រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ស្រុក​កែវ​សីមា បន្តសកម្មភាព​យ៉ាង​គឃ្លើន​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​

​ប្រជាពលរដ្ឋ​និង​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានបង្ហាញ​នូវ​ការសង្ស័យថា លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​មន្ត្រីក្រោមឱវាទ​ទំនងជា​ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ដ៏​ធំ​ក្នុង​ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ទើប​បណ្ដោយ​ឲ្យ​សិប្បកម្ម​នោះ​ដំណើរការ​យ៉ាង​រលូន​។ ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ដ៏​ធំ​ក្នុង​ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ត្រូវគេ​ស្គាល់​ថា​ឈ្មោះ ទូ ហៀ​ង ហៅ​យាយ​ម៉ាប់ ដែលមាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ផងដែរ​។ ម្យ៉ាងទៀត​ទំនងជា​ឈ្មោះ ទូ ហៀ​ង ហៅ​យាយ​ម៉ាប់ មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។

​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​បំផ្លាញ​ព្រៃឈើ​នាពេល​កន្លងមក គឺ​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​សិប្បកម្ម​កែច្នៃ​ឈើ​របស់​យាយ​ម៉ាប់​នោះទេ​។ ផ្ទុយទៅវិញ​យាយ​ម៉ាប់ នៅតែ​បន្ត​ដឹកឈើ​ពី​តំបន់​ផ្សេងៗ​ចូល​រោង​សិប្បកម្ម​របស់ខ្លួន​ដើម្បី​កែច្នៃ​ហើយ​ដឹកចេញទៅ​វិញ​យ៉ាង​រលូន​ពុំមាន​ការរំខាន​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នោះឡើយ​។ ហេតុនេះហើយ​ទើប​យាយ​ម៉ាប់ នៅតែ​បង្ហាញ​ភាព​ក្រអឺតក្រទម​យ៉ាងខ្លាំង​ក្នុងការ​ប្រកបមុខរប​រ​កែច្នៃ​ឈើ​ខុសច្បាប់ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ដើម្បី​ឲ្យ​អាជីវកម្ម​រោង​សិប្បកម្ម​កែច្នៃ​ឈើ​របស់ខ្លួន​ប្រព្រឹត្ត​ទៅដោយ​រលូន គឺ​យាយ​ម៉ាប់ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក សំ​រ៉ង ឌី​វិចិត្រ នាយក​ផ្នែក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា និង​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​នេះ​។ ដោយមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​បែបនេះហើយ​ទើប​យាយ​ម៉ាប់ អាច​បន្ត​អាជីវកម្ម​របស់ខ្លួន​យ៉ាង​រលូន​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ក្នុងខណៈដែល​ព្រៃឈើ​ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​ឥតឈប់ឈរ​។ បញ្ហា​នេះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី គួរពិនិត្យមើល​ផងដែរ ព្រោះ​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​កែវ​សីមា កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​ដដែល ហើយ​សិប្បកម្ម​របស់​យាយ​ម៉ាប់ នៅតែ​ដំណើរការ​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​៕

d-mab1-500x281 d-TOu-heang-500x281