អ្នកភូមិ​ឡ​ពាង ដែល​ត្រូវ​អ្នកស្រី ជា ខេង រំលោភ​យក​ដីធ្លី​កំពុង​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​

កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែល​រងគ្រោះ​ដោយសារ​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី បាននាំគ្នា​ដាក់ពាក្យ​បណ្ដឹង​ជាថ្មីទៀត​ប្រឆាំង​ក្រុមហ៊ុន​ខេ​ឌី​ស៊ី​។ តំណាង​អ្នកភូមិ​ឡ​ពាង ដែល​រងគ្រោះ​ដោយសារ​អ្នកស្រី ជា ខេង ឆក់​ប្លន់​ដីធ្លី​គ្រោង​ដាក់​ញត្តិ​ចូល​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​ព​ន្លឿ​ន​ការដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគាត់​ដែល​អូសបន្លាយ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​។ ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ជុំវិញ​សំណុំរឿង​ជម្លោះដីធ្លី​នេះ ព្រោះ​កន្លងមក​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​តែងការ​ពារ​ផលប្រយោជន៍​អ្នកស្រី ជា ខេង ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។

តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ប្រមាណ​៣០​នាក់​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​អ្នកស្រី ជា ខេង ម្ចាស់​ក្រុមហ៊ុន​ខេ​ឌី​ស៊ី បានធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៣០​គីឡូម៉ែត្រ​តាម​គោយន្ត​២​គ្រឿង​ចេញពី​ភូមិ​ឡ​ពាង ទៅ​ប្រមូលផ្ដុំ​នៅមុខ​សាលាខេត្ត​កំពង់ឆ្នាំង ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​រក​ដំណោះស្រាយ​។ នៅក្នុង​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​បានស្នើ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ខ្វៀ​ល​ដី​ទំហំ​៨២,៩៦​ហិកតា ដែល​ពួកគាត់​កាន់កាប់​តាំងពី​អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយ​ត្រូវ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី របស់​អ្នកស្រី ជា ខេង រំលោភបំពាន​កាលពី​ឆ្នាំ​២០០៧​។ ទំនាស់​ដីធ្លី​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ក្រីក្រ​ដោយសារ​គ្មាន​ដី​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​។

ទាក់ទង​នឹង​បញ្ហា​នេះ​តំណាង​ប្រជាពលរដ្ឋ​បាន​រំលឹកថា ចាប់តាំងពី​ឆ្នាំ​២០០៧​រហូតមក ពួកគាត់​ធ្លាប់បាន​ដាក់ពាក្យ​បណ្ដឹង​យ៉ាងតិច​ចំនួន​៥​ចូល​សាលាខេត្ត​កំពង់ឆ្នាំង ដើម្បី​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​ប្រកបដោយ​តម្លាភាព​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​គឺ​តាំងពី​ជំនាន់​លោក ទូច ម៉ា​រី​ម ធ្វើជា​អភិបាលខេត្ត រហូតដល់​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ធ្វើជា​អភិបាលខេត្ត​កំពង់ឆ្នាំង គឺ​អាជ្ញាធរខេត្ត​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ករណី​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ឆក់​ប្លន់​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​គ្រង​ដាក់​ញត្តិ​ចូល​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​ព្រោះ​កន្លងមក​មន្ត្រី​អាជ្ញាធរ និង​តុលាការ មិន​ចាត់វិធានការ​តាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ម្តងណា​ឡើយ​៕

1184_1អ្នកស្រី ជា ខេង ម្ចាស់ក្រុមហ៊ុនខេឌីស៊ី  1a32ade6-efc1-4faa-add9-b7c75ad51c9dប្រជាពលរដ្ឋភូមិឡពាង ដាក់ពាក្យបណ្ដឹងនៅសាលាខេត្តកំពង់ឆ្នាំង