​លោក យឹម សុវណ្ណ បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នករងគ្រោះ​ពី​ការ​លាប​ពណ៌​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​ត្រឹមតែ​សម្តែង​ការព្រួយបារម្ភ​ពី​ការគ្រោះថ្នាក់​ដល់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ដែល​កើតចេញពី​ការ​លាប​ពណ៌​នោះទេ តែ​លោក​ក៏បាន​បញ្ជាក់ដែរថា​គណ​បក្ស​សង្គ្រោះ​ជាតិ គឺជា​អ្នករងគ្រោះ​ពី​ការ​លាប​ពណ៌ ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែនជា​អ្នក​បង្ករឿង​នោះទេ​។​

លោក យឹម សុវណ្ណ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​លាប​ពណ៌​គ្នា​ជា​ឧបសគ្គ​ធំ​រាំងស្ទះ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ជា​អ្នករងគ្រោះ​ពី​ការ​លាប​ពណ៌ ហើយ​ថា​ជំហរ​ផ្លាស់ប្ដូរ​របស់​អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ​មិនដែល​លាប​ពណ៌​នោះទេ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់ឆ្នោត​មានការ​យល់ដឹង​គ្រប់គ្រាន់​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ កន្លងមក បាន​សង្កត់ធ្ងន់ថា អ្នកណា​ក៏បាន​ដឹង​ដែរ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែនជា​អ្នកបង្ក​បញ្ហា​នោះទេ ដូច្នេះ​ភាគី​ពាក់ព័ន្ធ ពិសេស​ស្ថាប័ន​របស់​រដ្ឋ អាជ្ញាធរ​សាធារណៈ និង​សមត្ថកិច្ច​ជំនាញ គប្បី​បង្ហាញ​ពី​ភាព​អព្យាក្រឹត​របស់ខ្លួន​។ ក្នុងនាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បន្ថែមថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​កន្លងមក ពិសេស​មហា​បាតុកម្ម​ក្នុង​ឆ្នាំ​២០១៣ គឺ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​តស៊ូ​មតិ ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិនដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​អំពើ​ខុសច្បាប់​នោះទេ​។​

​ខណៈដែល​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ស្តីបន្ទោស​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ថា បាន​យក​អំណាច​រដ្ឋ​មក​គាបសង្កត់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​នឹង​មើលឃើញ​ពី​ឥរិយាបទ និង​ចេតនា​មិនល្អ​របស់​អ្នកបង្ក​បញ្ហា​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ខិតខំ​បម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ដោយស្មោះ​ស្ម័គ្រ ហើយ​ប្រជាពលរដ្ឋ​នឹង​កាត់ទោស​ពួកគេ​តាមរយៈ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាងមុខនេះ​៕

vayo