សិល្បករ​ច្រើន​នាក់​ចូលរួម​បុណ្យ​គម្រប់​7​ថ្ងៃ​តារាចម្រៀង​រាជ បុរី និង​តារា​សម្តែង​ហួត សា​រ៉ាវ​ឌី

រាជធានី​ភ្នំពេញ ៖ ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​នៃ​សព​តារាចម្រៀង​រាជ បុរី និង​តារា​សម្តែង​ជើង​ចាស់​ហួត សា​រ៉ាវ​ឌី មាន​អ្នកសិល្បៈ​ជា​ច្រើន​ទៅ​ចូលរួម ។

កាលពី​រសៀល​ថ្ងៃ​ទី​២១ មេ​សា ឆ្នាំ​២០១៦​តារា​សម្តែង និង​តារាចម្រៀង​ជា​ច្រើន​នាក់ បាន​ទៅ​វត្ត​ចាក់​អង្រែ​លើ និង​វត្ត​ចាក់​អង្រែ​ក្រោម​រាជធានី​ភ្នំពេញ​ជាទី​កន្លែង​ប្រារព្ធ​បុណ្យ​ខួប​គម្រប់​៧​ថ្ងៃ​របស់​លោក​រាជ បុរី ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃ​ទី​១៦​ខែមេសា ឆ្នាំ​២០១៦ និង​អ្នក​នាង​ហួត សា​រ៉ាវ​ឌី បាត់បង់​ជីវិត​កាលពី​យប់​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០១៦ នៅ​ខេត្តព្រៃវែង ។

សមាគម​សិល្បករ​ខ្មែរ​ដឹកនាំ​ដោយ​អ្នកស្រី​ចាន់ តារា​ទី តំណាង​លោក​សុះ ម៉ាច បាន​នាំ​សិល្បករ​ទៅ​ចូលរួម​រំលែក​ទុក្ខ ព្រមទាំង​នាំ​ប្រាក់​មួយ​ចំនួន​ជូន​ដល់​ក្រុម​គ្រួសារ​សព ។

កញ្ញា​សា​រ៉ា ច័ន្ទ វ័យ​២៤​ឆ្នាំ ជា​កូនស្រី​ច្បង​របស់​អ្នកស្រី​ហួត សា​រ៉ាវ​ឌី ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា នាង​និង​សាច់ញាតិ​ទាំងអស់​មាន​ភាព​កក់ក្តៅ​គ្រា​ដែល​សិល្បករ​ជា​ច្រើន​ជ​បាន​ចូលរួម​រំលែក​ទុក្ខ​សព​ម្តាយ​នាង​គ្រប់​៧​ថ្ងៃ​។ ការ​បង្ហាញ​វត្តមាន​ជា​ច្រើន​របស់​សិល្បករ​ថ្មី​ចាស់​ជា​ការ​លើកទឹកចិត្ត​ដល់​នាង​ជា​កូន ហើយ​វិញ្ញាណ​ក្ខ​ន្ឋ​របស់​ម្តាយ​នាង​នឹង​ស្ងប់​គ្រា​ដឹង​ថា​សិល្បករ និង​អ្នក​ជិតខាង​មាន​ទឹកចិត្ត​ស្រឡាញ់រាប់អាន ។

កូនស្រី​តារា​សម្តែង​ជើង​ចាស់​ហួត សា​រ៉ាវ​ឌី បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ​ករណី​ស្លាប់​របស់​ម្តាយ​នាង ក្រុម​គ្រួសារ​នៅ​តែ​ដាក់​ការ​សង្ស័យ​លើ​រឿង​ឃាតកម្ម ។ ស្រប​ពេល​ដែល​ក្រុម​សមត្ថកិច្ច​កំពុង​តែ​ស៊ើបអង្កេត​ឡើង​វិញ នាង​មិន​ទាន់​ហ៊ាន​ថា​បែប​ណា​ទេ រង់ចាំ​មើល​លទ្ធផល​សិន ។

