រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ច័​ន្ទ្រ​៖ ហ៊ើយ ! បង​កែម ដូច​មិន​ដែល​ដឹងចិត្ត​ខ្ញុំ​សោះ​។ មនុស្ស​ដូច​ខ្ញុំ​នេះ​ហ្ហី ចូល​ចិត្ត​លាបម្សៅ​លាប​ក្រែ​ម​ធ្វើខ្លួន​ឆើតឆាយ​នោះ​! ខ្ញុំ​មិន​ដែល​លាបម្សៅ​ស្អី​ផង ។ ទិញ​ម្សៅ​ផ្ញើរ​ខ្ញុំ​នោះ​ស្រេច​បាត់​ទៅ​ហើយ ។

នឿ​ន​ហុច​ថង់​របស់​គេ​ឲ្យ​ច័​ន្ទ្រ
នឿ​ន​៖ បងឯ​នែ​ស​ទើប​ដឹងចិត្ត​ច័​ន្ទ្រ​ជាងគេ​! របស់​ដែល​បង​ផ្ញើរ​ធានា​ថា​មិន​ខុសចិត្ត​ច័​ន្ទ្រ​ទេ​! នែ​ស​អូន​ច័​ន្ទ្រ​បើក​មើលទៅ ។

ច័​ន្ទ្រ​ទទួលយក​ថង់​របស់​នឿ​ន​មក​បើក​មើល​រួច លូក​យក​របស់​ចេញ​មក ឃើញ​ដ​ង្គៀ​ប​គាប​សក់​មួយ​យ៉ាង​ស្អាត​។ ច័​ន្ទ្រ​បើកភ្នែក​ក្រឡង់
ច័​ន្ទ្រ​៖ របស់​បង​នឿ​ន​គ្រាន់បើ​បន្តិច ព្រោះថា​សក់​ខ្ញុំ​វា​រញ៉េរញ៉ៃ​ណាស់​! ខ្ញុំ​អាច​នឹង​ប្រើ​វា​ម្តង​កាល​ពេល​ចាំបាច់ ។ អរគុណ​ហើយ​បង​នឿ​ន !

កែម​ធ្វើ​មុខជូរ​អេះ​ក្បាល
វ៉ា​ន់​ច​កូនប្រអប់​របស់​គេ​ឲ្យ​ច័​ន្ទ្រ
វ៉ា​ន់​៖ នេះ​ជា​របស់ខ្ញុំ​! របស់​នេះ​តូច​ទេ​តែ​វា​មាន​តម្លៃ ។ វា​តំណាង​ឲ្យ​ពាក្យសុំ​ទោស​ដោយ​ស្មោះ​របស់ខ្ញុំ​។

ច័​ន្ទ្រ​ឆក់​យក​កូនប្រអប់​ពី​ដៃ​វ៉ា​ន់​ធ្វើ​មុខ​របៀប​ក្រ​អើត​ដាក់​វ៉ា​ន់
ច័​ន្ទ្រ​៖ ណ្ហើយចុះ ! យល់​ថា​ជា​អ្នក​ភូមិ​ស្រុក​ជាមួយ​គ្នា​។ ខ្ញុំ​ព្រម​ទទួល​ពាក្យសុំ​ទោស​នេះ​ចុះ​!

ច័​ន្ទ្រ​ចាប់​បើក​ប្រអប់​ឡើង​ឃើញ​កន្លាត​មួយ​រត់​ចេញ​មក ។ ច័​ន្ទ្រ​ស្រែក​យ៉ៃ​បោះ​ប្រអប់​ចោល ច័​ន្ទ្រ​ស្ទុះ​ទៅ​តោងក​អាវ​វ៉ា​ន់​ជាប់​ស្រែក​ផង លោតតន្ត្រំ​ផង​របៀប​ភ័យ​ខ្លាច ជើង​ច័​ន្ទ្រ​តន្ត្រំ​លើ​ជើង​វ៉ា​ន់ ។ ដៃ​ចាប់​ក្របួច​ក​អាវ​វ៉ា​ន់​ជាប់ ទាញ​ត្រឡប់ត្រឡិន​ដួល​ទាំងអស់​គ្នា​ទៅ​លើ​ដី ច័​ន្ទ្រ​សង្កត់ពីលើ​វ៉ា​ន់​ជាប់ វ៉ា​ន់​ធ្វើ​មាត់​ស្ញេញ​ខំប្រឹង​រើ​តែ​រើ​មិន​រួច ។ ច័​ន្ទ្រ​គក់​ផង តប់​ផង អុក​ផង ស្រែក​ផង​។ នឿ​ន និង​កែម​រត់​ឆ្លេឆ្លា​ចុះឡើង​ៗ ខ្លាច​កន្លាត​ដូច​គ្នា​រត់​ពេញ​ក្នុង​តូប​កាហ្វេ រលំ​កៅអី​អស់ ។

