លោក កឹម សុខា បញ្ជាក់ថា គេ​មិនអាច​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នោះទេ​ ​

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែង​សារ​នយោបាយ​ជាថ្មី​ថា ទោះ​គេ​ប្រើ​យុទ្ធសាស្ត្រ​អ្វី​ក៏ដោយ ក៏​គេ​មិនអាច​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រឹងមាំ​ដដែល ។ ការបញ្ជាក់​របស់លោក កឹម សុខា យ៉ាង​ដូច្នេះ គឺធ្វើឡើង​ស្របពេល​ដែល​ស្ថានការណ៍​នយោបាយ​ក្នុងពេល​បច្ចុប្បន្ន​ត្រូវគេ​សង្កេតឃើញថា​កំពុងមាន​ភាព​តឹងតែង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​គេ​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​តាមច្រើន​រូបភាព​។​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ពន្យល់ថា ការដែល​គូបដិបក្ខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ព្យាយាម​ធ្វើអំពើ​អាក្រក់​តាមច្រើន​រូ​ប​ភាព​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ដោយសារតែ​គេ​យល់ឃើញថា គេ​មិនអាច​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ លោក កឹម សុខា បាន​បញ្ជាក់ថា បើ​មានការ​បោះឆ្នោត​ត្រឹមត្រូវ​គូបដិបក្ខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខាន ព្រោះ​ប្រជាពលរដ្ឋ​អស់ជំនឿ​ចិត្ត​លើក​ការដឹកនាំ​។ ដូច្នេះ​គេ​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ច្រៀក​ក្បាល និង​កាត់​ក្បាល​គណបក្ស​សង្គ្រោះ​ជាតិ តែ​មិនអាច​ទៅរួច​ទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាពរឹងមាំ មិនអាច​ឲ្យ​គេ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​បានឡើយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ម្សិលមិញ​ថា កន្លងមក​គណបក្ស​ស​ង្គ្រោះ​ជាតិ​ធ្លាប់​ជួប​ការលំបាក​ច្រើន និង​ធ្ងន់ធ្ងរ​ជាង​ពេល​បច្ចុប្បន្ននេះ​ទៅទៀត ។ ដូច្នេះ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​មិន​ធ្ងន់ធ្ងរ​ទេ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ផ្ទុយទៅវិញ​ការលំបាក​នេះ​បានធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តែមាន​ភាពរឹងមាំ និង​មាន​ភាពជោគជ័យ​នៅក្នុង​ដំណើរការ​បោះឆ្នោត​ខាងមុខនេះ​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ឆ្លងកាត់​ការលំបាក​នៅពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជោគជ័យ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។​

លោក យឹម សុវណ្ណ បាន​ពន្យល់ថា​ស្ថានការណ៍​នយោបាយ​ក្នុងពេល​បច្ចុប្បន្ននេះ​បានធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ការលំបាក​ដោយ​មិនអាច​ចៀស​រួច តែ​មិនមែន​មានន័យថា​គណបក្ស​ង្គ្រោះ​ជាតិ​ដើរ​ដល់​ចំណុច​ទាល់ច្រក​នោះទេ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា បើទោះជា​មាន​គណបក្សនយោបាយ​មួយចំនួន​ព្យាយាម​កាច់​បំបាក់​ភាពរឹងមាំ និង​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែមាន​ភាពរឹងមាំ​ដដែល ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សមត្ថភាព​ដោះស្រាយ​គ្រប់​បញ្ហា​បានល្អ​៕

1426504117