​លោក សម រង្ស៊ី បញ្ជាក់ថា​ខ្មែរ​មិន​ស្អប់​យួន​ទេ តែ​ត្រូវការពារ​ចំពោះ​ការឈ្លានពាន​របស់​យួន​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជាថ្មី​ម្តងទៀត បាន​បញ្ជាក់ថា​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​មិនបាន​ស្អប់ ឬ​រើសអើង​ជាតិ​សាសន៍​ចំពោះ​ជនជាតិ​យួន​នោះទេ តែ​ចាំបាច់​ណាស់​ដែល​ខ្មែរ​ត្រូវមាន​ការប្រុងប្រយ័ត្ន ឬ​ការពារ​ជាមុន​ចំពោះ​ការឈ្លានពាន​របស់​ប្រទេស​យួន ក៏ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​មកលើ​ប្រទេស​កម្ពុជា​។ ការបញ្ជាក់​របស់ លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​គឺ​សមស្រប​ទៅនឹង​ប្រវត្តិសាស្ត្រ​ដែល​បាន​បង្ហាញថា​ប្រទេស​យួន​បាន​ឈ្លានពាន​ប្រទេស​កម្ពុជា​កាលពី​អតីតកាល ហើយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាត់បង់​ទឹកដី​ជាច្រើន​ខេត្ត​។​

​លោក សម រង្ស៊ី បាន​ពន្យល់ថា​ទាំង​រូបលោក ទាំង​ជនជាតិខ្មែរ​ដទៃទៀត យើង​មិនមាន​គំនិត​ប្រកាន់ពូជសាសន៍ ចំពោះ​ជនជាតិ​យួន ឬ​វៀតណាម​ឡើយ​។ តែ​យើង​ប្រឆាំង​ដាច់ខាត ចំពោះ​នយោបាយ​ឈ្លានពាន ឬ​នយោបាយ​វាតទី ពី​សំណាក់​រដ្ឋាភិបាល​ប្រទេស​វៀតណាម ឬ​រដ្ឋាភិបាល​ណាមួយ របស់​ប្រទេសជិតខាង​ណាមួយ នៅពេល​ណាមួយ ដែល​យើង​រងគ្រោះ​ដោយសារ​នយោបាយ​បែបនេះ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី កន្លងមក​បានបញ្ជាក់​ថា ជនជាតិខ្មែរ​ដែលជា​អ្នក​ស្រឡាញ់​ជាតិ​ពិតប្រាកដ ចង់​ឲ្យ​ខ្មែរ​ទាំងអស់ ជានា​គ្នា និង​រួបរួមគ្នា ដើម្បី​ការពារ​ទឹកដី​យើង ឲ្យ​បាន​គង់វង្ស​។ មានតែ​អ្នកបម្រើ​បរទេស​ដាច់​ថ្លៃ​ទេ ដែល​ចេះតែ​ដើរ​រករឿង​ខ្មែរ​គ្នាឯង ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា តាម​បំណង​បរទេស​ឈ្លានពាន ដែល​ចាំតែ​ឆក់​ឱកាស លេប​ត្របាក់​ទឹកដី​យើង ពេលណា​ខ្មែរ​ខ្សោយ​ដោយសារតែ​ខ្មែរ​ឈ្លោះ​គ្នា​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់​ដោយ​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កត់សម្គាល់​ឲ្យ​ច្បាស់​ថា  អ្នក​ស្រឡាញ់​ជាតិ ចង់​ឲ្យ​ខ្មែរ​រួបរួមគ្នា តែ​អ្នកបម្រើ​បរទេស ចង់​បង្កជម្លោះ​ឥតឈប់ឈរ​។​

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុ​ជាជាង​៣០​ឆ្នាំ​មកនេះ​បាន​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ដោយសារតែ​បណ្តែតបណ្តោយ​ឲ្យ​ជនជាតិ​យួន​ហូរ​ចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​យ៉ាង​អនាធិបតេយ្យ ហើយ​មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់ ដែល​បញ្ហា​នេះ​ត្រូវគេ​ដឹងថា​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​សំខាន់​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ទម្លាក់​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ចំនួន​៩០​អាសនៈ​នៅ​អាណត្តិ​ទី​៤​មក​នៅត្រឹម​៦៨​អាសនៈ​នៅ​អាណត្តិ​ទី​៥ ហើយនឹង​ធ្លាក់ចុះ​បន្តទៀត​នៅ​អាណត្តិ​ទី​៦៕

12642789_1035322013191198_1883177119683584337_n