន​មនុស្ស​បើក​នឹង​ដាក់​ដំណើរ​នៅ​ឆ្នាំ​២០២០ ខណៈ​ក្រុមហ៊ុន​នេះ បាន​កើន​ប្រាក់​ចំណូល​នៅ​ក្នុង​រយៈពេល​បី​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៦​នេះ ។

បើ​យោង​តាម​សេចក្តីថ្លែងការណ៍ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែមេសា​ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណេញ​រយៈពេល​បី​ខែ​គិត​ត្រឹម ដំណាច់​ខែមីនា​បាន​កើនឡើង​ដល់ ២.៤៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ១៥.៨២ ពាន់​លាន​យ័ន កើន​ដល់ ៣១.២ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥  ។ ប្រាក់​ចំណេញ​នេះ​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​ឧបករណ៍​ស្វែងរក​ព័ត៌មាន​របស់​បៃ​ឌូ ។

ក្រុមហ៊ុន បៃ​ឌូ បាន​រាយការណ៍​ថា បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំ​ខែមីនា​ចំនួន​៦៦៣​លាន​នាក់ ពោល​គឺ​កើនឡើង​៩%​ធៀប​ទៅ​នឹង​ខែ​ខែ​ឆ្នាំ​២០១៥ ។