គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​មានគុណ​ភាព​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា​គណបក្ស​នយោបាយ ដែលមាន​គុណភាព ហើយ​អាច​ឈានទៅ​កសាង រៀបចំ​ប្រព័ន្ធគ្រប់គ្រង​-​ដឹកនាំ​រដ្ឋ មាន​លក្ខណៈ​ធម្មាធិបតេយ្យ បែប​ប្រជា​ធិ​តេ​យ្យ​ដ៏​ពិតប្រាកដ​មួយ​បាន គឺ​គណបក្ស​ដែលមាន​អត្តសញ្ញាណ នយោបាយ​ពិតប្រាកដ ពោលគឺ មាន​មនោគមវិជ្ជា​ច្បាស់លាស់ មានគុណ​តម្លៃ​ត្រឹមត្រូវ មាន​គោលការណ៍​រឹងមាំ មាន​គោលនយោបាយ​-​គោលជំហរ ប្រាកដនិយម និង​ដើម្បី​ជាតិ មាន​យន្តការ​សម្រេចចិត្ត មាន​សុ​ចរិតភាព​នយោបាយ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ ផ្ដល់​តម្លៃ​ចំពោះ​ប្រជាពលរដ្ឋ ខ្ពស់ជាង​ផលប្រយោជន៍​បក្ស ។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា​ថ្នាក់ដឹកនាំ សកម្មជន​មាន​វិន័យ មាន​សមត្ថភាព មានគុណ​ធម៌ មានការ​លះបង់ មាន​ភាពស្មោះត្រង់ មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​តួនាទី​ភារកិច្ច ឈរលើ​គោលការណ៍ សន្តិវិធី អហិង្សា ខ្មែរ​តែមួយ មិន​គុំកួន​សងសឹក មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ សាមគ្គី​ជាតិ ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ ដើម្បី​អភិវឌ្ឍន៍​ប្រទេស ។ ទាំងអស់នេះ ជា​គុណ​តម្លៃ​នយោបាយ​ខ្លះៗ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានកំណត់​យក​ជា​អត្តសញ្ញាណ​នយោបាយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា​កិច្ចការ​ដ៏​មាន​សារៈសំខាន់​នេះ គឺ​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ សកម្មជន អ្នកគាំទ្រ​គ្រប់ទិសទី ចូលរួម​យ៉ាងសកម្ម ក្នុង​ជីវភាព​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់​កិច្ចការ គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ពីព្រោះ​មិន​ត្រឹមតែ​ជាការ​ប្រាថ្នា និង​ក្តីសង្ឃឹម​ប៉ុណ្ណោះ​ទេ តែ​ជាការ​កសាង​នូវ​ប្រវត្តិសាស្ត្រ​នយោបាយ​ថ្មី​មួយ របស់​អ្នកប្រជាធិបតេយ្យ អ្នក​ជាតិនិយម និង​អ្នក​សេរីនិយម សម្រាប់​ប្រទេស​កម្ពុជា​យើង​។​

គួរ​បញ្ជាក់ថា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ជា​បន្តបន្ទាប់​ថា ស្ថានភាព​ប្រទេស​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ននេះ ចាំបាច់​ត្រូវមាន​ការផ្លាស់ប្តូរ ហើយ​មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយគត់​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​បែប​លទ្ធិប្រជាធិបតេយ្យ និង​នាំ​នីតិរដ្ឋ​ដល់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​។ ទន្ទឹមនឹងនេះ គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​សង្គ្រោះ​ជាតិ និង​កែទម្រង់​គ្រប់​បញ្ហា​នៅក្នុង​សង្គម​កម្ពុជា ពិសេស​វិស័យសេដ្ឋកិច្ច និង​បូរណភាព​ទឹកដី​ជាដើម ដើម្បី​ទុកជា​កេរតំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕

CNRP opposition leaders Kem Sokha and Sam Rainsy in front of Angkor Wat in Siem Reap. Jul. 24, 2013 ©Erika Pineros12974312_1111293125600818_8050817087798785782_n