លោក យឹម សុវណ្ណ បញ្ជាក់ថា​ការលំបាក​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រឹងមាំ និង​ជោគជ័យ​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ​ថា កន្លងមក​គណបក្ស​ស​ង្គ្រោះ​ជាតិ​ធ្លាប់​ជួប​ការលំបាក​ច្រើន និង​ធ្ងន់ធ្ងរ​ជាង​ពេល​បច្ចុប្បន្ននេះ​ទៅទៀត ។ ដូច្នេះ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​មិន​ធ្ងន់ធ្ងរ​ទេ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ការលំបាក​នេះ​បានធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​រឹងមាំ និង​មាន​ភាពជោគជ័យ​នៅពេល​ខាងមុខ​។​

លោក យឹម សុវណ្ណ បាន​ពន្យល់ថា​ស្ថានការណ៍​នយោបាយ​ក្នុងពេល​បច្ចុប្បន្ននេះ​បានធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ការលំបាក​ដោយ​មិនអាច​ជៀស​រួច តែ​មិនមែន​មានន័យថា​គណបក្ស​ង្គ្រោះ​ជាតិ​ដើរ​ដល់​ចំណុច​ទាល់ច្រក​នោះទេ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​នេះ បាន​បញ្ជាក់ថា បើទោះជា​មាន​គណបក្សនយោបាយ​មួយចំនួន​ព្យាយាម​កាច់​បំបាក់​ភាពរឹងមាំ និង​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែមាន​ភាពរឹងមាំ​ដដែល ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សមត្ថភាព​ដោះស្រាយ​គ្រប់​បញ្ហា​បានល្អ​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ  បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្វល់​នឹង​រឿង​អត់​ប្រយោជន៍​នោះទេ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ជឿ​លើ​ភាពយុត្តិធម៌ ជឿ​លើ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ហើយ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ឆ្លងកាត់​ការលំបាក​នៅពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជោគជ័យ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។​

គួរបញ្ជាក់​ថា​លោក យឹម សុវណ្ណ កន្លងមក​បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា សូមកុំ​ឲ្យ​ខ្វល់ខ្វាយ​ទៅនឹង​រឿង​អត់​ប្រយោជន៍ តែ​ត្រូវផ្តោត​សំខាន់​ទៅលើ​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាត នោះ​គឺ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន​យុត្តិធម៌​ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ហើយ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ជា​អ្នក​កាត់ទោស​គណបក្សនយោបាយ​ដែល​ប្រជាពលរដ្ឋ​ចាត់ទុកថា​គ្មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​បន្តទៀត​៕

cnrp_press_conference_pha_lina