មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យ ធ្វើ​ឲ្យ​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​

ចាប់តាំងពី​លោក ឆែ សុធា មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​រួចមក បាន​ប្រើប្រាស់​អំណាច​ដើម្បី​ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ប៉ុស្ដិ៍​ជជុះ​របស់​សមត្ថកិច្ច​គ​យ​បាន​បង្កើតឡើង​ជាច្រើន​ក​ន្លែ​ង​ផងដែរ​។ សមត្ថកិច្ច​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក ឆែ សុធា បាន​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ អាជីវករ និង​អ្នករត់​តាក់ស៊ី​ដែល​ស៊ីឈ្នួល​ដឹកទំនិញ​ដើម្បី​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ ផ្ទុយទៅវិញ​លោក ឆែ សុធា និង​បក្ខពួក ត្រូវបាន​ប្រភព​នានា​រិះគន់ថា ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​។

កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦ ក្រុម​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ​នៅ​ក្រុង​ប៉ោយប៉ែត ជាង​១០​នាក់​បាន​យក​រថយន្ត​បិទផ្លូវ​ជាតិ​លេខ​៥​នៅ​សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រគល់​រថយន្ត​១​គ្រឿង​ដែល​ពួកគេ​បាន​ចាប់​នាពេល​កន្លងមក​។ រថយន្ត​១​គ្រឿង​នោះ​ត្រូវបាន​មន្ត្រី​គយ​កូនចៅ​លោក ឆែ សុធា ចាប់​ដោយ​ចោទប្រកាន់ថា បាន​ដឹកទំនិញ​គេចពន្ធ​ខុសច្បាប់ ហើយ​ក្រុម​អ្នករត់​តាក់ស៊ី​បាន​បញ្ជាក់ថា ពួកគេ​មិនបាន​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ខុសច្បាប់​ដូច​ការចោទប្រកាន់​ទាំង​បំពាន​ពី​សំណាក់​មន្ត្រី​គយ​ដែលជា​កូនចៅ​របស់លោក ឆែ សុធា នោះទេ​។ ទង្វើ​អាក្រក់​របស់​មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យ គួរតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ពិនិត្យឡើងវិញ​ជាបន្ទាន់​។

ប្រភពពី​តំណាង​ក្រុម​អ្នករត់​តាក់ស៊ី​ដែល​យក​រថយន្ត​បិទផ្លូវ​ជាតិ​លេខ​៥​តវ៉ា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា​មូលហេតុ​ដែល​ពួកគាត់​បិទផ្លូវ គឺ​ដោយសារ​មន្ត្រី​គយ​ក្រុង​ប៉ោយប៉ែត ចាប់​រថយន្ត​ពួកគាត់​១​គ្រឿង​កាលពី​ថ្ងៃទី​២៤ ខែមេសា ដោយ​ចោទប្រកាន់ថា​ដឹកទំនិញ​ខុសច្បាប់​។ តំណាង​ក្រុម​អ្នករត់​តាក់ស៊ី​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​នោះ​ដឹកទំនិញ​គ្រឿង​ប្រើប្រាស់​ផ្នែក​កសិកម្ម​ពី​ក្រុង​ប៉ោយប៉ែត ទៅ​ខេត្តបន្ទាយមានជ័យ ដោយ​ស្របច្បាប់​ហើយ​ទទួល​ប្រាក់​ឈ្នួល​ក្នុង​មួយ​ជើង​៧​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ដូច្នេះ​ទង្វើ​របស់​សមត្ថកិច្ច​គ​យ​ក្រុង​ប៉ោយប៉ែត គឺជា​ចេតនា​ធ្វើបាន​គាបសង្កត់​ទៅលើ​ក្រុម​អ្នករត់​តាក់ស៊ី​យ៉ាងច្បាស់​ក្រឡែត​តែម្តង​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ទង្វើ​ដ៏​អាក្រក់​ហួសហេតុ​របស់​មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឆែ សុធា ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​ការតវ៉ា​របស់​ក្រុម​អ្នករត់​តាក់ស៊ី​បាន​លើកឡើងថា រាល់​ទំនិញ​នាំចូល​តាម​ច្រកព្រំដែន​ឬ​តាម​ច្រករបៀង​គួរតែ​សមត្ថកិច្ច​គយ​ត្រួតពិនិត្យ​ឲ្យ​ហើយ មិនត្រូវ​មក​បង្ក​ការលំបាក​ដល់​ក្រុម​អ្នករត់​តាក់ស៊ី​ដែល​គ្រាន់តែ​ស៊ីឈ្នួល​ដឹកទំនិញ​ឲ្យ​គេ​ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​នោះទេ​។ ទន្ទឹមនឹងនេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ គួរតែ​ពិនិត្យមើល​ទង្វើ​អាក្រក់​របស់​មន្ត្រី​គយ​ក្រុង​ប៉ោយប៉ែត ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​អំណាច​ធ្វើបាប​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​៕

e1c650f2279699c7e6ab9a936c2738b1 627 628 df80ead1-804f-43a5-a7c9-c071e22b417b