អ្នកច្បាប់ និង​មេធាវី ចាត់ទុក​ការចាប់ខ្លួន​លោក អ៊ុំ សំអាន ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​

មិន​ត្រឹមតែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​នោះទេ​ដែល​ចាត់ទុក​ការចាប់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពី​សំណាក់​សមត្ថកិច្ច​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ សូម្បីតែ​មេធាវី និង​អ្នកច្បាប់ ក៏បាន​យល់ឃើញ​ដូច​ការអះអាង​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ផងដែរ ពោលគឺ​ការចាប់ខ្លួន​លោក អ៊ុំ សំអាន ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​អភ័យឯកសិទ្ធិ​អ្នក​តំ​ណា​រាស្ត្រ យ៉ាងពិត​ប្រាកដ នេះ​ជាការ​បញ្ជាក់​របស់លោក យឹម សុវណ្ណ ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។​

លោក យឹម សុវណ្ណ ដែលជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ​ដែរនោះ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ​ថា មិនមែន​តែ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ប៉ុណ្ណោះ​ទេ ដែល​បាន​លើកឡើងថា ការចាប់ខ្លួន​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ សូម្បីតែ​ក្រុមអ្នកច្បាប់ និង​មេធាវី​ក៏​លើកឡើង​ដូចគ្នា​ដែរ​។ លោក យឹម សុវណ្ណ បាន​ពន្យល់ថា បើតាម​លោក​ស្តាប់​អ្នកច្បាប់ និង​មេធាវី មិនមែន​មានមតិ​តែ​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ព្រោះ​ចំពោះ​ព្រឹ​តិ្ត​ការណ៍​កន្លងមក ធ្វើ​អ្វីៗ​ផ្ទុយ​រដ្ឋធម្មនុញ្ញ​។ លោក យឹម សុវណ្ណ ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក  អ៊ុំ សំអាន ត្រូវបាន​មហាជន ទូទៅ​ចាត់ទុកថា គឺជា​អ្នកស្នេហាជាតិ​។

​គួរ​បញ្ជាក់ថា លោក អ៊ុំ សំអាន ជា​អ្នកតំណាងរាស្ត្រ មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លេចធ្លោ ក្នុង​សំណុំរឿង ព្រំដែន​កម្ពុជា និង​វៀតណាម ហើយ​ត្រូវបាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ឃាត់ខ្លួន នៅ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦​។ ក្រោយមក​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោល​ទោល​យ៉ាង​ដាច់អហង្ការ ចំពោះ​ការចាប់ ខ្លួន​លោក អ៊ុំ សំអាន ថា  ជា​ទង្វើ​រំលោភបំពាន យ៉ាងធ្ងន់ធ្ងរ​លើ​អភ័យ ឯកសិទ្ធិ​អ្នកតំណាងរាស្ដ្រ ដែល​ត្រូវបាន​ធានា ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​បានលើកឡើង​ថា​ចម្លែក​ណាស់​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ព្រោះ​អ្នកការពារ​ទឹកដី ត្រូវគេ​តាម​ចាប់​ដាក់គុក តែ​អ្នកធ្វើ​ឲ្យ​បាត់បង់​ទឹកដី ធ្វើ​ព្រងើយ​ទៅវិញ​។ ការបញ្ជាក់​របស់ លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​ត្រូវគេ​សង្កេតឃើញថា​កើតឡើង​ស្រប​ពេលដែល​សកម្មជន និង​អ្នក​ហ៊ាន​រិះគន់​ពី​បញ្ហា​ព្រំដែន បញ្ហា​បរិស្ថាន និង​បញ្ហា​សេដ្ឋកិច្ចសង្គម​ជាច្រើន​ទៀត​នៅតែ​បន្ត​ជាប់ពន្ធនាគារ​នៅឡើយ ខណៈ​អ្នក​ដែល​រង​ការរិះគន់​ពី​បញ្ហា​ទាំងនោះ​នៅតែ​បន្ត​មាន​សេរីភាព​យ៉ាង​ព្រងើយ​ទៅវិញ​៕

Yim-Sovann ad9400cf-a4b8-481b-a2f8-041851ff5faa