«​ម្តាយ​របស់​នាង​ខ្ញុំ​កាល​នៅ​រស់​គាត់​តែងតែ​ទូន្មាន​ប្រៀនប្រដៅ​ឲ្យ​នាង​ខ្ញុំ និង​ប្អូនស្រី​ចេះ​ស្រឡាញ់​គ្នា​បងប្អូន​មាន​តែ​២​នាក់ កុំ​ឈ្លោះប្រកែក​គ្នា មើលថែ​គ្នា ។ នឹកឃើញ​សម្តី​គាត់ ម្តង​ៗ​ធ្វើ​ឱ្យ​ខ្ញុំ​តក់ស្លុត​ណាស់ ។ អ្វី​ដែល​កាន់តែ​ស្រណោះ គឺ​សាច់ញាតិ​របស់​នាង​ខ្ញុំ​ស្រាប់តែ​យល់សប្តិ​ឃើញ​ម្តាយ​នាង​ខ្ញុំ​គាត់​ថា​«​លំបាក​ណាស់​គេ​មិន​ឲ្យ​នៅ​ជាមួយ ហើយ​ឃ្លាន​ម្ហូប​ខ​ពង​ទា សាច់​ជ្រូក ។  ការ​ស្លាប់​របស់​គាត់​នៅ​កន្លែង​កើតហេតុ មិនមែន​ជា​ភូមិ​គាត់ ទើប​ក្រុម​គ្រួ​សារបាន​ទៅ​សូត្រ​មន្ត​សុំ​ម្ចាស់​ទឹកដី​នៅ​កន្លែង​គ្រោះថ្នាក់​រួច​ហើយ ព្រមទាំង​បាន​ធ្វើ​មុខម្ហូប​ដែល​គាត់​ឃ្លាន​នោះ​ឧទ្ទិស​ជូន​រួចរាល់​ដែរ ។ សម្រាប់​ពេល​នេះ​នាង​ខ្ញុំ​និង​បងប្អូន​ទាំងអស់​គ្មាន​ចង់បាន​អ្វី​ត្រឹមតែ​យុត្តិធម៌​ឡើយ ហើយ​មាន​តែ​ខិតខំ​រកស៊ី​ដោយ​ខ្លួនឯង​បន្ត​ទៀត​គ្រា​អត់​ពី​ម្តាយ​ទៅ » ។

ចំពោះ​ក្រុម​គ្រួសារ សាច់ញាតិ​របស់​សព​លោក​រាជ បុរី ថ្លែងអំណរគុណ​ចំពោះ​អ្នកចូលរួម​បុណ្យ​ទាំងអស់ ព្រមទាំង​សមាគម​សិល្បករ​ខ្មែរ​ដែល​ចូលរួម​បុណ្យ​ដោយ​នាំ​ប្រាក់​ជួយ​សម្រួលការ​ដោះស្រាយ​កម្មវិធី​បុណ្យ ។

អ្នក​នាង​ចាន់ តារា​ទី ឱ្យ​ដឹង​ថា សិល្បករ​ខ្មែរ​សហការ​គ្នា​ចូលរួម​បុណ្យសព​ក្នុង​ម្នាក់​៥០​ម៉ឺន​រៀល ។ « យើង​ជា​អ្នកសិល្បៈ​ត្រូវ​ចេះ​ស្រឡាញ់​គ្នា មិន​ថា​ពេល​សប្បាយ ពេល​មានទុក្ខ​ទេ ។ ពោល​យើង​ត្រូវ​ចេះ​ជួយ​គ្នា ដើម្បី​ឲ្យ​គេ​មើល​មក​ថា អ្នកសិល្បៈ​ចេះ​ជួយ​គ្នា​មិន​មើល​រំលង​គ្នា មាន​តែ​ការ​សាមគ្គី​គ្នា​ទេ​ទើប​សម្រេច​ជោគជ័យ​បាន​» អ្នក​នាង​ចាន់ តារា​ទី និយាយ​បែប​នេះ ៕