ក្រ​សួង​សុខា​ភិ​បាល​ប្រ​កាស​អាសន្ន​ពី​ជម្ងឺ​ដែល​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្ដៅ​ខ្លាំង

ការឡើងកម្ដៅខ្លាំង ពុំមែនមានតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងប៉ុណ្ណោះទេ ប៉ុន្តែគឺពិភពលោកទាំងមូលក៏ឡើងក្ដៅដូចគ្នាដែរ ។ ការឡើងកម្ដៅខ្លាំងបង្កឱ្យមានគ្រោះរាំងស្ងួត ដីបែកក្រហែង ធម្មជាតិក្រៀមស្វិត មនុស្ស និងសត្វខ្វះទឹកសម្រាប់ទ្រទ្រង់ជីវិត ។ លើសពីនេះទៅទៀត អ្វីដែលត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនោះគឺកត្តាសុខភាពរបស់មនុស្ស ។ ការឡើងកម្ដៅខ្លាំងនៅក្នុងបរិយាកាស វាបានជះឥទ្ធិពលខ្លាំងមកលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្សដូចជា៖ ជម្ងឺតក់ប្រម៉ល់ ក្ដៅក្រហល់ក្រហាយ និងឡើងកន្តួលក្រហមៗនៅលើស្បែកជាដើម ។ ដូច្នេះខាងក្រោមនេះ គឺជារោគសញ្ញាដ៏គ្រោះថ្នាក់នៅក្នុងបរិយាកាសដែលមានការឡើងកម្ដៅខ្លាំងពេក ដែលអ្នកត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៖
ក្រ​សួង​សុខា​ភិ​បាល​ប្រ​កាស​អាសន្ន​ពី​ជម្ងឺ​ដែល​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្ដៅ​ខ្លាំង
១. អស់កម្លាំងដោយសារកម្ដៅថ្ងៃខ្លាំង៖ នៅពេលដែលសរីរាង្គរបស់មនុស្សបាត់បង់នូវជាតិទឹក និងអំបិលដ៏ច្រើនលើសលុប ដោយសារបែកញើសខ្លាំងពេក ដែលធ្វើឱ្យរំខានដល់ចរន្តឈាមនៅក្នុងខ្លួនរបស់មនុស្ស និងធ្វើឱ្យរំខានដល់ដំណើរការខួរក្បាលរបស់មនុស្សផងដែរ ។ ចំពោះអ្នកដែលមានបញ្ហាបេះដូង សួត និងតម្រងនោមស្រាប់ ឬក៏អ្នកតមការបរិភោគអាហារដែលមានជាតិអំបិល អ្នកអាចប្រឈមនឹងការអស់កម្លាំងខ្លាំងជាងគេ ។
២. រមួលក្រពើដោយសារកម្ដៅថ្ងៃខ្លាំង៖ ក៏ដូចគ្នានឹងករណីខាងលើនេះដែរ វាអាចកើតឡើងនៅពេលដែលយើងបាត់បង់ជាតិទឹក និងអំបិលនៅក្នុងខ្លួនច្រើន ហើយវាថែមទាំងមានការបាត់បង់នូវសារធាតុចិញ្ចឹមសំខាន់ៗដូចជា៖ ប៉ូតាស្យូម និងម៉ាញេស្យូមជាដើម ។
៣. ការប៉ះពាល់សរសៃឈាមក្នុងខួរក្បាលដោយសារកម្ដៅថ្ងៃក្ដៅខ្លាំងពេក៖ នេះជាបញ្ហាធ្ងន់ធ្ងរដែលកើតឡើងនៅពេលដែលសរីរាង្គរបស់មនុស្សរងការប៉ះនឹងកម្ដៅថ្ងៃខ្លាំងយូរពេក ដែលធ្វើឱ្យសរីរាង្គបាត់បង់នូវលទ្ធភាព និងសមត្ថភាពរបស់ខ្លួនក្នុងការធ្វើឱ្យសារពាង្គកាយរបស់យើងចុះត្រជាក់បានដោយខ្លួនឯង ។ ការស្ថិតនៅក្រោមកម្ដៅថ្ងៃក្ដៅខ្លាំងពេក និងយូរពេក ផ្នែកនៃខួរក្បាលនឹងបាត់បង់នូវលទ្ធភាពក្នុងការត្រួតពិនិត្យកម្ដៅនៅក្នុងខ្លួនមនុស្ស ដែលធ្វើឱ្យលទ្ធភាពនៃការបញ្ចេញញើសមានការថមថយចុះ ។ នៅពេលសីតុណ្ហភាពក្នុងខ្លួនយើងឡើងលើសពី ៤០.៥៦ដឺក្រសេ នោះនឹងអាចមានរោគសញ្ញាសម្គាល់នៃការប៉ះពាល់សរសៃឈាមនៅក្នុងខួរក្បាល ដែលរោគសញ្ញាហុចផលជាដំបូងភ្លាមៗនោះគឺនឹងដួលសន្លប់តែម្ដង ។
