រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ក្នុងផ្ទះ​ច័​ន្ទ្រ​កំពុង​បត់​ខោអាវ ណាត​រៀបចំ​របស់របរ​ក្នុងផ្ទះ​និយាយ​បណ្តើរ​មុខ​មិន​សប្បាយចិត្ត
ណាត​៖ នែ៎​! នៅ​អង្គុយ​បត់​ខោអាវ​ធ្វើ​ព្រងើយ​ហ្នឹងហើយ នាង​ច័​ន្ទ្រ​លឺ​ម៉ែ​ប្រាប់​ឬ​អត់? ឯង​ស្មានថា​ម៉ែ​សក់​ពីរ​ពណ៌​ហើយ​មិនដឹង​អី​ហ្អី? បើ​មិនមែន​ស្នាដៃ​ឯង​ទេ អាវ៉ា​ន់​ក៏​វា​មិន​ធ្លាក់​អណ្តាត​អ​ញ្ចឹ​ង​ដែរ !

ច័​ន្ទ្រ​និយាយ​ធ្វើ​ហី
ច័​ន្ទ្រ​៖ ខ្ញុំ​មិនដឹង​រឿង​អី​ទេ​ម៉ែ​! កុំ​ចេះ​តែ​ទម្លាក់​កំហុស​ខ្ញុំ​នោះ ! បើ​មក​ពី​កាហ្វេ​របស់ខ្ញុំ ម៉េច​ក៏​គេ​គ្រប់​គ្នា​មិន​រាគ រាគ​អី​តែ​អ​ន្ទិ​តវ៉ា​ន់​ម្នាក់ឯង​នោះ​!

ណាត​ស្រវា​របស់​នៅ​លើ​ទូ ចង់​គប់​ច័​ន្ទ្រ តែ​ច័​ន្ទ្រ​គេច​ទៅ​ពួន​ក្រោយ​កៅអី
ច័​ន្ទ្រ​៖ ម៉ែ​ៗ! ឈឺ​ណា​ម៉ែ​!

ណាត​ច្រត់​ចង្កេះ​សំឡក់​ច័​ន្ទ្រ
ណាត​៖ ឯង​ចេះ​ដឹង​ឈឺ​ដែរ​ហ្ហី ? ចុះ​ត្រង់​ធ្វើ​ឲ្យ​គេ​ឈឺ​នោះ ម៉េច​ក៏​មិន​គិត​ផង​! ម៉ែ​មិន​បាន​បង្រៀន​ឲ្យ​ឯង​ធ្វើ​ជា​មនុស្ស​ចិត្តខ្មៅ ចិត្ត​ទុរយស​ស្អី​បែប​នេះ​ទេ យ៉ាងណា​ក៏​ជា​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា​។ អាវ៉ា​ន់​គ្នា​កំ​ព្រី​កំព្រា​នៅ​តែ​ម្នាក់ឯង វា​ឈឺ​អ​ញ្ចឹ​ង​ហើយ​នៅ​តែឯង​ផង ស្មានថា​ស្រួល​ហ្ហី ឆាប់​ទៅ​អើត​មើល​វា​បន្តិច​ទៅ ! ឯង​ជា​អ្នក​ធ្វើ​ឲ្យ​វា​ឈឺ ឯង​ត្រូវ​តែ​ទៅ​មើល​ខ្លួនឯង ទៅ​ឲ្យ​ឆាប់​!

