រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

អរុណ​៖ មិនបាច់​យក​កង់​ទុក​ទេ​រ៉េ​ត​! បង​ទៅ​មើល​អាវ៉ា​ន់​មួយ​ភ្លែត​សិន វា​នៅ​តែឯង​មិនដឹង​យ៉ាងម៉េច​ទៅ​ហើយ​ទេ​។ បើ​វា​គ្រាន់បើ បង​មក​វិញ ប៉ុន្តែ​បើ​វា​មិន​ទាន់​ស្រួល​បង​នៅ​ដេក​ជាមួយ​វា​ហើយ ឯង​ចាំ​ប្រាប់​ម៉ែ​ផង មិនបាច់​ចាំ​ផ្លូវ​បង​ទេ ។

រ៉េ​ត​បើកភ្នែក​ធំ​ៗ
រ៉េ​ត​៖ អេ ! បើ​បង​ទៅ​មើល​បង​វ៉ា​ន់​បាត់ ខ្ញុំ​នៅផ្ទះ​ម្នាក់ឯង​យ៉ាងម៉េច​ទៅ ខ្ញុំ​មិន​ហ៊ាន​នៅទេ​!  ម៉ែ​ទៅ​ជួយ​បុណ្យ​ដល់​ចុង​ភូមិ​ឯណោះ មិនដឹង​ថ្មើរ​ណា​មក​វិញ​ផង ? ខ្ញុំ​ទៅ​ជាមួយ​បង​ដែរ ។

អរុណ​ងើបឈរ​ឡើង
អរុណ​៖ ឆ្កួត​ទេ​ហ្ហី ! បើ​ឯង​ទៅ​ដែរ​អ្នក​ណា​នៅ​មើល​ផ្ទះ ? អ្នក​ណា​នៅ​មើល​គោ ? គិត​ទុក​ឲ្យ​ចោរលួច​គោ​អស់​ខាន​ភ្ជួរស្រែ​ទៅ​ហ្ហី ! ចេះ​តែ​មាន​ហើយ​ឯង​នេះ​! បើ​ខ្លាច​ពេក​ដេក​នៅ​គ្រែ​មុខ​ផ្ទះ​ទៅ ស្រួល​មើល​គោ​ផង ។

រ៉េ​ត​អេះ​ក្បាល​ធ្វើ​មុខជូរ
រ៉េ​ត​៖ មនុស្ស​ខ្លាច​ហើយ នៅ​ដេក​ត្រង់​ណា​ក៏​ខ្លាច​ដែរ បង​រុណ​អើយ !

អរុណ​ដើរមក​ដាក់​អុស​ក្នុង​ភ្នក់ភ្លើង​រួច​ដើរមក​ដឹក​ង់​និយាយ​បណ្តើរ
អរុណ​៖ បើ​ពូកែ​ខ្លាច​ពេក​មក​អង្គុយ​ក្បែរ​គោ​តែ​ម្តង​ទៅ​បាន​គ្នា​កុំ​ឲ្យ​ខ្លាច​ទៀត ។ បង​ទៅ​សិន​ហើយ​!

អរុណ​ឡើង​ជិះ​កង់​ជិះ​ចេញ​ទៅ ។ រ៉េ​ត​ធ្វើ​មុខជូរ​ស្ទុះ​មក​អង្គុយ​នៅ​ក្បែរ​គោ​ឱបក្បាលជង្គង់​ធ្វើ​ភ្នែក​ឡេមឡឺម​ពេបមាត់​ចង់​យំ ។
ឆៃ​ដេក​នៅ​លើ​ក្តារងឿ​មុខ​ផ្ទះ ទ្រើ​ក និង​ត្រុយ​កំពុង​ធ្វើ​ស​សៃ ឆៃ​ដេក​ផ្កាប់មុខ ទ្រើ​ក​ឈ្លី​ដៃ​ឈ្លី​សរសៃ​ក ត្រុយ​ចាប់​កាច់​ជើង​ដក​ម្រាមជើង ឆៃ​ស្រែក
ឆៃ​៖ អូយ​ៗ ! បាក់​ជើយ​អញ​ឥឡូវ​ហើយ អា​ត្រុយ​! ធ្វើ​សរសៃ​ម៉ូត​ស្អីហ្នឹង អានេះ​វើ​យ​! ធ្វើ​ឲ្យ​អញ​រឹតតែ​ឈឺខ្លួន​ថែម​ទៀត ។
ត្រុយ​៖ ទ្រាំ​បន្តិច​ទៅ​លោក​បង ! ទាល់តែ​ធ្វើ​អ​ញ្ចឹ​ង​បាន​វា​យឺត​សរសៃ​យឺត​សរ​សូ​ង លោក​បង​មិន​ដែល​ធ្វើ​អី​ធ្ងន់​វា​ឈឺខ្លួន​អ​ញ្ចឹ​ង​ហើយ !

