មន្ត្រីក្រោមឱវាទ​រិះគន់​លោក សាម ណូ​ក ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​កែប​ថា​កឹ​ប​កេង​ថវិកាជាតិ​

ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​កែប លោក សាម ណូ​ក ត្រូវបាន​មន្ត្រីរាជការ​ក្រោម​ឱវាទ​រិះគន់ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​អស់​រយ​:​ពេល​ជាច្រើន​ឆ្នាំ​មកហើយ តាមរយ​:​ការ​កិបកេង​ថវិកាជាតិ​លើ​ខ្ទង់ចំណាយ​របស់​មន្ទីរ​ខ្លួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មន្ត្រី​ជិតស្និទ​លោក សាម ណូ​ក ក៏បាន​ចូលរួម​ឃុបឃិត​ជាមួយគ្នា​ផងដែរ ហើយ​ថា​មន្ត្រី​មានអំណាច​នៅ​ក្រសួង​ប្រៃ​ណី​យ៍ និង​ទូរគមនាគមន៍​មួយចំនួន​ក៏បាន​ទទួលផល​ប្រយោជន៍​ពី​លោក សាម ណូ​ក និង​បក្ខពួក​ផងដែរ ហើយ​មន្ត្រី​ទាំងនោះ​បានការ​ពារ​លោក សាម ណូ​ក វិញ​តាមរយៈ​ការប្រើប្រាស់​ឥ​ទ្ធ​ពល​របស់​ពួកគេ​ដែលមាន​នៅក្នុង​ក្រសួង​ប្រៃសណីយ៍  និង​ទូរគមនាគមន៍​។​

មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​កែប​បាន​រាយការណ៍​មក​ថា នៅ​មន្ទីរ​ប្រៃសណីយ និង​ទូរគមនាគមន៍​ខ​ខេត្ត​កែប ក្នុង​មួយឆ្នាំៗ​មាន​ខ្ទង់ ចំណាយ​ក្រៅពី​ប​ន្ទុ​បុគ្គលិក​អស់​ថវិកា​ជាង​២០០​លាន​រៀល ដោយ​ក្នុងនោះ​មួយផ្នែកធំ គឺ​ការចំណាយ​ទៅ​សម្ភាៈ​រដ្ឋបាល ប្រេង​ឥន្ទ​: សម្ភារៈប្រើប្រាស់​ផ្សេងៗ ជាពិសេស ការចំណាយ​លើ​ផ្នែក​ថែទាំ និង​ជួសជុល​តែម្តង​។ ប្រភព​ដដែល​បាន​បន្តថា សម្រាប់​ខ្ទង់ចំណាយ​ទាំងអស់ គឺ​លោក សាម ណូ​ក ប្រធាន​មន្ទីរ​បានធ្វើការ​កិបកេង​បំប៉ោង​តួលេខ​នៃ​ការចំណាយ ហើយ​ការចំណាយ​មួយចំនួនទៀត​គឺជា​ការចំណាយ​ខ្យល់​ដែលមាន តែ​នៅលើ​របាយ​ការ​ណ៏​ទូទាត់ សម្រាប់​ដាក់ជូន​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម ត្រួតពិនិត្យ​តែប៉ុណ្ណោះ​ដែល​បញ្ហា​ធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​មិនតិច​ទេ​។​

ជុំវិញ​បញ្ហា​នេះ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​កែប បាន​ស្នើថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​គប្បី​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ខាងលើនេះ​ឡើងវិញ ព្រោះ​សព្វថ្ងៃនេះ​សកម្មភាព​ការងារ​នៅ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​កែប​អសកម្ម​ណាស់ ខណៈ​មន្ត្រី​មួយចំនួន​មិន​បានមក​បំពេញការងា​រ​ឲ្យ​បាន​ពេញលេញ​ទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​កែប បានទទួល​កញ្ចប់​ថវិកា​ជាតិ​ក្នុង​មួយៗ​ឆ្នាំៗ​រាប់រយ​លាន​រៀល តែ​លទ្ធផល​ការងារ​ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​នៅមានកម្រិត​ទាប​នៅឡើយ​៕

acu-om-yentieng-25-04-16លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