ប្រវត្តិ​កវី «យស ងិ​ន​» អ្នកនិពន្ធ​រឿង «ចៅ​ស្រទបចេក»

កវី ​យស ងិ​ន ជា​អ្នកនិពន្ធ​រឿង «​ទេវ​វង្ស​កុមារ​» គេ​ស្គាល់​ថា រឿង​«​ចៅ​ស្រទបចេក​» ដែល​ជា​រឿង​កម្សត់​ក្រៃ​លែង ដែល​បាន​ស្ថិត​នៅ​ជា​ការ​ចង​ចាំ​របស់​ខ្មែរ​រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​លោក​បាន​និពន្ធ​រឿង​នេះ​នៅ​គ្រឹ​ស្គ​សករាជ​១៨៨៩ ។

យោង​តាម​សៀវភៅ «​មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ​» ឱ្យ​ដឹង​ថា កវី​យស ងិ​ន បាន​រចនា​រឿង «​ទេវ​វង្ស​កុមារ​» ឬ​«​ចៅ​ស្រទបចេក​» នៅ​ពុទ្ធសករាជ​២៤៣១ ត្រូវ​នឹង​គ្រឹ​ស្គ​សករាជ​១៨៨៩ ហើយ​រឿង​នេះ​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ផ្នត់គំនិត​ខ្មែរ​នៅឡើយ ។ សព្វ​ថ្ងៃនេះ​ប្រសិនបើ​គេ​ឃើញ​បុគ្គល​ណា​ម្នាក់​ក្រីក្រ កម្សត់ ទុរគត​នោះ គេ​តែង​ហៅ​បុគ្គល​នោះ​ថា «​អា​ស្រទបចេក​» គឺ​គេ​ប្រដូច​បុគ្គល​នោះ​ទៅ​នឹង​ចៅ​ស្រទបចេក ក្នុង​រឿង​«​ទេវ​វង្ស​កុមារ​» ជា​តួអង្គ​ក្នុង​រឿង​នោះ​ដែល​កម្សត់ រហូត​រក​សម្លៀក​បំពាក់​ស្លៀកពាក់​មិន​បាន ក៏​យក​ស្រទបចេក​មក​រុំ​រាង​កាយ​ធ្វើ​ជា​សម្លៀក​បំពាក់ ។ ទោះ​យ៉ាងនេះ​ក្តី មនុស្ស​មួយ​ចំនួន​ធំ​ពុំ​ស្គាល់​រឿង​«​ទេវ​វង្ស​កុមារ​»​ទេ ប៉ុន្តែ​គេ​ស្គាល់​ច្បាស់​ថា រឿង​«​ចៅ​ស្រទប​ចេក​» ។ យើង​ពុំ​អាច​រកបាន​ឯកសារ​បញ្ជាក់​ពី​ជីវប្រវត្តិ​នៃ​អ្នកនិពន្ធ​ខ្មែរ​ម្នាក់​នេះ​បាន​ឡើយ អ្វី​ដែល​ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​បានដឹង​ពី​ជីវប្រវត្តិ​របស់​លោក​ខ្លះ​ៗ តែ​តាម​រយៈ​រឿង «​ចៅ​ស្រទបចេក​» ឬទេ​វ​វង្ស​កុមារ​ប៉ុណ្ណោះ ។

តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ផ្តើម​នៃ​រឿង​«​ចៅ​ស្រទបចេក​» ដឹង​ថា អ្នកនិពន្ធ​ឈ្មោះ​ងិ​ន បិតា​ឈ្មោះ​យស មាន​ងារ​ជា​ឧកញ៉ា​ភក្តី​ភាសា សក្តិ​បី​ហ៊ូពាន់ ជា​គោរមងារ ឬ​ជា​អាជ្ញា​ហ្លួង ដែល​ព្រះរាជា​បំពាក់​ឱ្យ​សម្រាប់​មន្ត្រីរាជការ​ណា​ម្នាក់​បំពេញ​មុខងារ ជា​អ្នក​សម្រុះសម្រួល​អ្នកស្រុក​ខាង​ការ​ចែក​មរតក ដ្បិត​សម័យ​នោះ​ពុំ​ទាន់​មាន​អង្គ​តុលាការ​សម្រាប់​កាន់កាប់​ច្បាប់​គ្រប់គ្រាន់​ឡើយ ឯ​មាតា​ឈ្មោះ​ម៉ី ។ សេចក្តី​ផ្តើម​នៃ​រឿង ទេវ​វង្ស​កុមារ ឬ​ចៅ​ស្រទបចេក​នេះ អ្នកនិពន្ធ​ពុំ​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​កំណើត​របស់​ខ្លួន​ឡើយ ប៉ុន្តែ​បាន​អះអាង​ថា លោក​កើត​នៅ​ភូមិ​កំ​ព្រៅ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង សព្វ​ថ្ងៃនេះ ។

កាលពី​កុមារ កវី ​យស ងិ​ន បាន​បួស​រៀន​នៅ​វត្ត​កោះ​ឫស្សីស្រុក ដែល​សព្វថ្ងៃ​នៅ​ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ លុះ​លាចាក​សិក្ខាបទ​មក ឪពុក​របស់​លោក​បាន​នាំ​លោក​​ទៅ​ថ្វាយ​ព្រះករុណា​នរោត្តម (​ព្រះ​នាម​ដើម​ព្រះ​អង្គ​ច្រឡឹង​) ដើម្បី​ធ្វើ​ជា​មហាត​លឹ​ក ។ ពេល​នោះ​ដោយ​ទ្រង់​យល់​ឃើញ​ថា លោក​យស ងិ​ន មានចំណេះ​ខាង​ឆ្លាក់​ក្បាច់ ចេះ​ការ​ជាងទង ក៏​ប្រទាន​ជា​ជាង​រចនា នៅ​ក្រោម​ឱវាទ​ព្រះ​កា​ញ្ជ​នា ជា​មេជាង​ធំ​ក្នុង​ព្រះ​បរមរាជវាំង ។

តាម​សេចក្តី​ផ្តើម​ក្នុង​រឿង ​«​ចៅ​ស្រទបចេក​» ​បានដឹង​ទៀត​ថា រឿង​នេះ​និពន្ធ​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​ផល្គុន ហេមន្តរដូវ ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ ២៤៣១ ត្រូវ​នឹង​គ្រឹ​ស្ត​សករាជ​១៨៨៩​។ ឯ​ទីកន្លែង​ពិតជា​នៅ​ភ្នំពេញ ជាទី​ដែល​លោក​បំពេញ​មុខងារ​រាជការ​នៅ​អំឡុង​ពុទ្ធសករាជ​២៤៣១ ដែល​ត្រូវ​នឹង​គ្រឹ​ស្ត​សករាជ​១៨៨៩ ដែល​រាជធានី​បាន​លើក​មក​តាំងនៅ​ភ្នំពេញ​។ ដោយហេតុ​នេះ ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​ទាំងឡាយ បាន​សន្និដ្ឋាន​ថា អ្នកនិពន្ធ​កើត​នៅ​អំឡុង​ពាក់កណ្តាល​សតវត្ស​ទី​១៩ ប៉ុន្តែ​គេ​ពុំ​បានដឹង​អំពី​មរណ​សម័យ​​របស់​លោក​ឡើយ ។