នៅ​បន្ទប់​សា​ម៉​ន សា​ម៉​ន​កំពុង​ទាញ​អាវ​រងា​មក​ពាក់​ពី​ក្រៅ ផៃ​កំពុង​រៀបចំ​បត់​ខោអាវ​ដាក់​ចូល​ក្នុង​កាបូប​ខោអាវ​តូច​ល្មម​មួយ ។ សា​ម៉​ន​អើត​មើល​ផៃ​រៀបចំ​ខោអាវ
សា​ម៉​ន ៖ ដាក់​ខោអាវ​ឲ្យ​ខ្ញុំ​តែ​មួយ​សម្រាប់​បាន​ហើយ​ម៉ែ​វា ! ខ្ញុំ​ទៅ​ដេក​តែ​មួយ​យប់​ទេ ចាំបាច់​ដាក់​ច្រើន​ធ្វើ​អី នាំ​តែ​ធ្ងន់ ។
ផៃ​៖ មាន​ច្រើន​ឯណា ! ខ្ញុំ​ដាក់​ខោអាវ​ផ្លាស់​ប្តូរ​តែ​មួយ​សម្រាប់​ទេ ។ តែ​ត្រូវ​មាន​កន្សែង​ជូត​ខ្លួន កន្សែង​ជូត​មុខ នៅ​មាន​ខោអាវ​ដេក​យប់​។ ពុក​វា​ឯង​គិត​ចង់​ពាក់​ខោអាវ​ដើរ​នេះ​សម្រាប់​ដេក​យប់​ហ្ហី​! គេ​អ្នក​រៀបចំ​គេ​ដឹង​ហើយ​ថា ត្រូវ​រៀបចំ​ស្អី​ខ្លះ​នោះ ! ពុក​វា​ឯង​យក​អា​ម៉ា​ប់​ទៅ​ជាមួយ​ទៅ គ្រាន់​បានជា​គ្នា ។ ចាស់​ហើយ​ដើរ​ដេក​ផ្លូវ​ម្នាក់ឯង​មិនមែន​ស្រួល​ទេ ។
សា​ម៉​ន​៖ បើ​ទៅ​ជាមួយ​អា​ម៉ា​ប់​ត្រូវ​ជិះឡាន​ដឹក​ជី​ទៅ​ទៀត​ហើយ ! ខ្ញុំ​មិន​ចង់​យក​ឡាន​ខ្លួនឯង​ទៅ​សោះ វា​អស់​សាំង​ច្រើន​ជាង​ជិះឡាន​ឈ្នួល​ទៅ​ទៀត ។
ផៃ​៖ យ៉ាងណា​ក៏​ស្រួល​ជាង​ដែល​ពុក​វា​ឯង​ធ្វើ​ដំណើរ​ម្នាក់ឯង​ដែរ ! កុំ​រិះ​ខ្លាំង​ពេក កន្លែង​ណា​ដែល​ចៀស​មិន​បាន​ក៏​ចំណាយ​ខ្លះទៅ ពុក​វា​អើយ​! កុំ​ក្តោប​លុយ​ខ្លាំង​ពេក នាំ​ឲ្យ​ពិបាក​ខ្លួន​នោះ​!
សា​ម៉​ន​៖ អឺ​ៗ ! អ​ញ្ចឹ​ង​ខ្ញុំ​ទៅ​ជាមួយ​អា​ម៉ា​ប់​ក៏​បាន​ដែរ ។

ដូរ​ទីតាំង ៖
ក្នុង​បន្ទប់ទទួលភ្ញៀវ ផៃ និង​សា​ម៉​ន​ដើរ​ចេញពី​ក្នុង​បន្ទប់​មក​ដល់​បន្ទប់ទទួលភ្ញៀវ ផៃ​យួរ​ខោអាវ​របស់​សា​ម៉​ន ងាក​អើត​រក​មើល
ផៃ​៖ អា​ម៉ា​ប់ ! អើយ​អា​ម៉ា​ប់ !

