បញ្ញវន្ដ​-និស្សិត​គួរ​ទទួល​បាន​សេវា​ពិនិត្យ​សុខភាព ​និង​ព្យាបាល​ជម្ងឺ​ឥត​គិត​ថ្លៃ​

ប្រជាពលរដ្ឋ ​គឺ​ជា​ចលករ​ដ៏​មាន​សារសំខាន់​ជាទី​បំផុត​ក្នុង​ការ​ចូល​រួម​ពួត​ដៃ​គ្នា​ជា​មួយ​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​ប្រកប​ដោយ​សុខ​សន្តិភាព​ វិបុល​ភាព​ សុវត្ថិភាព​ សុខ​ដុម​រ​មនា ​និង​សុភមង្គល​ ។ ក្នុង​នោះ​ដែរ ​បញ្ញវន្ដ ​និង​និស្សិត​គឺ ​រឹត​តែ​ជា​ធនធាន​មនុស្ស​ដ៏​មាន​សារ​សំខាន់​ជាង​អ្វីៗ​ទាំងអស់​ដើម្បី​រុញ​នាវា​សង្គម​ឱ្យ​ឆ្ពោះ​ទៅ​រក​ត្រើយ​សុខ​សា​ន្ដ​រួម​គ្នា​ ។ សង្គម​​ជាតិ​មួយ​អាច​រីក​ចម្រើន​លូតលាស់​ទៅ​មុខ​បាន​យ៉ាង​រលូន​ ក៏​ព្រោះ​តែ​ប្រទេស​ជាតិ​នោះ​សម្បូណ៌​ទៅ​ដោយ​ និង​អាស្រ័យ​ធនធាន​បញ្ញវន្ដ​ និង​និស្សិត​ដែល​មាន​សុខុមាលភាព​ពេញ​បរិបូណ៌ ​មាន​ចំណេះដឹង​ជ្រៅ​ជ្រះ ​មាន​ជំនាញ​ច្បាស់​លាស់ ​មាន​ព្រហ្មចរិយា​ស​ម្បត្តិ​គ្រប់គ្រាន់​ មាន​ឧត្តម​គតិ​ខ្ពង់​ខ្ពស់​ និង​ក្រម​សីលធម៌​ត្រឹម​ត្រូវ​ជា​ដើម​ ។ នៅ​ក្នុង​ពេល​សង្គម​ជាតិ​កំពុង​ជួប​នឹង​វិបត្តិ​តូច-​ធំ​នានា ​គឺ​បញ្ញាវន្ដ​ និង​និស្សិត​នេះ​ឯង​ដែល​តែង​តែ​ងើប​ផុស​ត្រដែត​ឡើង​ចាំ​ជួយ​ប្រទេស​ជាតិ​របស់​ខ្លួន​គ្រប់​វិនាទី​ និង​គ្រប់​ទី​កន្លែង​ទាំង​អស់​ ទោះ​បី​ចំនួន​មាន​កម្រិត​ក្ដី​ ទៅ​តាម​លទ្ធភាព ​សមត្ថ​ភាព​ និង​ឆន្ទៈ​របស់​ពួក​គេ​រៀង​ៗខ្លួន​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក្នុង​នាម​ជា​រ​ដ្ឋ​គេ​មិន​អាច​មើល​រំលង ​ឬ​ព្រងើយ​កន្តើយ​ចំពោះ​សុខុមាលភាព​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​រ​បស់​បញ្ញវន្ដ ​និង​និស្សិត​បាន​ជា​ដាច់​ខាត​ ព្រោះ​បើ​ធនធាន​បញ្ញវន្ដ​ និង​និស្សិត​នៅ​ក្នុង​ប្រទេស​មួយ​មាន​សភាព​ទន់​ខ្សោយ​ នោះ​អត្រា​ចំនួន​បញ្ញវន្ដ ​និង​និស្សិត​នៅ​ក្នុង​ប្រទេស​នោះ​ក៏​ត្រូវ​ខ្វះខាត ​បើ​ប្រទេស​ជាតិ​មួយ​មិន​សូវ​សម្បូណ៌​ធនធាន​ប​ញ្ញវន្ដ​ និង​និស្សិត​ទេ​ ប្រទេស​ជាតិ​នោះ​ប្រៀប​បី​ដូច​ជា​៖ មនុស្ស​ដែល​មាន​អវៈយវៈ​គ្រប់គ្រាន់ ​ប៉ុន្តែ​មាន​បញ្ហារោគ​ចិត្ត​ ឬប្រៀប​បី​ដូច​ដើម​ឈើ​មួយ​ដើម​ដ៏​ធំ ​ប៉ុន្តែ​មាន​ស្លឹក​តិច​តួច​យ៉ាង​ដូច្នោះ​ឯង ​។ 
