នៅតែមាន​ពលរដ្ឋ​ខ្មែរ​លួច​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​សៀម ប្រឈម​គ្រោះថ្នាក់​សព្វបែបយ៉ាង​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅតែមាន​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​លើ​ទឹកដី​សៀម ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​សព្វបែបយ៉ាង​ដោយសារតែ​បញ្ហា​ជីវភាព​ក្រីក្រ​គ្មាន​ជម្រើស​។ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ​នៅក្នុង​ឧទ្យាន​ជាតិ​ស្រុក​ប្រាក់​ចាន់​ខាម ខេត្ត​ប្រា​ជីន​បុរី សមត្ថកិច្ច​សៀម​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​គ្រញូង​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​។ ក្នុងចំណោម​មនុស្ស​ទាំង​១០​នាក់​ដែល​សមត្ថកិច្ច​សៀម​ឃាត់ខ្លួន​នោះ គឺមាន​ជនជាតិខ្មែរ​២​នាក់ ហើយ​សមត្ថកិច្ច​សៀម​ដកហូត​ឈើ​គ្រញូង​ជា​វត្ថុតាង​ផងដែរ​។

ប្រភពពី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា ជនជាតិខ្មែរ​២​នាក់​ដែល​សមត្ថកិច្ច​សៀម​ឃាត់ខ្លួន គឺ​ទី​១​មានឈ្មោះ យ៉ា សេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ទី​២​ឈ្មោះ តុង មឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ដូចគ្នា​។ ក្រោយពេល​សមត្ថកិច្ច​សៀម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា ការដែល​ពួកគេ​ចូលមក​កាប់​ឈើ​គ្រញូង​នោះ គឺ​ដោយសារ​តែមាន​ការជួល​ពី​សំណាក់​មេ​ឈ្មួញ​ដ៏​ធំ​មួយ​សន្យា​ឲ្យ​ពួកគេ​ក្នុង​ម្នាក់ៗ​១៥០០០​បាត​ក្រោយពេល​កាប់​ឈើ​គ្រញូង​បាន និង​ទម្លាក់​ទៅដល់​ជើងភ្នំ​។ តាម​ចម្លើយសារភាព​បានបញ្ជាក់​ថា ពួកគេ​ទទួល​លុយ​មុន​ក្នុង​ម្នាក់ៗ​២០០០​បាត ដើម្បី​យក​ធ្វើ​សា​ហ៊ុយ​ហើយ​ពេល​កាប់​ឈើ​គ្រញូង​បាន​ទើប​អាច​បើក​លុយ​គ្រប់​ចំនួន​។

ចំណែក​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ សមត្ថកិច្ច​សៀម​ក្នុងស្រុក​ស​ង្ខៈ ខេត្ត​សុរិន្ទ បាន​ឃាត់ខ្លួន​ស្ត្រី​ខ្មែរ​២​នាក់​ដែល​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​សៀម​ផងដែរ​។ នៅក្នុងពេល​សមត្ថកិច្ច​សៀម​ឃាត់ខ្លួន​ស្ត្រី​ខ្មែរ​២​នាក់​នោះ រឹបអូស​បាន​ឈើ​គ្រញូង​ចំនួន​១០៦​ដុំ​ស្មើនឹង​០,៨៥៥​ម៉ែត្រគូប រណារ​ចំនួន​៧ ពូថៅ​ចំនួន​២ ចប​ចំនួន​២ និង​គោម​ភ្លើង​សម្រាប់​បំភ្លឺ​ចំនួន​១​។ ជុំវិញ​បញ្ហា​នេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​មជ្ឈដ្ឋាន​នានា​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាត់វិធានការ​ទៅលើ​ឈ្មួញ​ធំៗ​ដែលជា​ឧក្រិដ្ឋជន​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់ ដោយហេតុថា​មកពី​ឈ្មួញ​ទាំងនោះ​ហើយ ទើប​ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​លួច​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​សង​គ្រោះថ្នាក់​សព្វបែបយ៉ាង​។ លើស​នេះ​ទៅទៀត​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ត្រូវ​សមត្ថកិច្ច​សៀម​បាញ់សម្លាប់ និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ចំណែក​ឈ្មួញ​ដែលជា​ឧក្រិដ្ឋជន​ឈើ​គ្រញូង​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​៕

13103269_1594727987510013_2551812379282808299_n 13043228_1594727917510020_404519329351683963_n 13051588_1594727894176689_4653317919915910026_n 13103338_1594727857510026_3440541792600350436_n