ប៉ុប ពី បង្ហាញ​មូលហេតុ​បញ្ចេញ​រូប​ស្រាត

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ភេទ​ទី​បី​នាង​ប៉ុប​ពី កាលពី​ពេល ថ្មី​ៗ កន្លង​មក​បាន​បញ្ចេញ​រូបភាព​ស្រាត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​នាង​ស្ងប់ស្ងាត់​រយៈពេល​យូរ​ក្នុង​ពិភព​សិល្បៈ ។

ប៉ុប​ពី​បញ្ជាក់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​នាង​សម្រេច​បញ្ចេញ​រូបភាព​ទាំងនោះ​ជា​សាធារណៈ ។

តារា​សម្តែង​ភេទ​ទី​បី នាង​ប៉ុប ពី អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា រូបភាព​ទាំង​អស់នោះ​គឺជា​ចេតនា​ផ្ទាល់​របស់​នាង ហើយ​វា​គឺជា​រូបភាព ពិត​ៗ មិនមែន​ជា​រូបភាព​ដែល​កាត់ត​ឡើយ ។ មូលហេតុ​ដែល​នាំ​ឲ្យ​ប៉ុប​ពី​សម្រេច​ថតរូប​ភាព​បែប​សិច​ស៊ី គឺ​ក្នុង​គោលបំណង​ពញ្ញាក់​អារម្មណ៍​ទស្សនិកជន​ឲ្យ​ចាប់អារម្មណ៍​លើ​រូប​នាង ខណៈ​ស្ងប់ស្ងាត់​ក្នុង​ពិភព​សិល្បៈ​រយៈពេល​ជា​យូរ​មក ។

ចំណែក​រឿង​មួយទៀត​ប៉ុប​ពី​មិន​ចាត់ទុកជា​រូប​អាសអាភាស​ឡើយ ពោល​គឺ​នាង​ថត​បែប​លក្ខណៈ​សិល្បៈ​ប៉ុណ្ណោះ ហើយ​ទទួល​បានការ​សរសើរ​ជាង​ការ​រិះគន់​ពី​មហាជន ។ ប៉ុប​ពី​និយាយ​ថា «​ទស្សនិកជន​ជា​ច្រើន​បាន​សរសេរ​លើក​សរសើរ​ពី​ការ​ថែរក្សា​ដងខ្លួន​របស់​នាង​ខ្ញុំ​ដូច​ជា​ស្រី​ពី​ធម្មជាតិ បន្ទាប់​ពី​នាង​ខ្ញុំ​បាន​បង្ហោះ​រូប​ទាំងនោះ​រួច​មក​» ។
ដោយឡែក​ចំណុច​ពិសេស​ជាងគេ​នោះ​គឺ​ប៉ុប​ពី​មាន​បំណង​ចង់​បង្ហាញ​ដល់​មិត្ត​ប្រុស​របស់​នាង​ឲ្យ​កាន់តែ​យល់​ពី​នាង​ច្បាស់​ថា នាង​បាន​កែ​ភេទ​មក​ជា​មនុស្ស​ស្រី​មួយ​រយ​ភាគរយ​ហើយ ដើម្បី​ឲ្យ​មិត្ត​ប្រុស​របស់​នាង​កុំ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួលយក​រូប​នាង ។

ប៉ុប​ពី អះអាង​ថា រូប​សិច​ស៊ី​ទាំងនោះ​មិន​ប៉ះពាល់​ដល់​អារម្មណ៍​មិត្ត​ប្រុស​ឡើយ ផ្ទុយ​ទៅ​វិញ​នាង​បែរជា​ទទួល​ការ​សរសើរ​ពី​មិត្ត​ប្រុស​របស់​នាង​ថា ចេះ​ថែរក្សា​រូប​សម្រស់​ឲ្យ​នៅ​តែ​ក្មេង ។

ក្នុង​នាម​ជា​តារា​សម្តែង​ភេទ​ទី​បី​ដែល​លេចធ្លោ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ប៉ុប​ពី ថា នាង​ត្រូវ​តែ​ធ្វើ​អ្វី​ឲ្យ​មានការ​នាំមុខ និង​ជា​គំរូ​ដល់​តារា​ភេទ​ទី​បី​ដទៃ​ទៀត​ក្នុង​ការ​ថែរក្សា​សម្រស់ និង​សមត្ថភាព​សិល្បៈ ផ្សេង​ៗ ។

បើ​ទោះបីជា​ប៉ុប​ពី​អះអាង​ថា នាង​ថែ​សម្រស់​បាន​ល្អ​ក្តី ប៉ុន្តែ​នាង​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​នៅឡើយ​ទេ​ក្នុង​អាជីព​សិល្បៈ ដោយសារ​តែ​នាង​ស្ងប់ស្ងាត់​ស្ទើរ​គ្រប់​ផ្នែក​ក្នុង​អាជីព​របស់​នាង ។

បន្ទាប់​ពី​ចូលរួម​សម្តែង​ចុង​ក្រោយ​ក្នុង​ភាពយន្ត​រឿង «​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​» រួច​មក ប៉ុប​ពី​នៅ​មិន​ទាន់​ទទួល​បានការ​ទាក់ទង​ឱ្យ​ចូលរួម​សម្តែង​ជា​ថ្មី​ពី​ម្ចាស់​ផលិតកម្ម​ណាមួយ​នៅឡើយ​ទេ ។ ប៉ុប​ពី និយាយ​ថា «​ក្នុង​អាជីព​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​នេះ​នាង​ខ្ញុំ​មិន​សល់​អ្វី​ជា​ដុំ​កំភួន​ឡើយ ប៉ុន្តែ​នាង​ខ្ញុំ​បានការ​ងារ​ខាងក្រៅ​ដែល​អាច​ឲ្យ​នាង​ខ្ញុំ​មានឱកាស​ក្នុង​ការ​ចំណាយ​ទៅ​លើ​ការ​ថែរក្សា​នូវ​រូប​សម្រស់​របស់​នាង​ខ្ញុំ ខណៈ​ពេល​ដែល​នាង​ខ្ញុំ​បាន​ចំណាយ​ខ្ទង់​ម៉ឺន​ដុល្លារ ក្នុង​ការ​កែ​ភេទ​នា​ពេល​កន្លង​មក​» ៕