​សហរដ្ឋអាមេរិក​គាំទ្រ និង​ចង់ឃើញ សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពរឹងមាំ និង​រស់​រវើក​

​សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​កម្ពុជា​បានបង្ហាញ​គោលជំហរ​នៅថ្ងៃនេះ​ថា​សហរដ្ឋអាមេរិក​នៅតែ​បន្ត​គាំទ្រ និង​ចង់ឃើញ​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពរឹងមាំ និង​រស់​រវើក ហើយ​មិនត្រូវ​រង​ការបំភិតបំភ័យ និង​គាបសង្កត់​តាម​រូបភាព​ផ្សេងៗ​ដែល​សកម្មភាព​ទាំងនោះ​វា​នឹង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានបង្ហាញ​គោលជំហរ​ថា ប្រទេស​ដែល​រឹងមាំ​ហើយ​មាន​ជោគជ័យ​ត្រូវមាន​សង្គម​ស៊ីវិល​រឹងមាំ និង​រស់​រវើក​។ សហរដ្ឋអាមេរិក ក៏ដូចជា​ពិភពលោក​ទាំងមូល​ដឹង​ហើយ​ថា នៅក្នុង​ប្រវត្តិសាស្ត្រ​ទាំងមូល ភាពជឿនលឿន​របស់​ម​នុស្ស​ជាតិ​ត្រូវបាន​ជំរុញ មិនមែន​ត្រឹមតែ​ដោយ​មេដឹកនាំ​ល្បី និង​ដោយ​រដ្ឋ​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ដោយ​មនុស្ស​ស្រី ប្រុស​សាមញ្ញ ដែល​មានជំនឿថា ការផ្លាស់ប្តូរ​អាចមាន​ទៅបាន​។​

ស្ថានទូត​អាមេរិក​បាន​បញ្ជាក់ថា វា​ជាការ​ប្រសើរ​ណាស់​ដែល​ប្រទេស​កម្ពុ​ជាមាន​សង្គម​ស៊ីវិល​មួយ​រឹងមាំ និង​រស់​រវើក ដែល​ដឹកនាំ​ដោយ​បុរស និង​នារី​ប្រកបដោយ​ទឹកចិត្ត​ប្តូរផ្តាច់ មកពី​អង្គការ​ដូចជា​អង្គការ​អាដហុក អង្គការ​លីកាដូ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​អង្គការ​វេទិកា​អនាគត ជាដើម​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ចំពោះ​សង្គម​ស៊ីវិល​នៅ​កម្ពុជា រួមទាំង​នៅ​ថ្នាក់ខ្ពស់​បំផុត​នៃ​រដ្ឋាភិបាល​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ស្ថានទូត​អាមេរិក​បាន​សង្កត់ធ្ងន់​ថា​អង្គការ​សង្គម​ស៊ីវិល​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ការលើកកម្ពស់​សិទ្ធិមនុស្ស អភិបាលកិច្ច​ល្អ និង​សេរី​ភាពជា​សកល​។ ដូចដែល​លោក ច​ន ឃើ​រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បានកត់សម្គាល់ នៅ​ខែ មករា ថា ភាពជឿនលឿន​នៅក្នុង​វិស័យ​នីមួយៗ​នៃ​វិស័យ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បំពេញ​សក្តានុពល​ពេញលេញ​នៃ​ក្តីសង្ឃឹម និង​សេចក្តីប៉ងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​៕

0D0A2A2E-C05D-4DE6-B985-709BD219769F_mw1024_s_n