ប្រវត្តិ​នៃ​អ្នក​រៀបរៀង​រឿង «​មួយ​ពាន់​មួយ​យប់​» ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ មុនី​វង្ស

ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ មុនី​វង្ស បុត្រា​របស់​សម្តេច​ស៊ី​សុវត្ថិ ជាមួយ​អ្នក​ម្នាង​វណ្ណ​កាល​ព្រះ​អង្គជា​ឧបរាជ​នៅឡើយ គឺជា​បុត្រា​ទី​១៤ ប្រសូត​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ​១៨៧៥ ។

នៅ ឆ្នាំ​១៩០៦ ព្រះ​អង្គ​បាន​ដង្ហែ​ព្រះ​បិតា​ជា​ព្រះមហាក្សត្រ​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​ឆ្នាំ​១៩០៤​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង ។ ព្រះ​អង្គ​បាន​សិក្សា​នៅ​សាលា​អាណានិគម (Ecole Coloniale) ហើយ​បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​សាលា​កងទ័ព​ថ្មើរជើង​នៅ​សាំង​ម៉េច​សង់ (Ecole d’Infanterie de Saint- Maixent)​។ នៅ​ឆ្នាំ​១៩០៨ ព្រះ​អង្គ​បាន​រៀន​ចប់ ហើយ​ចេញពី​សាលា​នាយទាហាន​នេះ​មាន​ឋានន្តរសក្តិ​ជា​អនុសេនីយ៍ត្រី​ទៅ​ធ្វើការ​នៅ​បន្ទាត់​ទី​១២៦ នៅ​ព្រី​វ​ឡា​គ្ហា​យា​ត (Brive-la-Gailarde)។ ពេល​ដែល​ព្រះ​អង្គ​ផ្លាស់​ទៅ​សៃ​ដា​នៅ​អាល​ស្ហេ​រី (Saida-Algérie) ព្រះ​អង្គ​បាន​ឡើង​ឋានន្តរសក្តិ​ជា​អនុសេនីយ៍ឯក ។

នៅ​ឆ្នាំ​១៩០៩ ព្រះ​បិតា​បញ្ជា​ឱ្យ​ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ មុនី​វង្ស យាង​មក​ភ្នំពេញ​វិញ​មាន​តួនាទី​ជា​អង្គរក្ស​ផ្ទាល់​ព្រះមហាក្សត្រ ហើយ​បាន​ឡើង​ឋានន្តរសក្តិ​ជា​មេបញ្ជា​ការ។ ជា​ច្រើន​ឆ្នាំ​មក​ព្រះ​អង្គ​មានបទពិសោធន៍​នឹង​កិច្ចការរដ្ឋបាល ទំនាក់ទំនង​នឹង​រដ្ឋបាល​ឥណ្ឌូចិន ផ្សេង​ៗ ។

យោង​តាម​សៀវភៅ «​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០» ឱ្យ​ដឹង​ថា បន្ទាប់​ពី​ព្រះ​បិតា​ព្រះមហាក្សត្រ​ស៊ី​សុវត្ថិ ទ្រង់​ចូល​ទិវង្គត​ទៅ នៅ​ឆ្នាំ​១៩២៧ ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ មុនី​វង្ស ឡើង​ទទួល​រាជាភិសេក​ជា​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​១៩២៨ ។ ព្រះ​អង្គ​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី​១៣ មេ​សា ១៩៤១ ។

ព្រះបាទ​សម្តេចព្រះ​ស៊ី​សុ​វត្ថ មុនី​វង្ស បាន​ទុក​ស្នា​ព្រះ​ហស្ត​អក្សរសិល្ប៍​មួយ​គឺ ៖
ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ មុនី​វង្ស (​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិ​បតី​ជា​ម្ចាស់ជីវិតលើត្បូង​ទ្រង់​ព្រះ​និពន្ធ​) ឯក​សហ​ស្រ រាត្រី ឬ​មួយ​ពាន់​មួយ​យប់ (​រឿង​អា​រ័​ប​) ពាក្យកាព្យ ខ្សែ​១​ភ្នំពេញ អាល​បែ​ពរ​តែ ១៩៣០, ៣៤​ទំព័រ ។

ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ មុនី​វង្ស បាន​រាជនិពន្ធ​ជា​កំណាព្យ​នៅ​ថ្ងៃ​ទី​១៦ សីហា គ្រឹ​ស្ត​សករាជ ១៩៣០ ត្រូវ​នឹង​ពុទ្ធសករាជ ២៤៧៣ ដូច​មាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រារព្ធ​ស្រាប់ ៖

  • «​ព្រះ​ចម​ស៊ី​សុវត្ថិ មុនី​វង្ស ចក្រពង្ស​ទ្រង់​តែង​សព្ទ​សេចក្តី រឿង​អា​រ៉ាប់​ជាដើម​ទើប​ប្រែ​ថ្មី អ្នកស្រី​ការ​ប៉ឺ​ឡែ​ស បាន​ថ្វាយ​ណា ។
  • លើក​ក្នុង​ពុទ្ធសករាជ​ព្រះ​សមណ គិត​ដាក់​សម្គាល់​ក្នុង​លេខា ពីរ​ពាន់​បួន​រយ​ចិតសិប​រ៉ា ថែម​បី​ទៀត​ណា​បង្គ្រប់​ផង ។
  • គ្រឹ​ស្ត​បារាំ​ង្ស​មួយ​ពាន់​ប្រាំបួន​រយ សាមសិប​ដាក់​ដោយ​ដូច​បំណង បើ​ធ្វើ​ឱ្យ​គ្រប់​ដូច​លេខ​ផង មិន​ចង​ប្រាំ​ពិល​ពាក្យ​ឃ្លាតឃ្លា ។
  • សូម​មើល​ប្រមូល​ឱ្យ​យ៉ាង​ស្រួល ទទួល​ប្រាំមួយដន្តប់​ខែ​អ៊ូ​ត​ជា តែង​ចប់​ថ្ងៃ​សៅរ៍​នៅ​វេលា ពេល​នា​ម៉ោង​ប្រាំ​ចាំ​ទំនង ។
  • ត​ពី​ក្រម្ការ​អ្នក​ជុំ ម៉ៅ ប្រែ​រាក់​ប្រែ​ជ្រៅ​នេះ​គ្មាន​គង ពាក្យ​ប្រាំ​ពិល​រមិល​តាម​ទំនង រៀប​រង​ផ្សែផ្សំ​ថែម​សម្តី ។
  • មិន​បាន​ពាក្យរាយ​ចាប់​សំនួន ពាក្យ​ជួន​ក្រ​ណាស់​រើស​សេចក្តី ធ្វើ​ក្នុង​ខេ​មរ​ភ្នំពេញ​ខ្មី ព្រះ​ទាន​អ្នកស្រី​ការ​ប៉ឺ​ឡែ​ស​អឺយ​» ។

ព្រះមហាក្សត្រ​មុនី​វង្ស បាន​និពន្ធ​កំណាព្យ​រឿង «​មួយ​ពាន់​មួយ​យប់​» បន្ទាប់​ពី​បាន​ទទួល​តង្វាយ​សៀវភៅ​រឿង «​អា​រ៉ាប់​១០០១​យប់​» ពី​អ្នកស្រី​ការ​ប៉ឺ​ឡែ​ស ដូច​មាន​សេចក្តី​បញ្ជាក់​ថា ៖ «​ឯក​សហ​ស្រ​រាត្រី សេចក្តី​មួ​ួ​យ​ពាន់​មួយ​យប់​ជាក់ លើក​ពាក្យ៍​ប្រា​ម្ពិ​ល​ផ្តើម​វារ នេះ​ជាក់​រឿង​អា​រ៉ាប់​សព្ទ​វោហារ ។

