គ្រឿងញៀន​កំពុង​បង្ក​ហានិភ័យ​យ៉ាង​ធំ​នៅក្នុង​សង្គម​កម្ពុជា

តាម​តួលេខ​នៃ​ការធ្វើ​បច្ចុប្បន្នភាព និង​ផែនការ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ឆ្នាំ​២០១៥​របស់​នគរបាលជាតិ និង​ទិន្នន័យ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បង្ហាញថា មាន​ចំនួន​អ្នកញៀន​គ្រឿងញៀន​ចំនួន​១៦៥៧៥​នាក់ កាលពី​ឆ្នាំ​២០១៥​។ ប្រការនេះ​បានបង្ហាញ​ឲ្យ​ឃើញថា គ្រឿងញៀន​កំពុង​បង្ក​ឲ្យ​មាន​ហានិភ័យ​យ៉ាង​ធំ​នៅក្នុង​សង្គម​កម្ពុជា ហើយ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​ភាគច្រើន​គឺជា​យុវវ័យ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ទូទៅ​អំពាវនាវ​យ៉ាងទទូច​ដល់​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ឲ្យ​យកចិត្តទុកដាក់​កាន់តែខ្លាំង​ថែមទៀត​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព​។

តាមរយៈ​សារព័ត៌មាន គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ជាច្រើន​ករណី​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ដូចជា ខេត្តកណ្ដាល ខេត្ត​ព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្ទឹងត្រែង​ជាដើម​។ ក្នុងនោះ​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា​ជា​គោលដៅ​ដែល​ឈ្មួញ​នាំចូល​គ្រឿងញៀន​ពី​ប្រទេស​ឡាវ​ឆ្លងកាត់​តំបន់​នេះ ហើយ​បើទោះបី​សមត្ថកិច្ច​បង្ក្រាប​ជា​ញឹកញាប់ ក៏​នៅតែ​មិនអាច​ទប់ស្កាត់​បទល្មើស​បានឡើយ​។ ចំណែក​នៅក្នុង​រាជធានី​ភ្នំពេញ បទល្មើស​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ជា​រៀងរាល់ថ្ងៃ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ទៀតផង​។

​តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ ទទួលបន្ទុក​ផែនការ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា កម្ពុជា​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​ពី​ការផលិត​និង​ការ​ចរាចរណ៍​គ្រឿងញៀន​ឆ្លងកាត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​ត្រូវ​រងគ្រោះ​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​។ របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា សភាពការណ៍​បទល្មើស​គ្រឿងញៀន​ប្រចាំ​តំបន់​ពុំមាន​ការថយចុះ​នោះទេ ហេតុនេះហើយ​ទើប​ជះឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​ប្រទេស​កម្ពុជា​។ មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​របស់​សមត្ថកិច្ច​កម្ពុជា ហាក់ដូចជា​នៅមានកម្រិត ហេតុនេះហើយ​ទើប​បទល្មើស​ចែកចាយ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ពី​ទីប្រជុំជន​រហូតដល់​ជនបទ​ដាច់​ស្រ​យ៉ា​ល​។ តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នាពេល​កន្លងមក​បាន​ឲ្យ​ដឹងថា​បទល្មើស​ពុំមាន​ការថយចុះ​នោះទេ បើទោះបី​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​យ៉ាង​យកចិត្តទុកដាក់​ក៏ដោយ​៕

CH-01154 d44ae73a6979696953dddffa06c7f7edca250b6a