សារាយ ស​ក្ខ​ណា ត្រលប់​ទៅ​អា​មេ​រិ​ក នឹក​ស្តាយ​ការ​សម្តែង

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​សារ៉ា​យ ស​ក្ខ​ណា បាន​ចំណាយពេល​ជិត​ពីរ​ខែ​មក​លេង​ស្រុក​កំណើត ជាមួយ​ស្វាមី និង​កូនស្រី ។ ជិត​ដល់​ថ្ងៃ​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ អ្នក​នាង​សារ៉ាយ ស​ក្ខ​ណា សោកស្តាយ​ដែល​មិន​មាន​ពេល​គ្រប់គ្រាន់​ចូលរួម​សម្តែង​ភាពយន្ត​ឱ្យ​បាន​ច្រើន​រឿង ។

រយៈពេល​ជិត​ពីរ​ខែ​ដែល​អតីត​តារា​សម្តែង​អ្នក​នាង​សារ៉ា​យ ស​ក្ខ​ណា មក​លេង​ស្រុក​កំណើត​ដោយ​នាង​បាន​ជួបជុំ​សាច់ញាតិ និង​ដើរ​លេង​កម្សាន្ត​រីករាយ​នៅ​ច្រើន​កន្លែង ។ អំឡុង​ពេល​កម្សាន្ត​នេះ សារ៉ាយ ស​ក្ខិ​ណា នាំ​កូនស្រី​ដំបូង​មក​បង្ហាញ​ម្តាយ និង​ឆ្លៀត​ធ្វើ​ពិធី​ខួបកំណើត​គម្រប់​មួយ​ឆ្នាំ​ឱ្យ​កូនស្រី​នេះ​ទៀត​ផង ។

តាម​ការ​ឱ្យ​ដឹង​ថា គោលដៅ​ដែល​សារ៉ាយស​ក្ខ​ណា​មក​មាតុភូមិ​មួយ​រយៈ​នេះ ព្រោះតែ​មាន​ផែនការ​ថត​ភាពយន្ត​តាម​សំណូមពរ​របស់​ទស្សនិកជន និង​បណ្តា​ផលិតកម្ម​នានា ។ ទោះ​ជាយ៉ាង​ណា​ក្តី ដោយពេល​វេលា​មិនសូវ​អំណោយផល សារ៉ា​យ ស​ក្ខ​ណា បាន​ឆ្លៀតពេល​ថត​ភាពយន្ត​បាន​តែ​១​រឿង​ប៉ុណ្ណោះ មិន​បាន​ដូច​ចិត្ត​របស់​នាង​ដែល​ចង់​សម្តែង​ឱ្យ​បាន​ពីរ​ទៅ​បី​រឿង​ទេ ។

ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព កាលពី​ពេល​ថ្មី​ៗ​កន្លង​មក អ្នក​នាង​សារ៉ា​យ ស​ក្ខ​ណា និយាយ​ទាំង​ទឹកមុខ​រីករាយ​ថា នាង​ត្រលប់​ទៅ​អា​មេ​រិ​ក​វិញ​នៅ​ថ្ងៃ​ទី​២៩ មេ​សា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ចំណាយពេល​ជិត​ពីរ​ខែ​មក​លេង​ស្រុក និង​បងប្អូន​ឪពុក​ម្តាយ​។ ដំណើរ​មក​លេង​ស្រុក​លើក​នេះ ប្លែក​ជាង​ពី​មុន​ព្រោះ​មក​កម្សាន្ត​ទាំង​ស្វាមី ម្តាយ​​ឪពុកក្មេក និង​កូនស្រី ។

នៅ​អា​មេ​រិ​កស​ក្ខ​ណា​ថា នាង​រវល់​ការងារ​មើល​កូន និង​រៀន​ភាសា​អង់គ្លេស ព្រោះ​នាង​នៅ​ស្ទើរ​ផ្នែក​ភាសា ។

មក​ស្រុក​លើក​នេះ សារាយ ល​ក្ខិ​ណា ទទួល​ថត​ភាពយន្ត​បាន​មួយ​រឿង គឺ​រឿង «​សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ​» របស់​ផលិតកម្ម​រ៉េ​ត​ភី​ក​ឆើ​។ តាម​ចិត្ត គឺ​ស​ក្ខ​ណា​ចង់​ថត​ឱ្យ​បាន​ពីរ​បី​រឿង តែ​ធ្វើ​មិន​បាន​មក​ពី​យក​ពេល​ច្រើន​នាំ​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត ។

សារ៉ា​យ ស​ក្ខ​ណា និយាយ​ថា «​នាង​ខ្ញុំ​ស្តាយ​ដែរ ព្រោះ​មាន​ផលិតកម្ម​ជា​ច្រើន​បាន​ទាក់ទង​ហៅ​ថត​សម្តែង តែ​សំខាន់​អត់​ពេល ។ ឱកាស​លើក​ក្រោយ​នាង​ខ្ញុំ​នឹង​យក​ពេល​ថត​ឱ្យ​ច្រើន ប្រសិនបើ​គេ​នៅ​តែ​ត្រូវការ នៅ​តែ​ចង់ឱ្យ​ថត ហើយនឹង​ខំ​បែងចែក​ពេលវេលា​ឱ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​បាន ។ ពេល​នេះ​នាង​ខ្ញុំ​កំពុង​តែ​សម្រុក​ថត​ឱ្យ​រ៉េ​ត​ភី​ក​ឆើ​ឱ្យ​ចប់​មុន​នឹង​ឡើង​ទៅ​អា​មេ​រិ​ក​វិញ ។ ម្យ៉ា​ង​ទៀត​នាង​ខ្ញុំ​រំភើបចិត្ត ព្រោះតែ​សិល្បៈ​ឥឡូវ ការ​ថត​វិញ តារា​យើង​បាន​ទទួល​កម្រៃ​សម្តែង​ច្រើន​ជាង​មុន ហើយ​ផលិតកម្ម​កើត​ជាង​មុន ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ​សម្តែង​របស់​តួ នីមួយ​ៗ​ក៏​ឡើង​តាម​នោះ​ដែរ​» ។

បច្ចុប្បន្ន សារ៉ា​យ ស​ក្ខ​ណា ទទួល​បាន​ប័ណ្ណ​មួយ​សម្រាប់​ចេញចូល​អា​មេ​រិ​ក តែ​មិន​ទាន់​បាន​សញ្ជាតិ​អា​មេ​រិ​ក​ទេ ទាល់តែ​បី​ទៅ​បួន​ឆ្នាំ​ទៀត ៕