នាយ​គ្រៀវ​ទ្រហោយំ​ដ្បិត​គ្រា​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់អ្នក​កំប្លែង​ដែល​ខ្លួន​ធ្លាប់​បណ្តុះបណ្តាល​មិន​ទៅ​សួរសុខទុក្ខ

រាជធានី​ភ្នំពេញ ៖ នាយ​គ្រៀវ​ដែល​ជា​អ្នក​កំប្លែង​ជើង​ចាស់​បាន​ធ្លាក់ខ្លួន​មាន​ជំងឺលើសឈាម​ធ្ងន់​រហូត​ស្លាប់​មួយ​ចំហៀង​ខ្លួន​តាំងពី​ចុងឆ្នាំ​២០១៥​មក ។ អ្នក​កំប្លែង​រូប​នេះ​ទ្រហោយំ​សួរ​រក​អ្នក​កំប្លែង​ជា​ច្រើន​ដួង​ដែល​ខ្លួន​ធ្លាប់​បង្ហាត់​ដោយ​ផ្ទាល់ ខណៈ​អ្នក​ទាំងនោះ​កំពុង​ល្បីឈ្មោះ​និង​កាក់កប​នឹង​អាជីព ។

នា​រសៀល​ថ្ងៃ​ទី​២២ មេ​សា ឆ្នាំ​២០១៦ សមាគម​សិល្បករ​ខ្មែរ​ដែល​មាន​វត្ត​មានព្រះអង្គ​នី សុវណ្ណ​មុនី​រ៉េ​ត នាយ​ឃ្លោក អ្នកស្រី​ថុ​ង ស៊ីវ​ទៀង លោក​អឹុម ជីវ៉ា បាន​ទៅ​សួរ​សុខទុក្ខ​នាយ​គ្រៀវ ។ ដៃ​ម្ខាង​របស់​នាយ​គ្រៀវ​អាច​នឹង​ពិការ​ព្រោះតែ​ជំងឺលើសឈាម​ធ្វើទុក្ខ​ទាញ​ដៃជើង​ខ្លាំង ។

ក្នុង​សម្តី​មិន​ច្បាស់ ឮ​គ្រល​ៗ​ជាមួយ​តំណក់ទឹកភ្នែក​ហូរ​មក​របស់​នាយ​គ្រៀវ​បាន​ធ្វើ​ឲ្យ​មិត្ត​សិល្បករ និង​ព្រះសង្ឃ​អាណិតអាសូរ​ចំពោះ​រូប​នាយ ។ នាយ​គ្រៀវ​និយាយ​រៀបរាប់​ថា នាយ​ធ្លាក់ខ្លួន​មាន​ជំងឺលើសឈាម​តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០១៥​មក​ម្ល៉េះ ។ ជំងឺ​កើតឡើង​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ តែ​នៅ​មិន​ទាន់​ធូរស្បើយ​ទេ ។ នាយ​គ្រៀវ​ចំណាយ​ប្រាក់​មើលជំងឺ​លើសឈាម​អស់​ជាង​មួយ​ម៉ឺន​ដុល្លារ ដោយ​ចូល​ព្យាបាល​ពី​ពេទ្យ​មួយ​ទៅ​ពេទ្យ​មួយ​នៅ​តែ​មិន​ស្បើយ ។

នាយ​គ្រៀវ​ធ្លាក់ខ្លួន​ឈឺ​គ្រា​ត្រឡប់​មក​ពី​រត់​ម៉ូតូឌុប​វិញ ចូល​ដល់​ក្នុងផ្ទះ​ស្រាប់តែ​ងងឹតមុខ​ដេក​ដួល​។ រហូត​មក​ទល់​ពេល​នេះ​នាយ​គ្រៀវ​អាច​ដើរ​បាន​តិចតួច ខណៈ​ដៃ​ម្ខាង​មិន​អាច​កម្រើក​បាន​ទេ ។ កន្លង​មក​នាយ​គ្រៀវ​បាន​កាកបាទក្រហម​ផ្តល់​ប្រាក់ និង​សម្ភារ​ខ្លះ​ជួយ​សម្រួលការ​ព្យាបាល​ជំងឺ ។ លើស​ពី​នេះ​ធ្លាប់​បាន​លោក​សុះ ម៉ាច ទៅ​ជួប​ដល់​ផ្ទះ​ម្តង និង​ចុង​ក្រោយ​នេះ​បាន​សមាគម​សិល្បករ​ខ្មែរ​មាន​នាយ​ឃ្លោក ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត ម្ចាស់​ផលិតកម្ម​ចក្កវាឡ​ពេជ្រ អ្នកស្រី​ថុ​ង ស៊ីវ​ទៀង លោក​អឹុ​ម ជីវ៉ា ទៅ​ជួប​ផ្ទាល់​នាំ​ប្រាក់ និង​សម្ភារ​ជួយ​ឧបត្ថម្ភ​។ ក្រៅពី​នេះ​គ្មាន​អ្នកសិល្បៈ​ណា​ទៅ​សួរសុខទុក្ខ​ឡើយ​ហាក់​ធ្វើ​ឲ្យ​នាយ​គ្រៀវមាន​អារម្មណ៍​ឯកា​គ្មាន​អ្នក​អើពើ ។

