គម្រប​ព្រៃឈើ​ក្នុងស្រុក​ចិត្រ​បុរី ខេត្តក្រចេះ រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ មន្ត្រី​អាជ្ញាធរ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បទល្មើស​បំផ្លាញ​គម្រប​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា ទាំង​អភិបាលស្រុក​ចិត្រ​បុរី និង​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ធ្វើ​មិនដឹងមិនឮ​ជុំវិញ​ករណី​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​នៅក្នុង​ភូមិ​ស្វាយជ្រំ ឃុំ​ថ្មី នោះទេ​។ ជាងនេះទៅទៀត​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ពួកគេ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គម្រប​ព្រៃឈើ​មួយកន្លែង​ដែលជា​តំបន់​ជម្រក​សត្វព្រៃ​នៅ​ចំណុច​អូរ​អំពាត ជាប់​ព្រំប្រទល់​ដី​សម្បទាន​សង្គមកិច្ច​ក្នុងភូមិ​ស្វាយជ្រំ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី កំពុង​ត្រូវបាន​ឈ្មួញ​មាន​លុយ​ទន្ទ្រាន​ឈូសឆាយ​ហ៊ុមព័ទ្ធ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ អ្នកមាន​លុយ​ដែល​ធ្វើ​សកម្មភាព​ឈូសឆាយ​គម្រប​ព្រៃឈើ​ទន្ទ្រាន​យក​ដី​នោះ ត្រូវគេ​ស្គាល់​ថា​ឈ្មោះ ច្រឹ​ក សំបូរ ហៅ​គ្រូ​បូរ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រាប់រយ​ហិកតា​ដោយ​ពុំមាន​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ផ្ទុយទៅវិញ​ប្រសិនបើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ហ៊ាន​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​បន្តិចបន្តួច ឬ​កាប់​អុស​ដុត​ក៏​អាច​ប្រឈម​នឹង​ការចាប់​ដាក់គុក​ច្រវាក់​ចៀស​មិន​ផុត​ឡើយ​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្វាយជ្រំ បាន​លើកឡើងថា ការដែល​លោក ច្រឹ​ក សំបូរ អាច​ឈូសឆាយ​ដីព្រៃ​រាប់រយ​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ គឺមាន​ការបើក​ដៃ​ពី​លោក មុំ ខាំ មេឃុំ​ថ្មី​ផងដែរ​។ បញ្ហា​នេះ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ ព្រោះ​គម្រប​ព្រៃឈើ​នៅ​ចំណុច​អូរ​អំពាត ក្នុងភូមិ​ស្វាយជ្រំ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ទាំង​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ចិត្រ​បុរី ពួកគេ​សម្ងំ​ស្ងាត់ឈឹង​តែម្តង​។ ក្នុងនោះ​លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត អាច​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​បំផ្លាញ​ព្រៃឈើ​នោះដែរ ទើប​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​៕

សរ-ចំរ៉ុង-សា1លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ k-dara-r-500x375 k-dara-r1-500x375