ព្រៃ​លិច​ទឹកជា​ជម្រក​សត្វ​ស្លាប​និង​ជម្រក​ត្រី​ពង​កូន​ក្នុង​ខេត្តបាត់ដំបង ត្រូវ​ភ្លើង​ឆេះ​រាលដាល​យ៉ាង​មហន្តរាយ​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ប្រជា​សហគមន៍​នេសាទ​នៅ​ស្រុក​ឯក​ភ្នំ បានស្នើ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខេត្តបាត់ដំបង ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ករណី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ជាប់​មាត់បឹង​ទន្លេសាប​ជាបន្ទាន់​។ ដោយហេតុថា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​អស់​រាប់ពាន់​ហិកតា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​បានធ្វើ​ឲ្យ​សត្វព្រៃ​ច្រើន​ប្រភេទ​ដូចជា ពស់ ស្វា អណ្ដើក និង​សត្វ​ស្លាប​ងាប់​អស់យ៉ាង​ច្រើន​ស្អុយ​ពេញ​ព្រៃ​។ សេចក្ដី​ព្រួយបារម្ភ​របស់​ប្រជា​សហគមន៍​នេសាទ​ស្រុក​ឯក​ភ្នំ គឺ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ ជម្រក​សត្វព្រៃ ក៏ដូចជា​ជម្រក​ត្រី​ពង​កូន​នៅក្នុង​រដូវវស្សា​ខាងមុខ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​អន្លង់​តា​អួ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨ ខែមេសា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ស្នូល ដែន​ជម្រក​សត្វ​ស្លាប​ដ៏​ធំ​នៅ​បឹង​ទន្លេសាប​ចំណុច​ព្រែ​កដា អស់​រាប់ពាន់​ហិកតា​។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ភ្លើង​ឆេះ​ព្រៃ​រាលដាល​ខ្លាំង​តាំងពី​ថ្ងៃទី​២៤ ខែមេសា​រហូតមក ធ្វើ​ឲ្យ​សត្វព្រៃ​ជាច្រើន​ប្រភេទ​ងាប់​ស្ទើរ​គ្មាន​សល់ ហើយ​ព្រៃ​ដែល​នៅ​សេសសល់​ក៏​អាច​ប្រឈម​នឹង​ការឆេះ​នាពេលខាងមុខ​ផងដែរ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​មិនអាច​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​បានទេ គឺ​ទាល់តែ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ទើប​អាច​ពន្លត់​ភ្លើងព្រៃ​ប្រកបដោយ​ប្រសិទ្ធភាព​។

សូមបញ្ជាក់ថា ព្រៃ​លិច​ទឹក​ដែលជា​តំបន់​ស្នូល​នៃ​បឹង​ទន្លេសាប ហើយ​ជា​ជម្រក​សត្វ​ស្លាប​ផង​នោះ មាន​ផ្ទៃដី​ប្រមាណ​២១០០០​ហិកតា ហើយ​ភ្លើង​ឆេះ​ព្រៃ​កន្លងមក​បានធ្វើ​ឲ្យ​អន្តរាយ​ព្រៃ​ប្រមាណ​២០០០​ហិកតា រហូតមកដល់​ពេលនេះ​មិនទាន់​រលត់​នៅឡើយ​ទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ដែល​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​បាន​ឲ្យ​ដឹងថា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ក្នុង​ឆ្នាំ​២០១៦​នេះ មាន​សភាព​ខ្លាំងក្លា​ជាង​ឆ្នាំមុនៗ ព្រោះ​ព្រៃ​ស្នូល​សំខាន់​ដែន​ជម្រក​សត្វ​ស្លាប​និង​ជម្រក​មច្ឆជាតិ​ត្រូវ​ភ្លើង​ឆេះ​អស់​ជាង​២០០០​ហិកតា​ទៅហើយ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​ព្រៃ​លិច​ទឹកជា​បន្ទាន់ ព្រោះ​សហគមន៍​នេសាទ​និង​ប្រជាពលរដ្ឋ​មិនអាច​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​បានទេ​៕

adfc625b0927908347c8e13ac0c15ee1_L 935c3bdc-0146-4263-a603-24e61251672a