ទ្រើ​ក​ឈ្លី​សរសៃ​ក​ថ្នម​ៗ​ដូច​គេ​អង្អែល
ទ្រើ​ក​៖ មក​ពី​ឯង​ដៃ​ធ្ងន់​ពេក​ហ្នឹង​ណា​! មើល​អញ​ឯណេះ អញ​ជាប់​លេខ​មួយ​ខាង​ធ្វើ​សរសៃ​ហើយ ពេល​អញ​ធ្វើ​លោក​បងអត់​មាន​ថ្ងូរ​អី​សោះ ឃើញ​ទេ​! មើល​នែក !
ត្រុយ​៖ អឺ​! ធ្វើ​ម៉េច​ហ្នឹង​ស្រែ​កកើត ! បើ​ឯង​ធ្វើ​ស​សៃ​ដូច​គេ​អង្អែល​ថ្ពាល់​ស្រី​ៗ​អ​ញ្ចឹ​ង​នោះ

ឆែម​ដើរ​ឡើង​មក​លើ​ផ្ទះ ឆៃ​ស្ទុះ​ងើប​អង្គុយ ធ្វើ​មុខ​ឆ្ងល់
ឆៃ​៖ ពុក​! ទើប​ហ្នឹង​មកពីណា ខ្ញុំ​ចាំ​មើលផ្លូវ​ម៉ា​ង៉ៃ​ទៅ​ហើយ ? ពុក​ឥឡូវ​ចេះ​ដើរ​ដល់​យប់​ព្រលប់​ផង​ហ្ន៎​! ស្តីបន្ទោស​ឲ្យ​តែ​កូន​ទេ ខ្លួនឯង​ចង់​អនុវត្ត​តាម​កូន​ដែរ ។

ឆែម​ដើរមក​ទះ​ក្បាល​ឆៃ
ឆែម​៖ នៅ​មក​ឡកឡឺយ​ដាក់​អញ​ផង អា​កូន​ឡេ​ឡឺ​ឯង​នេះ ! អញ​ដើរ​ដល់​យប់​ព្រលប់​ដើម្បី​អា​កូន​ឡប់​ឯង​ហ្នឹងហើយ នៅ​មិនដឹង​ខ្លួន​ទៀត​! នៅ​ដេក​រេល​ដល់​ណា​ទៀត ឆាប់​ស្លៀកពាក់​ទៅ​! ជិត​ដល់​ពេល​ដែល​ឯង​ចេញ​មុខ​ធ្វើ​ជា​អ្នកក្លាហាន​ហើយ​ដឹង​ទេ ?

ឆៃ​ធ្វើ​ភ្នែក​ស្លឺ​មើល​មុខ​ឆែម
ឆៃ​៖ មិនដឹង​ជា​ស្អី​ទេ​ពុក​និយាយ​អត់​មាន​ក្បាល​អត់​មាន​កន្ទុយ ! ខ្ញុំ​ធ្វើ​ម៉េច​នឹង​យល់​ទៅ​! ពុក​ក៏​ដឹង​ស្រាប់​ហើយ​ថា​កូន​ម្នាក់​នេះ​វា​ឡេ​ឡឺ ម៉េច​ក៏​ពុក​មិន​និយាយ​ឲ្យ​ត្រង់​ៗ​មក ឲ្យ​ខ្ញុំ​ស្រួល​ស្តាប់​បាន​ផង ។
ឆែម​៖ អឺ​! ឆាប់​ទៅ​ផ្លាស់​ខោអាវ​សិន​ទៅ​។ ចាំ​ពុក​ប្រាប់​ថា​ឯង​ត្រូវធ្វើ​អ្វីខ្លះ ហើយ​ត្រូវធ្វើ​ឥឡូវនេះ បើ​ឯង​ចង់​រៀប​ការ​ជាមួយ​ភួង​ម្លិះ​នោះ ។

ឆៃ​ស្ទុះ​ចុះ​ពីលើ​ក្តារងឿ​យ៉ាង​លឿន​មុខរីក​រាយ
ឆៃ​៖ យី ! ពុក​មិន​ព្រម​និយាយ​ឲ្យ​លឿន​ទេ​! បើ​ធ្វើ​ដើម្បី​អូន​ម្លិះ ពុក​ឲ្យ​ខ្ញុំ​ធ្វើ​អី​ក៏​ខ្ញុំ​ធ្វើ​ដែរ​។  ខ្ញុំ​ទៅ​ផ្លាស់​ខោអាវ​សិន​ហើយ​ញ្ចឹ​ង​។ អា​ទ្រើ​ក អា​ត្រុយ​លឿន​ឡើង​ឆាប់​មក​ស្លៀកពាក់​ឲ្យ​អញ