ច័​ន្ទ្រ​អេះ​ក្បាល​ធ្វើ​មុខជូរ
ច័​ន្ទ្រ​៖ ខ្ញុំ​ដឹង​ហើយ​ម៉ែ​! និយាយ​ដដែល​ៗ ចាំ​ខ្ញុំ​ទៅ​អើត​មើល​មួយ​ភ្លែត​ក៏​បាន​ដែរ ! ខ្ញុំ​ចង់ទៅ​មើល​អ​ន្ទិ​តវ៉ា​ន់​ហ្នឹង​វា​ស្លាប់​ហើយ​នៅ ?
ណាត​៖ យី​! មី​កូន​មួយ​នេះ មាត់អាក្រក់​ម្ល៉េះ ម៉េច​ក៏​មិនឆាប់​ទៅ ! មើល​យក​ម្ហូបអាហារ​ទៅ​ផ្ញើ​វ៉ា​ន់​ផង​ទៅ ! មិនដឹង​ថា​វា​បាន​ស្អី​ស៊ី​ឬ​អត់​ទេ ? បើ​វា​បាន​ធូរ​វា​មិន​អី​ទេ ក្រែង​វា​មិន​ទាន់​ស្រួល យប់​ព្រលប់​នៅ​តែ​ម្នាក់ឯង​ផង អា​រឿង​រាគ​រុះ​នេះ​វា​ស្លាប់​បាន​ណា​កូន !
ច័​ន្ទ្រ​៖ ខ្ញុំ​ដឹង​ហើយ​! ដឹង​ហើយ ! ឈប់​រអ៊ូ​ច្រើន​ទៅ​ម៉ែ !

ច័​ន្ទ្រ​ចុះពីលើផ្ទះ​ទាញ​កង់​ជិះ​ចេញ​ទៅ​រអ៊ូ​បណ្តើរ
ច័​ន្ទ្រ​៖ ចំណេះ​ជិះ​ក​ឯង​មែន ! ឲ្យ​ឯង​ពិបាកទៅ​មើលទៅ​មើលថែរ​អ​ន្ទិ​តវ៉ា​ន់​ហ្នឹង​ដដែល  មិនដឹង​ជា​ស្អី​ទេ​ម៉ែ !

វ៉ា​ន់​ដេក​លើ​គ្រែ​ថ្ងូរ​តិច​ៗ​ប្រែខ្លួន​ចុះឡើង​រួច​ប្រឹង​ច្រត់​ដៃ​ងើប​អង្គុយ ឈោង​ដៃ​ស្រវា​រក​កែវ​ទឹក តែ​ឈោង​មិន​ដល់ ។ ច័​ន្ទ្រ​ឈរ​នៅ​ខាងក្រៅ​បង្អួច កំពុង​លួច​មើល​វ៉ា​ន់​។ វ៉ា​ន់​ឈោង​យក​ទឹក​មិន​ដល់ ងើប​ដើរ​ចុះ​ពីលើ​គ្រែ ដើរ​ទន់​ជើង​ដួល​។ ច័​ន្ទ្រ​ស្ទុះ​រុញ​ទ្វារ​ចូល​មក​ជួយ​លើ​ទប់ខ្លួន​វ៉ា​ន់
ច័​ន្ទ្រ​៖ អេ​ៗ ! យ៉ាងម៉េច​ហ្នឹង ? គ្រាន់តែ​យក​ទឹក​ប៉ុណ្ណឹង​ក៏​មិន​បាន​ផឹក​ដែរ​ហ្ហី ទន់ជ្រាយ​ម្ល៉េះ​ន៎ !

វ៉ា​ន់​ខំ​ទប់ខ្លួន​ងើបឈរ បើកភ្នែក​ក្រឡង់​ដាក់​ច័​ន្ទ្រ​វិញ
វ៉ា​ន់​៖ សាក​រាគ​ខ្លួនឯង​ម្តង​មើល​ដឹង​ហើយ ថា​វា​យ៉ាងម៉េច​នោះ ! ស្មានថា​ខ្ញុំ​មិនដឹង​ហ្ហី ថា​មាន​អ្នក​ព្យាបាទ​ខ្ញុំ​នោះ នៅ​មក​ធ្វើ​សំដី​គ្រាន់បើ​ដាក់​ទៀត !

