លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​ចូលរួម​ក្នុង​បេសកកម្ម​សង្គ្រោះ​ជាតិ​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជាថ្មី​ម្តងទៀត​បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុងតែធ្វើការ​នៅ​បរទេស ពិសេស​ប្រទេស​ថៃ​គប្បី​ចូលរួម​ក្នុង​បេសកកម្ម​សង្គ្រោះ​ជាតិ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា បេសកកម្ម​សង្គ្រោះ​ជាតិ មិនមែនជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ តែ​ជា​កម្មសិទ្ធិរួម​របស់​ព​ល​រដ្ឋ​ខ្មែរ​គ្រប់រូប​ដែលមាន​កាតព្វកិច្ច​រួមគ្នា​ក្នុងការ​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​មាន​ភាពប្រសើរឡើង​។​

លោក សម រង្ស៊ី បាន​អំពាវនាវ​ថា សូម​បងប្អូន​ជនរួមជាតិ ដែល​រស់នៅ​ប្រទេស​ថៃ មាន​ចំនួន​ប្រមាណ ១ លាន​នាក់ ចូលរួម​ក្នុង​បេសកកម្ម​សង្គ្រោះ​ជាតិ​ទាំងអស់គ្នា​។ លោក សម រង្ស៊ី បាន​ពន្យល់ថា​លោក​សប្បាយចិត្ត​ណាស់ ដែល​បាន​ទំនាក់ទំនង​ជាមួយ​ពលករ​ខ្មែរ ដែល​ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។​

លោក សម រង្ស៊ី បាន​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ជនរួមជាតិ លៃលក​ធ្វើ​យ៉ាងដូចម្តេច អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត និង​ស្វែង​ធ្វើ​អត្តសញ្ញាណប័ណ្ណ នៅ​ប្រទេស​កម្ពុជា ឲ្យ​ទាន់ពេលវេលា ហើយ​មក​ចូលរួម​ក្នុងការ​បោះឆ្នោត នៅ​ឆ្នាំ ២០១៧ និង ២០១៨ កុំបី​ខាន បើ​អាចធ្វើ​ទៅបាន​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា​សូម​បងប្អូន​ជនរួមជាតិ នៅ​គ្រប់ទិសទី មិន​ថា​ជិត មិន​ថា​ឆ្ងាយ ចូលរួម​ក្នុង​បេសកកម្ម​សង្គ្រោះ​ជាតិ របស់​យើងទាំងអស់គ្នា​។ ក្នុងនាម​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានបញ្ជាក់​ថាបើ​មាន​បញ្ហា​អ្វី​ក្នុងការ​បំពេញបែបបទ​រដ្ឋបាល នៅ​មូលដ្ឋាន សូម​ទាក់ទង​មក​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក គី វណ្ណដា​រ៉ា (​ខេត្តបាត់ដំបង ០១២ ៨៨០ ០៦៩) និង​លោក សោ ចាន់​ដេ​ត (​ខេត្តបន្ទាយមានជ័យ ០១២ ៥៩៩ ៧៦៦)​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កន្លងមក​បាន​ក្រើនរំលឹក​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ថា អំពើពុករលួយ កា​រំលោភ​ដីធ្លី ការបំផ្លាញ​ធនធានធម្មជាតិ មិនគួរ​លើក​យកមក​និយាយ​ទៀត​ទេ ព្រោះ​បញ្ហា​ទាំងនេះ ពលរដ្ឋ​បាន​ជួប​ផ្ទាល់ និង​ដឹង​ស្ទើរ​គ្រប់គ្នា​អស់ហើយ​។ ដូច្នេះ​ពួកគាត់​នឹង​សម្រេចចិត្ត​បោះឆ្នោត​ឲ្យ​មានការ​ផ្លាស់ប្តូរ ហើយ​នៅ​ប្រទេស​កម្ពុជា​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះឆ្នោត ខ្មែរ​ទាំងអស់​នឹង​បាន​សុខ ខ្មែរ​ឈប់​រករឿង​ខ្មែរ ខ្មែរ​ឈប់​ធ្វើបាប​ខ្មែរ ខ្មែរ​ចាប់ផ្តើម​ចាប់ដៃគ្នា​ដើម្បី​កសាង​ប្រទេស​ជាមួយគ្នា​ដែល​ទាំងនេះ​ជា​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ប្រកាន់ខ្ជាប់​៕

911fa074-0511-4c35-b1b8-72fd833708a0 1457511_1082699871786745_7882029034180030259_n