ទ្រើ​ក និង​ត្រុយ​រត់​តាម​ពីក្រោយ​ឆៃ ។ ឆៃ​រត់លឿន​ពេក​ទៅ​ជល់​ទ្វារ​ក្តោប​ក្បាល​ថ្ងូរ​បណ្តើរ​រត់​ចូល​ក្នុងផ្ទះ​បណ្តើរ ។
ច័​ន្ទ្រ​កំពុង​តែ​ជិះ​កង់​តាម​ផ្លូវ​យ៉ាង​លឿន កែវ​ជិះ​ម៉ូតូឌុប​ម្លិះ​មក​ចំ​ពីមុខ​ច័​ន្ទ្រ​។ ភ្លើង​ម៉ូតូ​ចាំង​ចំ​មុខ​ច័​ន្ទ្រ​។ ច័​ន្ទ្រ​លើកដៃ​បាំង​ភ្នែក​ឈប់​កង់​ស្រែក
ច័​ន្ទ្រ​៖ អេ​! អ្នក​ណា​ហ្នឹង ? ជិះ​ម៉ូតូ​មិន​ចេះ​មើល​ទេ​ហ្ហី ? បើក​ហ្វា​ម៉ូតូ​ចង់​ខ្វាក់​ភ្នែក​គេ​ទៅ​ហើយ អាង​តែ​មាន​ម៉ូតូ​ជិះ​យ៉ាងម៉េច​ហ្នឹង !

កែវ និង​ម្លិះ​មើលឃើញ​ច័​ន្ទ្រ​នាំ​គ្នា​ឈប់​ម៉ូតូ ម្លិះ​ចុះ​ពីលើ​ម៉ូតូ​ស្ទុះ​ទៅ​រក​ច័​ន្ទ្រ
ម្លិះ​៖ ច័​ន្ទ្រ​! ឯង​ទៅ​ណា​ទាំង​យប់​ហ្នឹង ?
ច័​ន្ទ្រ​៖ អ​! ម្លិះ​ទេ​ហ្ហី​! អឺ​! គ្នា​ស្រវាំងភ្នែក​ពេក​មើល​មិន​ស្គាល់​ជេរ​អស់​បន្តិច​ទៅ ហើយ​ចុះ​ឯង​វិញ នាំ​គ្នា​ទៅ​ណា​ទាំង​យប់​ដែរ ?

កែវ​ចុះ​ពីលើ​ម៉ូតូ
កែវ​៖ ខ្ញុំ និង​អូន​ម្លិះ​ចង់ទៅ​សួរ​ប៉ូ​លី​ស​នៅ​ប៉ុស្តិ៍​យាមផ្លូវ​ឡើង​ទៅ​ខេត្ត​ព្រោះ​ពួក​ខ្ញុំ​សង្ស័យ​ថា​អ៊ុំ​ប្រុស​ជួប​រឿង​មិនល្អ​ហើយ !

ច័​ន្ទ្រ​បើកភ្នែក​ធំ​ៗ
ច័​ន្ទ្រ​៖ មានរឿង​អី​ទៅ​ម្លិះ ? ប្រាប់​គ្នា​ផង ក្រែង​គ្នា​អាច​ជួយ​បាន​ណា !

អរុណ​ជិះ​កង់​មក​ដល់​កន្លែង​នេះ​ដែរ មើលឃើញ​ម្លិះ កែវ និង​ច័​ន្ទ្រ​វ​កំពុង​ឈរ​ជុំ​គ្នា​ក្បែរ​ម៉ូតូ អរុណ​ធ្វើ​មុខ​ឆ្ងល់ បត់​កង់​ចូល​មក​ឈប់​ក្បែរ​ច័​ន្ទ្រ​ដែរ
អរុណ​៖ ច័​ន្ទ្រ ម្លិះ​! នាំ​គ្នា​មក​ឈប់​ធ្វើ​អី​កណ្តាលផ្លូវ​នេះ ? ហើយ​គិត​ចង់ទៅ​ណា​ទាំង​យប់​អ​ញ្ចឹ​ង ?

កែវ​ស្ទុះ​ទៅ​ចាប់ដៃ​អរុណ​ដែល​ដាក់​នៅ​លើ​ដៃ​កង់​មុខ​ត្រេកអរ
កែវ​៖ បាន​ជួប​បង​អរុណ​ល្អ​ហើយ គ្រាន់​នឹង​បាន​មនុស្ស​ប្រុស​ម្នាក់​ជា​គ្នា​ដែរ ! ខ្ញុំ និង​អូន​ម្លិះ​កំពុង​តែ​ពិបាកចិត្ត​មិនដឹង​ថា​ត្រូវធ្វើ​យ៉ាងម៉េច​ផង ។

អរុណ​មើល​មុខ​ម្លិះ​ស្លឺ​បន្តិច
អរុណ​៖ មានរឿង​អីហ្នឹង​ម្លិះ ?

(​នៅ​មាន​ត​)