  • ផ្តើម​រាម​បណ្ណាល័យ​ថ្លៃ​ចេះ​គ្រប់ ផុះ​ក្នុង​ផែន​ភព​ខេមរា អ្នកស្រី​ការ​ប៉ឺ​ឡែ​សមាន​ប្រាជ្ញា តែង​ពង្សាវតារ​បាន​ទាំង​ព្រម ។ 
  • បាន​ថ្វាយ​រឿង​អា​រ៉ាប់​មួយ​ច្បាប់​មក អ្នក​គិត​លៃលក​ពាក្យ​ក៏​ល្មម ប្រៀប​ដូច​មនុស្ស​ធាត់​មិនមែន​ស្គម នេះ​ហៅ​ចេះ​ព្រម​អ្នកប្រាជ្ញ​ស្រី ។
  • ចម​ពង្ស​ខេ​មរ​ទ្រង់​សរសើរ ពាក្យ​តែង​គ្រាន់បើ​គ្រប់​សេចក្តី ទ្រង់​ទត​ឈ្វេងយល់​របៀប​ស្រី បូ​រី​គង់​ថ្កើង​ច្បាស់​មិន​ខាន ។
  • បិដក​ស​ង្ស​ក្រិត គិត​រាក់​ជ្រៅ អាចារ្យ​ដែល​នៅ​តាម​លំ​អាន ចាត់​របៀប​រៀបចំ​សុទ្ធ​ចំណាន ព្រោះ​បាន​អ្នកស្រី​ការ​ប៉ឺ​ឡែ​ស ។
  • ទ្រង់​ក៏​អរគុណ​ប្រតិក​តូ​រ៉ាត៍ មេត្តា​ចាត់​ស្រី​មានចំណេះ ជា​ប្រាជ្ញ ពូជ​ល្អ ស្រី​ចេះ ដំ​រេះ​ចាត់​គ្រប់​គ្មាន​ខ្វះ​អ្វី ។
  • ព្រះ​សំ​ឃ​ក៏​ប្រាជ្ញក្នុង​ពុទ្ធ​ច័​ក្រ ក្នុង​ដែន​ខេ​មរ​គង់​ឮ​ល្បី មាន​ល្បប​ចេះ​ល្បិច​ព្រោះ​អ្នកស្រី តែងសេចក្តី​បាន​ព្រម​ល្មមប្រើ​ការ ។
  • សូម​ជូន​កុសល​ដល់​អ្នកស្រី សូម​សុខ​សិរី​គ្រប់​ប្រការ អាយុ​វណ្ណៈ​រយ​សង្ខារ រក្សា​សាសនា​ក្នុង​ខេ​ម​រី ។
  • មួយ​អរគុណ​នឹង​ពួក​អាចារ្យ ព្រះ​សំ​ឃ​សិក្សា​ជ្រាប​សេចក្តី ទ្រង់​អរ​ព្រះ​គុណ​គ្រប់​អង្គ​ខ្មី បង្ហាត់​សេចក្តី​ពុទ្ធ​វាចា ។
  • អំណរ​ទាំង​ពួក​ស្មៀន​ទាំងអស់ ព្រះ​ទ័យ​ទ្រង់​ស្មោះ​ពេញ​ករុណា បម្រើ​អាយុ​រយ​វស្សា សុខា​ចាក​ទុក្ខ​ឱ្យ​សុ​ខំ ។
  • លើក​ពាក្យ​ទាំងនេះ​ឆ្ពោះ​អ្នកប្រាជ្ញ ទ្រង់​ខ្លាច​ទិទៀន​ក្នុង​វា​ចាំង ខុស​ត្រូវ​ត្រង់​ណា​កុំ​បិទ​បាំង ជួនណា​តក់​ខ្លាំង​ថែម​ចុះ​ណា ។

ដើម​កំណើត​រឿង​«​មួយ​ពាន់​មួយ​យប់​»