សៀវភៅ «​មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ​» បន្ត​ថា តាម​សេចក្តី​ផ្តើម​នៃ​រឿង ​«​ទេវ​វង្ស​កុមារ​» ឬ​ «​ចៅ​ស្រទបចេក​» អ្នកនិពន្ធ​បញ្ជាក់​ថា លោក​បាន​ចេះ​ចាំ​រឿង​នេះ​តាម​​ការ​និទាន​ប្រាប់​របស់​លោក​បណ្ឌិត​មហា​ម៉ៅ ដែល​ជា​អ្នកចេះ​ចាំ​អត្ថ​ប្រែ​ប្រាយ​សម្រាយ​សេចក្តី​ជ្រាលជ្រៅ​ហើយ​ថា​រឿង​នេះ​មាននៅ​ក្នុង​គម្ពីរ​ទុ​ក​និបាត ។ ប៉ុន្តែ​ពួក​លោក​អ្នក​ស្រាវជ្រាវ នៃ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ បាន​ស្រាវជ្រាវ​នៅ​ក្នុង​គម្ពីរ​ទុក​និបាត​ទៅ​ពុំ​ឃើញ​មានរឿង​នេះ​ទេ ។ ហេតុនេះ​ត្រូវ​គេ​សង្ស័យ​ថា គម្ពីរ​ទុក​និបាត ឯណា​ផ្សេង​ពី​អដ្ឋកថា​ជាតក និង​បញ្ញា​ស​ជាតក​ទៅ​ទៀត​។ រឿង​នេះ​និពន្ធ​ជា​កំណាព្យ​បទ​កាកគតិ ពំនោល ភុជង្គលីលា និង​បទ​ពាក្យ​៧ ។

រឿង​ទេវ​វង្ស​កុមារ ឬ​ចៅ​ស្រទបចេក​ត្រូវ​ផលិតករ យក​ទៅ​ផលិត​ជា​ខ្សែភាពយន្ត​ទទួល​បានការ​គាំទ្រ​ខ្លាំង​នា​សម័យ​សង្គមរាស្ត្រនិយម​។ វា​ជា​រឿង​កម្សត់​ទុរគត​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពិបាក​នឹង​ទប់ទឹក​ក​ភ្នែក ។

នេះ​ជា​សម្រង់​ចេញពី​រឿង «​ទេវ​វង្ស​កុមា​» ឬ​«​ចៅ​ស្រទបចេក​» ត្រង់​វគ្គ​ម្តាយ​ចៅ​ស្រទបចេក​ស្លាប់ ៖
-​អ្នក​ឱប​អង្គ​មាតា សោយ​សោកា​ពន់ពេក​ក្រៃ ទៀង​ទួញ​ទំនួញ​វៃ ថា​ឱះឱ​អ្នក​ម្តាយ​ខ្ញុំ ។
-​ម៉េ្ត​ច​ឡើយ​មក​មរណា ក្នុង​អធ្វា​ព្រៃ​ទុគ៌ម ទុគ៌ត​ផុត​លែង​លំ នៅ​ទីឋាន​ផ្ទះសំបែង ។
-​អ្នក​មេ​អ្នក​មានគុណ ខ្ពស់​អនន្ត​ជ្រៅ​លើសលែង ប្រឹថពី​គិរី​ស្តែង មិន​គួរ​បើ​មក​ច្នេះ​ណា ។
-​មក​ស្លាប់​ដេក​ដោយ​ដី ដូច​ក្របី​គោ​ឆ្កែ​ឆ្មា បើ​គ្មាន​ឋាន​គ្រឹហា គួរតែ​មាន​កន្ទេល​មួយ ។
-​គ្រាន់​ក្រាល​ទ្រ​ទ្រាប់​អ្នក សោះ​ប្រឡាក់​អង្គ​ប្រាណ​ព្រួយ កូន​គិត​ស្ទើរ​រលួយ ចិត្តថ្លើម​ស្ទើរ​ធ្លាក់​ដល់​ដី ។

បច្ចុប្បន្ន ចម្រៀង​ក្នុង​ខ្សែភាពយន្ត​រឿង​ទេវ​វង្ស​កុមារ ឬ​ចៅ​ស្រទបចេក​នោះ នៅ​តែ​ជា​ចម្រៀង​ដ៏​ពេញ​និយម​សម្រាប់​ខ្មែរ​នៅឡើយ ៕