ប្រជាពលរដ្ឋ​នៅតែមាន​សេចក្ដី​ព្រួយបារម្ភ​ពី​មហន្តរាយ​ព្រៃឈើ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​

កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បានដាក់​តំបន់​ព្រៃ​ចំនួន​៥​ចូល​ជា​តំបន់​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែលមាន​ទំហំ​សរុប​ជាង​៩០​ម៉ឺន​ហិកតា​។ តំបន់​ទាំង​៥​ដែល​ត្រូវដាក់​ជា​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ​នោះ​រួមមាន ព្រៃ​ឡង់ ព្រៃ​ក្រវាញ​ខាងត្បូង ព្រៃ​ព្រះ​រកា ព្រៃ​សៀម​ប៉ាង​ខាងលិច និង​ព្រៃ​វ៉ើ​ន​សៃ​ជាដើម​។ ក៏ប៉ុន្តែ​សកម្មជន​ការពារ​ព្រៃឈើ និង​សកម្មជន​បរិស្ថាន ព្រមទាំង​ប្រជាពលរដ្ឋ​នៅតែមាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​មហន្តរាយ​ព្រៃឈើ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែខ្លាំង​ឡើងៗ​ដល់​បរិស្ថាន​ធម្មជាតិ​។

សេចក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទូទៅ​បាន​កើតមាន​ស្រប​ពេលដែល​ដើមឈើ​ធំៗ​ក្នុង​តំបន់​ព្រៃ​ឡង់​នៃ​ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ នៅតែ​ត្រូវ​ក្រុម​ឈ្មួញ ក្រុម​ជនល្មើស កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នៅមានកម្រិត​។ លើស​នេះ​ទៅទៀត​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​តំបន់ភ្នំ​គូលែន រាប់រយ​ហិកតា​កំពុង​ត្រូវ​ក្រុម​ជនល្មើស​កាប់​គាស់​ឈូសឆាយ​ដុតបំផ្លាញ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ​ដោយ​ពុំមាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ មជ្ឈដ្ឋាន​ជាច្រើន​បាន​រិះគន់ថា រហូតមកដល់​ពេលនេះ​ក្រសួងបរិស្ថាន ក៏ដូចជា​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ មិនទាន់មាន​វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ និង​បំផ្លាញ​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។

​ដោយឡែក​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​លំ​ផាត់ ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ ស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក ហើយ​ក្រុម​ឈ្មួញ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដដែល​។ ចំណែក​នៅក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច និង​ព្រៃ​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ខេត្តមណ្ឌលគិរី បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​បន្ត​កើតមាន​យ៉ាង​រាលដាល ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់​បង្ក្រាប​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះទេ​។ ហេតុនេះហើយ​ទើប​សកម្មជន​ព្រៃឈើ សកម្មជន​បរិស្ថាន និង​ប្រជាពលរដ្ឋ​ទូទៅ ព្រួយបារម្ភ​ពី​វិនាសកម្ម​ព្រៃឈើ បើទោះបី​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​ដាក់​តំបន់​ព្រៃឈើ​ជាង​៩០​ម៉ឺន​ហិកតា ជា​តំបន់​ការពារ​និង​អភិរក្ស​យ៉ាងណាក៏ដោយ​៕

11058699_1808670346024031_8798971760636891432_n 17602_1809791065911959_3824999326003942019_n 11042673_1808670332690699_7230683139885642584_n 10409199_1810653322492400_2425993062667801041_n