​មានការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងករណី​ដេញថ្លៃ​យក​លិខិត​បេសកកម្ម​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​

​ប្រភពព័ត៌មាន​ពី​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅក្នុង​ក្រសួងមហាផ្ទៃ​បាន​រាយការណ៍​មក​ថា​មានការ​ឃុ​ប​ឃិ​ឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងករណី​ដេញថ្លៃ​យក​លិខិត​បេសកកម្ម ឬ ប៉េ នៅក្នុង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា គ្រា​ដែល​តម្លៃ​នៃ​ការដេញថ្លៃ​យក​លិខិត​បេសកកម្ម ឬ ប៉េ  មាន​ខ្ទង់​ម៉ឺន​ដុល្លារ​នោះ ការ​ប្រ​ជែ​ញ​គ្នា​ដើម្បី​ទទួលបាន​សិទ្ធិ​កាន់តែ​មាន​ភាព​ក្តៅគគុក ហើយក៏​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួកនិយម​ផងដែរ​។​

នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​នៅតែ​រក្សា​ទម្លាប់​អាក្រក់​មួយ​គឺ​ការដេញថ្លៃ​យក​លិខិត​បេសកកម្ម ឬ​ប៉េ ហើយ​ក្នុង​លិខិត​បេសកកម្ម ឬ​ប៉េ​មួយច្បាប់​យ៉ាងហោចណាស់​ក៏ត្រូវ​ចំណាយ​ចាប់ពី​២​ម៉ឺន​ដុល្លារ​ដល់​៥​ម៉ឺន​ដុល្លារ ទៅតាម​តំបន់ ឬ​ខេត្ត ដែលមាន​ប្រភព​សេដ្ឋកិច្ច​ខ្លាំង ឬ​ខ្សោយ នេះ​ជាការ​បញ្ជាក់​ពី​ប្រភពព័ត៌មាន​នៅក្នុង​នាយកដ្ឋាន​ខាងលើ​។ ប្រភព​ដដែល​បាន​រិះគន់ថា ការតម្រូវ​ឲ្យ​មានការ​ដេញថ្លៃ​យក​លិខិត​បេសកកម្ម ហើយ​ត្រូវ​ចំណាយលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដូច្នេះ វា​នឹង​ជំរុញ​ឲ្យ​មន្ត្រី​ដែល​ទទួលបាន​សិទ្ធិ ត្រូវ​ស្វែងរក​លាភសក្ការៈ ដើម្បី​ស្រង់ដើម និង​សេសសល់​ដើម្បី​យកមក​ធ្វើ​មានបាន​ផ្ទាល់ខ្លួន​ព្រមទាំង​បក្ខពួក​របស់គេ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រភពព័ត៌មាន​ពី​តាម​បណ្តា​ខេត្ត​បាន​រាយការណ៍​ឲ្យ​ដឹងថា មន្ត្រី​ដែល​ចុះ​បំពេញបេសកកម្ម​តាម​ខេត្ត​មិន​យកចិត្តទុកដាក់​ក្នុងការ​ប្រឆាំង ឬ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នោះទេ តែ​ពួកគេ​បែរជា​ឃុបឃិត ឬ​ជំរិត​ទារប្រាក់​ពី​ឈ្មួញ​ដែល​រកស៊ី​ដឹកទំនិញ​ទៅវិញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឬ អគ្គស្នងការ​នគរបាល​ជាតិ គប្បី​ត្រួតពិនិត្យ​ពី​បញ្ហា​ខាងលើនេះ​ឡើងវិញ​ផង ព្រោះ​កន្លងមក​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​បែរជា​ដាក់​កុងត្រូលជជុះ​ជំរិត​ទារលុយ​ពី​ឈ្មួញ និង​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​បទ​ល្មើ​សេដ្ឋកិច្ច​ជាមួយគ្នា​ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ ហើយ​ការអនុវត្ត​ច្បាប់​ក៏​គ្មាន​ប្រសិទ្ធភាព​៕

polic