ត្រង់​ចំណុច​នេះ​នាយ​គ្រៀវ និយាយ ចំ​ៗ​ទាំង​ទ្រហោយំ​ថា «​គ្រា​ដែល​ខ្ញុំ​ឈឺ​ធ្លាប់​ខ​ល​ប្រាប់​អ្នក​កំប្លែង​ជើង​ថ្មី ទើប​ឡើង​កូដ​ល្បីឈ្មោះ​មួយ​ចំនួន​មាន​នាយ​ហុងដា នាយ​តាក់ស៊ី នាយ​ស្លេក នាង​អីុត នាយ​ក្រួច​សុទ្ធតែ​ជា​កូនសិស្ស​របស់ខ្ញុំ​តាំងពី​មុន​ប្រឡង​នៅ​ស៊ី​ធី​អិន ។ ក្នុង​ចំណោម​តារា​ទាំងនោះ​មាន​នាយ​ហុងដា​ធ្លាប់​ផ្សាយដំណឹង​ខ្ញុំ​ឈឺ​នៅ​ប៉ុស្តិ៍​បាយ័ន ម្តង​ដែរ ។ បើ​និយាយ​ពី​អ្នក​ផ្សេង​វិញ​ដឹង​ដែរ តែ​ដូច​ជា​មិន​រវល់ ពោល​អត់​មក​មើល​ខ្ញុំ​ឡើយ មិនដឹង​គាត់​រវល់​ខ្លាំង ឬ​យ៉ាងណា​ទេ ។ តារា​កំប្លែង​ទាំងនោះ​ខ្ញុំ​ធ្លាប់​បង្ហាត់​ដែរ ហើយ​ខ្លះ​បាន​ចេញ​ថត​កំប្លែង​នៅ​ស្ថានីយ​ប៉ុស្តិ៍​លេខ​៣​ដែរ ។ ប្រសិនបើ​កូនសិស្ស​ទាំងអស់​នោះ​មក​ជួប ខ្ញុំ​ហាក់​សប្បាយចិត្ត ព្រោះ​យ៉ាងណា​គេ​មិន​ចោល​យើង​ទេ គ្រា​អាជីព​របស់​ពួក​គាត់​មានបាន ប៉ុន្តែ​ស្ងាត់ឈឹង​តែ​ម្តង​ទាំង​ដឹង​ថា​ខ្ញុំ​ធ្លាប់​ខ​ល​ប្រាប់​ទៅ​ហើយ​នោះ » ។

នាយ​ឃ្លោក​ដែល​ធ្លាប់​ចូលរួម​សម្តែង​ជាមួយ​នាយ​គ្រៀវ​ដែរ​នោះ​បាន​អំពាវនាវ​ដល់​សប្បុរសជន​ទូទៅ ពិសេស​អ្នក​សិល្បករ​ថ្មី​ចាស់​ទាំងអស់​គួរតែ​ជួយ​ឧបត្ថម្ភ​ដល់​នាយ​គ្រៀវ​ផង ។ នាយ​ឃ្លោក​និយាយ​ថា «​ការ​ជួយ​គ្នា​នេះ គឺជា​ការ​សាង​កុសល​ល្អ និង​ធ្វើ​ឱ្យ​អ្នក​ដទៃ​មើលឃើញ​ថា​ខ្មែរ​ចេះ​ស្រឡាញ់​គ្នា បើជា​អ្នកសិល្បៈ​វិញ​គេ​ថា​អ្នកសិល្បៈ​ក៏​ចេះ​ស្រឡាញ់​អ្នកសិល្បៈ​ដូច​គ្នា​មិន​ថា ក្នុង​កាលៈទេសៈ​ណា​ឡើយ ។ ដូចនេះ​បងប្អូន​អាច​ផ្តល់​ជំនួយ​តាម​រយៈ​សមាគម​សិល្បៈ​ក៏​បាន ឬ​លេខ​ទូរស័ព្ទ​របស់ខ្ញុំ​ផ្ទាល់​ក៏​បាន ព្រោះ​មើល​សភាព​ពិត​របស់​នាយ​គ្រៀវ​គាត់​លំបាក ហើយ​រំភើបចិត្ត​ពេល​ឃើញ​គេ​ចុះ​មក​ជួយ​ទាំង​ទ្រហោយំ​នៅ​លើ​កៅអី​សម្រាក​ព្យាបាល​ពិតជា​សង្វេគ​ណាស់​» ។

នាយ​គ្រៀវ​ប្រឡូក​អាជីព​សិល្បៈ​តាំងពី​អំឡុង​ឆ្នាំ​១៩៨៧ ដោយ​ចាប់​ដៃគូ​សម្តែង​ជាមួយ​ក្រុម​នាយ​ជី​វ៉ាន់ស៊ុយ ។ ក្រៅពី​អាជីព​សម្តែង​សិល្បៈ នាយ​គ្រៀវ​ធ្លាប់​គ្រប់គ្រង​ក្រុម​តន្ត្រីសម័យ ហើយ​ទំនេរ​ពី​ការងារ​ក៏​ឆ្លៀត​រត់​ម៉ូតូឌុប ។

សព្វថ្ងៃ​នាយ​គ្រៀវ រស់នៅ​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជំនួយ​ដែល​សមាគម​សិល្បករ​ខ្មែរ​ផ្តល់​ជូន​នាយ​គ្រៀវ​បាន​ពី​លោក​ជំទាវ​សៀង ចាន់​ហេង​ផ្តល់​ជូន​តាម​រយៈ​ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត ចំនួន​២០​ម៉ឺន​រៀល ជាមួយ​សម្លៀក​បំពាក់​មួយ​ចំនួន នាយ​ឃ្លោក​ឧបត្ថម្ភ​២០​ម៉ឺន​រៀល លោក​សន វិ​ជ្ជ​បុត្រ​ចំនួន​២០​ម៉ឺន​រៀល អ្នកស្រី​ថុ​ង ស៊ីវ​ទៀង​២០​ម៉ឺន​រៀល និង​លោក​អឹុ​ម ជីវ៉ា​១០​ម៉ឺន​រៀល​៕