រឿង​មួយ​ពាន់​មួយ​យប់​ជា​មធ្យោបាយ ឬ ជា​ទេព​កោសល្យ​របស់​អ្នកនិពន្ធ​ដែល​ប្រមូលផ្តុំ​រឿង ប្លែក​ៗ​ដោយ ឡែក​ៗ ពី​គ្នា​ផ្សំ​ឡើង​ឲ្យ​ក្លាយជា​សាច់​រឿង​តែ​មួយ​ភ្ជាប់​ទាក់ទង​គ្នា​តាម​អត្ថរស អត្ថន័យ អត្ថរូប ជា​លំដាប់លំដោយ រណ្តំ​ដួងចិត្ត​អ្នក​អាន អ្នក​ស្តាប់​ឲ្យ​ស្ថិត ក្នុង​អារម្មណ៍ រំភើប រំជើប រំជួល តាម​ខ្លឹមសារ​នៃ​រឿង ។ ជា​អាទិ៍ គឺជា​រឿងនិទាន​របស់​ស្តេច​ឆា​រី​យ៉ា និង នាង​សេ​ហេ​រ៉ា​ហ្សា​ដ នា​ប្រទេស​អុ​ី​រ៉ា​ក់​សម័យ ដើម ។ កាលនោះ​មាន​ស្តេច​មួយ​អង្គ​ព្រះ​នាម​ឆា​រី​យ៉ា គ្រាំគ្រា​ផ្លូវចិត្ត​ដោយ​វិបត្តិ​គ្រួសារ ។ ព្រះ​អង្គ បាន​ចិញ្ចឹម​ព្រះ​ទ័យ​ប្រទូស្ត​រ៉ា​យ​ចំពោះ​ព្រះ អគ្គមហេសី​ជាទី​ស្រឡាញ់ ដែល​ច្រឡំភ័ន្ត​ជា មួយ​ទាសៈ​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ។ រីឯ​ព្រះ អនុជ​ព្រះ​នាម​ឆា​សេណ​ង់ សោយរាជ្យ​នៅ​នគរ ជាប់​ព្រំប្រទល់​គ្នា​ក៏​មាន​បញ្ហា​ដូច​ព្រះ​អង្គ​ដែរ​។ ការ​លេចឡើង​នូវ​បាតុភូត​ដ៏​អាម៉ាស់​នេះ ស្តេច ឆា​រី​យ៉ា ក៏​បណ្តុះ​គំនិត​ព្យាបាទ​ចំពោះ​ស្ត្រីភេទ ។ គំនិតអាក្រក់​ក៏​រីក ធំ​ឡើង​ៗ​ជារៀងរាល់ថ្ងៃ ហើយ​ធ្វើ​ឲ្យ​ព្រះ​អង្គ​យល់ឃើញ​ថា ព្រះ​អាទិទេព ក៏​ប្រហែល​មាន​បញ្ហា​ដូច​ព្រះ​អង្គ​ដែរ ។ ឆា​រី​យ៉ា សម្រេច​ព្រះ​ទ័យ​ថា លែង​ទុកចិត្ត​ស្ត្រី​ទាំងអស់​។ ក្នុង​នាម​ជា​មនុស្ស​ព្រះ​អង្គ​លែង​ចង់​ឃើញ​មាយាស្ត្រី​ទៀត​ហើយ ។

