រូបថត​របស់ Yuri Chan ល្បី​ពេញអីុ​ន​ធើ​រ​ណេ​ត​បន្ទាប់​ពី​បែកបាក់​គូស្នេហ៍

តារា​សម្តែង​របស់​ទូរទស្សន៍​ហុងកុង TVB លោក King Kong Lee កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ប្រកាស​ពី​ការ​បែកបាក់​គ្នា​ជាមួយ​មិត្ត​ស្រី​នាង Yuri Chan ដែល​សេពគប់​គ្នា​រយៈពេល​៣​ឆ្នាំ​មក​ហើយ ។ យោង​តាម​គេហទំព័រ Asian Pop News ឱ្យ​ដឹង​ថា នាង Yuri មិន​យល់ព្រម​ចំពោះ​ការ​ចែកផ្លូវ​គ្នា​នោះ​ទេ ។ នៅ​ពេល​ត្រូវ​គេ​ចោទសួរ​រឿង​បែកបាក់​គ្នា​ស្រាប់តែ​នាង​ស្រក់​ទឹកភ្នែក ។ នាង Yuri និយាយ​ថា King Kong Lee នៅ​មានទ្រព្យ​សម្បត្តិ​របស់​គាត់​មួយ​ចំនួន​ក្នុងផ្ទះ​ល្វែង ។

King Kong Lee វ័យ​៣៥​ឆ្នាំ ជា​តារា​សម្តែង​ពិធីករ និង​ជាតា​រាក​ប្លែង​ប្រចាំ​ទូរទស្សន៍ TVB បាន​ចែកផ្លូវ​គ្នា​ជាមួយ Yuri Chan តាំងពី​ឆ្នាំ​មុន​ម៉្លេះ ប៉ុន្តែ​នាង Yuri បាន​បដិសេធ​រឿង​នេះ ។ នៅ​ពេល​នោះ​នាង​បាន​គំរាម King Kong Lee ថា «​បើ​ចែកផ្លូវ​គ្នា​ខ្ញុំ​នឹង​ធ្វើ​អត្ត​ឃាត » ។  ភ្លាម​ៗ​នោះ King Kong Lee មិន​ចង់ឱ្យ​មានរឿង​ធំ​កើតឡើង​ទើប​លែង​លើក​ពី​រឿង​ចែកផ្លូវ​គ្នា​មក​និយាយ​ទៀត​ទេ ។ 

King Kong Lee និយាយ​ថា អំឡុង​ពេល​ទាក់ទង​ជាមួយ Yuri Chan  ពួក​គេ​តែងតែ​ឈ្លោះ​គ្នា​គ្រប់ពេល​ដោយសារ​តែ​ភាព​មិន​ចុះសម្រុង​នឹង​គ្នា ។ Yuri រឹងរូស​ខ្លាំង​ណាស់ ហើយ​រូប​លោក​មិន​ដែល​នាំ​មិត្ត​ភ​ក្កិ​ឱ្យ​ស្គាល់​នាង​ទេ ព្រោះតែ​ចរិត​របស់​នាង ។ ដោយឡែក​នាង Yuri បាន​ឆ្លើយ​តប​លើ​បណ្តាញ​កម្សាន្ត Instagram របស់​នាង​ថា «​ការ​ចែកផ្លូវ​គ្នា​បាន​កើតឡើង​កាលពី​ខែមេសា​។ ពី​ដំបូង​ឡើយ​នាង​ខ្ញុំ​ផ្តល់​ពេលវេលា​ឱ្យ​ពួក​យើង​ទាំង​ពីរ​នាក់​មុន​ពេល​ប្រកាស​ជា​សាធារណៈ ។ ខ្ញុំ​ពិតជា​រន្ធត់​ចិត្តខ្លាំង​ណាស់​បន្ទាប់​ពី​ព័ត៌មាន​បែកធ្លាយ​លើ​អីុន​ធើ​រ​ណេ​ត និង​គេហទំព័រ​មួយ​ចំនួន តែ​ខ្ញុំ​ត្រូវ​តែ​គោរព​តាម​ការ​សម្រេចចិត្ត​របស់​គាត់ ។ នាង​ខ្ញុំ​សង្ឃឹមថា ការ​ឆ្លើយ​តប​របស់ខ្ញុំ​នឹង​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​គ្នា » ។

មាន​អ្នកគាំទ្រ​ខ្លះ​សោកស្តាយ​ចំពោះ​ការ​ចែកផ្លូវ​គ្នា​របស់​គូស្នេហ៍​នោះ ហើយ​ខ្លះ​ទៀត​អបអរសាទរ​ព្រោះ​ពួក​គេ​ស្តាយ​សម្រស់​នាង Yuri Chan  ៕