រោគសញ្ញាផ្សេងៗទៀតរួមមានដូចជា៖ ស្បែកឡើងក្រហម-ក្ដៅឬស្ងួត ឈឺក្បាលឮងើងៗ វិលមុខធីងធោង បាត់បង់ការបញ្ចេញញើសទោះជាក្ដៅខ្លាំងក៏ដោយ ខ្សោយសាច់ដុំ ឬរមួលក្រពើ ក្អួត-ចង្អោរ បេះដូងលោតញាប់ ដកដង្ហើមញាប់ៗ និងថប់ៗ មានការផ្លាស់ប្ដូរអត្តចរឹតដូចជា៖ វង្វេងវង្វាន់ និងដើរទ្រេតទ្រោត ហើយអាចនឹងបាត់បងស្មារតី ខូចខួរក្បាល និងរហូតដល់ស្លាប់បាត់បង់ជាជីវិតតែម្ដង ។ការជួយសង្គ្រោះបឋម៖អាស្រ័យទៅតាមមធ្យោបាយដែលមាន និងស្ថានភាពនៃអ្នកជម្ងឺ ដោយអាចប្រើប្រាស់នូវវិធីសាស្រ្តដូចតទៅ៖ -ដាក់អ្នកជម្ងឺឱ្យសម្រាក ដោយលើកជើងឡើងលើបន្តិច ដាក់នៅក្រោមម្លប់ដែលត្រជាក់ ឬអគារ ឬបន្ទប់ត្រជាក់ ។-ដោះ ឬបន្ធូរសម្លៀកបំពាក់របស់អ្នកជម្ងឺចេញ ។-ឱ្យអ្នកជម្ងឺពិសារទឹក ឬទឹកដែលមានសារជាតិអេឡិចត្រូលីត តែសូមកុំផ្ដល់នូវភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬជាតិស្រា ឬក៏អាចផ្ដល់ទឹកដែលយើងអាចធ្វើបាន ដោយលាយអំបិល១ស្លាបព្រាកាហ្វេ ក្នុងទឹក២៥០មីលីលីត្រ ។-ដណ្ដប់អ្នកជម្ងឺដោយក្រណាត់សើមត្រជាក់ និងដាក់កន្សែងត្រជាក់ ឬកន្សែងត្រាំទឹកកក នៅត្រង់ ក ក្រោមក្លៀក និងក្រលៀនទាំងពីរ ។
៣. ការការពារ៖-ត្រូវមានអនាម័យល្អ ពិសេសអនាម័យចំណីអាហារ និងទឹក (ពិនិត្យមើលចំណីអាហារដែលអាចនឹងជូរ ឬផ្អូម និងត្រូវទទួលទានទឹកស្អាត ឬទឹកដាំពុះ) ។-បើមានបញ្ហាមិនស្រួល ត្រូវរកទីជម្រកត្រជាក់ ឬស្ថិតនៅក្រោមម្លប់ត្រជាក់ ឬទីកន្លែងដែលត្រជាក់ ។ ត្រូវស្ថិតនៅក្នុងផ្ទះ ប្រសិនបើពុំមានភារកិច្ចអ្វីដែលត្រូវចាំបាច់ចេញក្រៅក្រោមកម្ដៅក្ដៅខ្លាំងពេក ។-ស្លៀកសំលៀកបំពាក់ស្រាលៗ និងមានពណ៌ស្រាលៗ រលុងៗ និងពាក់មួកការពារកម្ដៅថ្ងៃដែលមានហាមវែងៗ ជាពិសេសគឺនៅពេលធ្វើការក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង ។-ឧស្សាហ៍ពិសារទឹក ទឹកបន្លែ និងទឹកផ្លែឈើបន្ថែមឱ្យបានញឹកញាប់ ដើម្បីការពារការបាត់បង់ជាតិទឹក ឬពិសារទឹក ដែលមានសារជាតិអេឡិចត្រូលីត ។-វិធីសាស្រ្តក្នុងការការពារការប៉ះពាល់សរសៃឈាមក្នុងខួរក្បាលដោយសារតែកម្ដៅថ្ងៃក្ដៅខ្លាំងពេក មានដូចជា តាមដានពណ៌ទឹកនោម បើទឹកនោមមានពណ៌ក្រម៉ៅខុសធម្មតា គឺជាសញ្ញានៃការខ្វះជាតិទឹក ដូច្នេះអ្នកត្រូវពិសារទឹកឱ្យបានច្រើន ដើម្បីឱ្យពណ៌ទឹកនោមប្រែមកជាធម្មតាវិញ ។
ប្រសិនបើគ្មានយន្តការ ឬគោលនយោបាយច្បាស់លាស់ណាមួយដើម្បីឆ្លើយតបក្នុងការដោះស្រាយបញ្ហានេះឱ្យបានរួសរាន់ទាន់ពេលវេលានោះទេ នោះយើងទាំងអស់គ្នាជាមនុស្សលោកនឹងត្រូវប្រឈមនឹងសេចក្ដីស្លាប់ជាបន្តបន្ទាប់តទៅ ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងម្នាក់ៗក៏ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះស្ថានភាពនៃការឡើងកម្ដៅខ្លាំងដ៏អាក្រក់មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តមនុស្សលោកនេះដែរ ។មានវិធីពីរយ៉ាង៖ ទី១. អ្នកអាចសម្របទៅតាមបរិយាកាសដោយបង្ការខ្លួនអ្នក និងមនុស្សនៅជុំវិញខ្លួនអ្នកពីការឡើងកម្ដៅ និងទី២. បើអ្នកជាមនុស្សដែលប្រកបដោយឧត្តមគតិពិតប្រាកដមែន ចូរអ្នកព្យាយាមពិនិត្យមើលនូវរាល់ទង្វើប្រចាំថ្ងៃរបស់អ្នកអ្វីខ្លះដែលនាំឱ្យបរិយាកាសឡើងក្ដៅខ្លាំង ហើយចូរជ្រើសរើសយកមធ្យោបាយផ្សេងៗដែលល្អប្រសើរមកជំនួសវិញ ។ ផែនដីឡើងកម្ដៅក៏ព្រោះមកពីមនុស្ស ហើយផែនដីចុះត្រជាក់វិញក៏ដោយសារមនុស្សដូចគ្នា ។
ដោយ៖ ឈូក ស
ប្រភព៖ ក្រសួងសុខាភិបាល