សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ចង់ឃើញ​គណបក្សជំទាស់​អាចបំពេញ​ការងារ​បា​ន​ពេញលេញ​

ថ្មីៗ​នេះ ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច​ច អ៊ី​ហ្គា  បាន​ថ្លែងថា​សហភាព​អឺរ៉ុប​ចង់ឃើញ​គណបក្សជំទាស់​នៅ​ប្រទេស​កម្ពុជា​អាចបំពេញ​ការងារ​រប​ស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ព្រោះ​គណបក្សជំទាស់​មាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​ការរិះគន់​រដ្ឋាភិបាល​ក្នុងន័យ​ស្ថាបនា ហើយ​តួនាទី​នេះ គឺ​មាននៅ​គ្រប់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ និង​មាន​នីតិរដ្ឋ​។​

លោក ច​ច អ៊ី​ហ្គា ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ពន្យល់​ប្រាប់​អ្នកសារព័ត៌មាន​ថា សហភាព​អឺរ៉ុប​បាន​ជួយ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​លើ​ច្រើន​វិស័យ ហើយ​នៅក្នុង​ដំណើរការ​បោះឆ្នោត សហភាព​អឺរ៉ុប​ក៏បាន​ជ្រោមជ្រែង ហើយ​ចង់ឃើញ​មាន​លទ្ធផល​បោះឆ្នោត​មួយ​ល្អ​ដែល​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​។ លោក ច​ច អ៊ី​ហ្គា បាន​បញ្ជាក់ថា តាមរយៈ​ការ​ផ្តល់ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ សហភាព​អឺរ៉ុប ក៏​ពិនិត្យ​ទៅលើ​ដំណើរការ​នៃ​បោះឆ្នោត​នៅក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ផងដែរ​។​

​ក្នុងពេលដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ដោយសារតែ​ជាប់​បណ្តឹង​នៅក្នុង​ប្រទេស​នោះ លោក ច​ច អ៊ី​ហ្គា ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏បាន​បញ្ជាក់ដែរថា ក្នុង​បរិបទ​នយោបាយ​មួយ​ក្នុងសង្គម​ប្រជាធិបតេយ្យ គឺមាន​ភាពចាំបាច់​ណាស់​ដែល​អាច​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​អាច​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព និង​គ្មាន​ការបំភិតបំភ័យ​។ លោក ច​ច អ៊ី​ហ្គា ក៏បាន​រំពឹងថា​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ​នឹងមាន​ភាពប្រសើរ​ឡើងវិញ ដើម្បី​ធ្វើការ​ពិភាក្សា​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ឲ្យ​ប្រសើរឡើង​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​បាន​រំពឹងថា​លោក​នឹង​អាច​វិល​ប្រ​ឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ហើយ​លោក​បាន​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា គ្មាន​ភាពក្លាហាន​ក្នុងការ​ប្រកួតប្រជែង​ដោយ​ស្មើភាព ព្រោះ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ប្រើប្រាស់​អំណាច​រដ្ឋ ពិសេស​តុលាការ មក​ធ្វើការ​បំភិតបំភ័យ ឬ​គំរាមកំហែង​ដល់​គូបដិបក្ខ​របស់ខ្លួន​៕

N39qV7b5 156394_179662288730193_6780553_n