ម៉ា​ប់​រត់ឡើង​ជណ្តើរ​ពី​ខាងក្រោម​មក លឿន​ពេក​ទាក់​ជើង​រអិល​ធ្លាក់​ចុះ​អុកគូទ ថ្ងូរ​អង្អែល​ត្រគាក ។ ផៃ​ស្ទុះ​ចេញ​មក​អើត​មើល​គ្រវីក្បាល​ធ្វើ​មុខ​ហួសចិត្ត
ផៃ​៖ ឯង​នេះ​ចំ​ជា​សស្លក់សស្លើត​មែន​វើ​យ ! ធ្វើ​ស្អី​បើ​មិន​បាន​បាក់​មិន​បាន​បែក​ទេ ឯង​នៅ​មិន​សុខ​ទេ​មើលទៅ ។

ម៉ា​ប់​ខំប្រឹង​ទប់ខ្លួន​តោង​បង្កាន់ដៃ​ជណ្តើរ​ងើបឡើង​ធ្វើ​មុខជូរ អង្អែល​ត្រគាក​បណ្តើរ
ម៉ា​ប់​៖ បាក់បែក​ចង្កេះ​ខ្ញុំ​សោះ​មាន​តែ​បាក់បែក​របស់ទ្រព្យ​អ៊ុំ​ឯណា ! ចេះ​តែ​បន្ទោស​បាន​រហូត​តែ​ម្តង​អ៊ុំ​ស្រី !
សា​ម៉​ន​៖ យី​អានេះ​វើ​យ ! មួយ​ម៉ាត់​ត្រង​មិន​ជ្រុះ​ដល់​ដី​តែ​ម្តង​ហើយ​ន៎ ! ឆាប់​ទៅ​ផ្លាស់​ខោអាវ​មក​យក​ឡាន​ជូន​អញ​ទៅ​ភ្នំពេញ​ពីរ​ថ្ងៃ​។ អញ​ចង់ទៅ​ទាក់ទង​គេ​បញ្ចេញ​ស្រូវ​យើង​ម្តង​ក្រែង​បាន​ថ្លៃ​ជាង​លក់​នៅ​រោង​ម៉ាស៊ីន​ក្នុងភូមិ ។

ម៉ា​ប់​ធ្វើ​មុខរីក​រាយ ស្ទុះ​ឡើងជណ្តើរ​ដូច​គ្មាន​ឈឺ​អ្វី
ម៉ា​ប់​៖ អ៊ូ​! ទៅ​ភ្នំពេញ​ហ្ហី​អ៊ុំ ? អស្ចារ្យ ! អាហ្នឹង​ខ្ញុំ​ចូល​ចិត្ត​ណាស់​អ៊ុំ ! ទៅ​ឃើញ​ភ្លើងពណ៌​គេ​ម្តង​ឲ្យ​វា​រីកថ្លើម​រីក​ប្រមាត់​ខ្លះ ឃើញ​តែ​វាលស្រែ​រាល់​តែ​ថ្ងៃ​ឡើង​សាំ​ភ្នែក​អស់​ទៅ​ហើយ​!
ផៃ​៖ អឺ​! អា​ម៉ា​ប់ ។ ម្លិះ និង​កែវ​ទៅ​ណា​អស់ហើយ ដូច​ជា​ស្ងាត់​មាត់ ?

ម៉ា​ប់​រត់​ចូល​ក្នុងផ្ទះ​ស្រែក​បណ្តើរ
អា​ម៉ា​ប់​៖ អូន​ម្លិះ អូន​កែវ​នៅ​កន្លែង​លក់​ជី​អស់ហើយ !
ផៃ​៖ អ​ញ្ចឹ​ង ! អញ​មិន​នៅផ្ទះ​តែឯង​ហើយ​អ​ញ្ចឹ​ង !

នៅផ្ទះ​ឆៃ​ទី​ធ្លាមុខផ្ទះ នៅ​តុ​ក្រោម​ដើមឈើ ឆៃ​កំពុង​តែ​លេង​ជល់​ត្រី​ក្រឹម​ជាមួយ​ត្រុយ ទ្រើ​ក​ឈរ​ទះដៃ​ជួយ​ស្រែក
ទ្រើ​ក​៖ ហ៎​! គេច​ៗ! អា​មាស​គេច​! ហ៎​! វាត់​កន្ទុយ​សង​វិញ​ទៅ​ខ្លាច​អី​វើ​យ​! ផា​ច់​ៗ !

ឆៃ​យា​ជើង​ធាក់​ទ្រើ​ក

(​នៅ​មាន​ត​)