ច័​ន្ទ្រ​ខំប្រឹង​ជួយ​ទប់ខ្លួន​វ៉ា​ន់
ច័​ន្ទ្រ​៖ នែ៎​ៗ! កុំ​បៀម​ឈាម​ព្រួស​ដាក់​គេ​ណា​! ខ្ញុំ​មិនដឹង​រឿង​ស្អី​ទេ ។ កុំ​តែ​ម៉ែ​ដេញ​មក កុំ​អី​ខ្ញុំ​មិន​រវល់​ជាមួយ​ទេ​! ប្រុស​សំដី​អាក្រក់​អ​ញ្ចឹ​ង​នោះ គេ​មក​ជួយ​មើល​ហើយ​នៅ​ធ្វើ​មាត់ខ្លាំង​មិន​ព្រម​អន់​ទៀត !
វ៉ា​ន់​៖ មក​និយាយ​យក​ល្អ​ធ្វើ​អី​ទៅ បើ​មិនមែន​មក​មើល​ខ្ញុំ​ដោយ​ដឹង​កំហុស​ផង​ហ្នឹង ? កុំ​តែ​មីង​គាត់​ដេញ​មក ក៏​មិនឃើញ​មុខ​ដែរ​មែន​ទេ ? ចំ​ជា​គ្មាន​ចិត្ត​គ្មាន​ថ្លើម​មែន !

ច័​ន្ទ្រ​រុញ​វ៉ា​ន់​មិន​ឲ្យ​តោង​ដៃ​នាង​មុខ​ខឹង
ច័​ន្ទ្រ​៖ ហ៊ី​! នៅ​ធ្វើ​ឫក​គ្រាន់បើ​ទៀត ! ពិតជា​មិន​ចេះ​ឱនលំទោន​មែន !
វ៉ា​ន់​ត្រូវ​ច័​ន្ទ្រ​រុញ វ៉ី​ស​ដួល​បះដៃបះជើង​ស្រ​វេ​ស្រវា​តោង​ច័​ន្ទ្រ​ជាប់​ដួល​ទៅ​ទាំងអស់​គ្នា ច័​ន្ទ្រ​ដួល​ទៅ​លើ​ខ្លួន​វ៉ា​ន់​។​ខ្លួន​ច័​ន្ទ្រ​នៅ​ពីលើ​វ៉ា​ន់ ច្រមុះ​នឹង​ច្រមុះ​ទល់​គ្នា មើល​មុខ​គ្នា​ភ្លឹក​បាន​បន្តិច វ៉ា​ន់​ស្រែក
វ៉ា​ន់​៖ អូយ​ៗ! នេះ​ចង់​មក​ជួយ​មើល​ខ្ញុំ ឬ​ក៏​មក​ធ្វើបាប​ថែម​ទៀត ? បែក​ពោះ​ខ្ញុំ​ឥឡូវ​ហើយ​! ខ្លួន​នាង​ធ្ងន់​ណាស់ណា មិនមែន​ស្រាល​ទេ !

ច័​ន្ទ្រ​ធ្វើ​មុខ​អៀន​ស្ទុះ​ងើប​ចេញពី​ខ្លួន​វ៉ា​ន់ រួច​រត់​ចេញ​ទៅ​ក្រៅ​ផ្ទះ​វិញ វ៉ា​ន់​ខំ​ច្រត់​ដៃ​ងើប​អង្គុយ​ស្រែកហៅ
វ៉ា​ន់​៖ នែ៎​ៗ ! មក​ជួយ​លើក​ខ្ញុំ​សិន​! ចំ​មែនហើយ ចេះ​ទុក​មនុស្ស​ឈឺ​ឲ្យ​នៅ​ម្នាក់ឯង​ទៅ​កើត ?

អរុណ​កំពុង​ដុត​ភ្នក់​គោ​នៅ​ក្បែរ​ក្រោលគោ​។ រ៉េ​ត​កំពុង​អូស​កង់​បម្រុង​ដឹក​ចូល​ក្នុងផ្ទះ អរុណ​ងាក​ស្រែក​ប្រាប់

(​នៅ​មាន​ត​)