ព្រះ​អង្គ​ប្តេជ្ញា​ថា ទ្រង់ ផ្ទំ​ជាមួយ​ស្ត្រី​ក្រមុំ​ពេញការ​ម្នាក់​មួយ​យប់ ហើយ យក​ទៅ​ព្យួរ​ក​សម្លាប់ នៅ​ព្រលឹម​ឡើង​មុន​ថ្ងៃ​រះ​។ បទបញ្ជា​នេះ​បាន​ប្រព្រឹត្ត​ទៅ​ជា​ច្រើន​ឆ្នាំ​រហូត ដល់​ពេល​មួយ​ដែល​នៅ​សល់​តែ​កូនក្រមុំ​របស់ មន្ត្រី​ម្នាក់​នៃ​ព្រះរាជាណាចក្រ ។ កញ្ញា​សេ​ហេ​រ៉ា​ហ្សា​ដ​ជា​កូនក្រមុំ​របស់​មន្ត្រី​ក្នុង​វាំង​របស់​ស្តេច ។ នាម៉ឺន​រូប​នេះ​មិន​ចង់​ឲ្យ​កូនស្រី​របស់​ខ្លួន​ស្លាប់ តែ នាង​ទទូច​ប្រាប់​ឪពុក​ថា ឲ្យ​យក​នាង​ទៅ​ថ្វាយ ស្តេច​ក្នុង​គោលបំណង​ជួយ​រំដោះ​មនុស្ស​ស្រី ក្នុង ប្រទេស​ឲ្យ​ឆ្លង​ផុត​ពី​បាបកម្ម​នេះ ។ តែបើ​ផ្ទុយ ទៅ​វិញ​នោះ នាង​ស្លាប់​ក៏​ស្លាប់​ដោយ​ខ្លឹមសារ និង​កិត្តិយស​ថ្លៃថ្នូរ​ដែរ ។ នាង​មានគំនិត​ស្អប់ ព្រះ​មហេសី​ដែល​ក្បត់ចិត្ត​ស្តេច តែ​ព្រះ​មហេសី​សព្វថ្ងៃ​អស់​តម្លៃ​ហើយ ដូចនេះ​នាង​អាច​រក​ច្រក ជួយ​ដល់​ស្ត្រី​ដែល​សល់​ពី​ស្លាប់​បាន ។

សេ​ហេ​រ៉ា​ហ្សា​ដ បាន​សិក្សា​ជ្រៅជ្រះ មាន ចំណេះដឹង​ច្រើន មិន​ឆ្មើងឆ្មៃ ព្រមទាំង​ជា​អ្នក និពន្ធ​ផង ។ ពេល​នេះ​នាង​ប្រើប្រាស់​ទេព កោសល្យ​និទានរឿង​ឲ្យ​បាន​ប្រសើរ​បំផុត ចំពោះ​ស្តេច​។ វិធីសាស្ត្រ​របស់​នាង គឺ​ការ និទានរឿង​ថ្វាយ​ស្តេច ដែល​ចង់​ស្តាប់ ចង់​ដឹង និង​ងប់​ង​ល់​នឹង​សាច់​រឿង​ដែល​បាន​និទាន​រួច និង​ចង់​យល់​ដឹង​បន្ត​ទៀត ពីព្រោះ​វា​ពីរោះ​ជាប់ ចិត្ត​រហូត​ដល់​ថ្ងៃ​ណាមួយ​ដែល​ស្តេច​អាច​លើក លែង​ការ​សម្លាប់​នាង​បាន ។ នេះ​ជា​ផែនការ បណ្តោះអាសន្ន​របស់​នាង ឯ​សេចក្តី​សង្ឃឹម​វា ស្ថិត​នៅ​លើ​ចំណេះដឹង និង​សាច់​រឿង គួប​ផ្សំ​នឹង សិល្បៈ​និទាន​របស់​នាង ។

ទស្សនៈ​របស់​ស្តេច គឺ​ការ​ចងកំហឹង​នឹង​ស្ត្រី ព្រះ​អង្គ​មិន​ចង់​ឲ្យ​ភេទ នេះ​ថ្ពឹន​ព្រះ​នេត្រ ព្រះ​អង្គ​ទៀត​ទេ ។ នៅ​ក្នុង វាំង​ពេល​រាត្រី ក្រោយ​ពី​ស្តេច​ឆា​រី​យ៉ា បាន សប្បាយ​នឹង​តណ្ហា​រួច​ហើយ នាង​សេ​ហេ​រ៉ា​ហ្សា​ដ លើក​សំណូមពរ​ថ្វាយ​ស្តេច​ថា ឲ្យ​ប្អូនស្រី​ឌី​ណា ហ្សា​ដម​ក​ដេក​ជាមួយ​នាង ដើម្បី​ស្តាប់​នាង និយាយ​រឿង​ឲ្យ​ស្តាប់​មុន​នឹង​ស្លាប់​នា​ថ្ងៃស្អែក​។ ស្តេច​យល់ព្រម ។ ក្នុង​ពេល​មាន់រងាវ​«​កុះ​» នាង​ឌី​ណា​ហ្សា​ដ​ក៏​ដាស់​បងស្រី​ឲ្យ​និយាយ​រឿង និង​ថ្វាយ​ជូន​ស្តេច​ឲ្យ​សព្វព្រះទ័យ​ផង មុន​នឹង បែក​គ្នា​ជា​អវសាន ។

សេ​ហេ​រ៉ា​ហ្សា​ដ​ចាប់ផ្តើម និទាន​រឿង​ទី​មួយ​ឡើង ហើយ​លុះត្រា​ណា​ថ្ងៃ​រះ​នាង​ក៏​ឈប់ ដោយ​រក្សា​ទុក​នូវ​អាថ៌​កំបាំង​បន្ត ដែល​ធ្វើ​ឲ្យ​ស្តេចចង់​ដឹង ចង់​ស្តាប់​បន្ត​ទៀត ។ ស្តេច​ឆា​រី​យ៉ា មាន​ព្រះ​ឱង្កា​រថា «​យើង​រង់ចាំ​ដល់​ថ្ងៃស្អែក​នឹង​នាំ​នាង​ទៅ​សម្លាប់​ចោល ក្រោយ​ពី​ស្តាប់​សាច់​រឿង​ចប់ » ។

ក៏​ប៉ុន្តែ​សាច់​រឿង​បាន​ផ្សារ​ភ្ជាប់​គ្នា​រដឹក រហូត​ដល់​មួយ​ពាន់ និង​មួយ​យប់ ។ ការ​និទានរឿង​បាន​ជិត​ដល់​៣​ឆ្នាំ ដែល នាង​សេ​ហេ​រ៉ា​ហ្សា​ដ អាច​ឈាន​ទៅ​កែប្រែ​ផ្លូវ ចិត្ត​របស់​ស្តេច​ឆា​រី​យ៉ា បាន​ល្អ​វិញ ។ ដំណោះ ស្រាយ​នៃ​ការ​រំដោះ​ស្ត្រី​ក្រមុំ​ឲ្យ​ផុត​ពីរ​ណ្តៅ មរណៈ​កើត​មាននៅ​យប់​ទី​មួយ​ពាន់ និង​មួយ យប់​នៅ​ពេល ដែល​ខ្សែ​រឿង​បាន​ជុំ​ជាតិ ។ ពេល នោះ​ស្តេច​ឆា​រី​យ៉ា និង​នាង​សេ​ហេ​រ៉ា​ហ្សា​ដ ក្លាយ ទៅ​ជា​ស្វាមី និង​ភរិយា​ដ៏​ល្អ ក្នុង​ព្រះរាជា​ណា​ចក្រ ព្រមទាំង​បាន​ព្រះរាជបុត្រ​ល្អ​មួយ​អង្គជា  ភស្តុ​តាង​ផង ។ ច្បាប់​ពិឃាដ​ស្ត្រី​ក្រមុំ​ក៏​រលាយ ​បាត់ ។

ព្រះ​អង្គ​ឆា​រី​យ៉ា​ក៏​លែង​មាន​ព្រះ​ទ័យ ចង់ ព្យាបាទ​ចំពោះ​ស្ត្រីភេទ​ចាប់ពី​ពេល​នោះ​មក ៕