ក្នុង​នាម​ជា​រដ្ឋាភិបាល ​យើង​កុំ​ព្យាយាម​តាំង​ខ្លួន​ឯង​ថា​ជា​អធិបតី​ជាង​ ឬចេះ​ជាង​បណ្ដា​បណ្ឌិត​ និង​បញ្ញវន្ដ​ពិត​ឡើយ ​ព្រោះ​បើ​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​ជាតិ​ដោយ​ខ្វះ​ការ​ចូល​រួម​របស់​ពួក​គេ​ វា​ក៏​ប្រៀប​បី​ដូច​ជា​ម​នុស្ស​ម្នាក់​ដែល​មាន​ជើង ​និង​ដៃ​តែ​ម្ខាង​អិញ្ចឹង​ដែ​រ ។ កាល​ពី​បុរាណ​ នៅ​ក្នុង​រជ្ជកាល​នៃ​ស្ដេច​ជា​ច្រើន​​អង្គ​ដែល​បាន​ឡើង​គ្រង​រាជ្យ​ ពួក​គេ​តែង​តែ​គោរព​តាម​លំអាន ​ទទួល​យក​គំនិត​ដែល​ប្រកប​ដោយ​គតិ​បណ្ឌិត ​ជជែក​វែក​ញែក​ និង​ជ្រើស​រើស​យក​​តែ​បណ្ឌិត​ពិតៗ​មក​ធ្វើ​ការ​ជា​មួយ​តែ​ប៉ុណ្ណោះ​ ។ មាន​ស្ដេច​ប្រកប​ដោយ​ធម៌​ជា​ច្រើន​អង្គ​ណាស់​នៅ​ក្នុង​សម័យ​ពី​អតីតកាល​ ដែល​បាន​ឱ្យ​តម្លៃ​ខ្ពស់​ដល់​បណ្ឌិត​ពិត​ ធម្មវន្ដ​ សីលវន្ដ ​បញ្ញវន្ដ ​​និង​អ្នក​ចេះ​ដឹង​ជ្រៅ​ជ្រះ​ទូទៅ ​ព្រោះ​បុគ្គល​ទាំង​នោះ​ គឺ​ជា​ចង្កៀង ​និង​ត្រី​វិស័យ​បំភ្លឺ​ផ្លូវ​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​ ។ ស្ដេច ​និង​មេដឹក​នាំ​ឈ្លាស​វៃ​ គេ​តែង​ជ្រើស​រើស​យក​បណ្ឌិត​ពិត​មក​ជួយ​ជ្រោម​ជ្រែង​កិច្ចការ​ រី​ឯ​ស្ដេច​ ឬ​មេដឹក​នាំ​ល្ងី​ល្ងើ​ មនុស្ស​នៅ​ក្បែរ​ខ្លួន​របស់​ពួក​គេ​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​ជា​ពួក​មនុស្ស​ប្រភេទ​៖ លោភៈ​ ទោសៈ​ មោហៈ​ និង​អាត្មា​និយម​សម្ងំ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជានិច្ច​ ហើយ​ជន​ទាំង​នេះ​ គឺ​ជា​គ្រោះ​ថ្នាក់​ដ៏​ធំ​​បំផុត​សម្រាប់​ប្រមុខ​ដឹក​នាំ​ជាតិ​ ។ មេ​ដឹក​នាំ​ជាតិ​ល្អ ​គេ​តែង​គោរព​ឱ្យតម្លៃ​បណ្ឌិត ​និង​បញ្ញវន្ដ​ រី​ឯ​មេដឹក​នាំ​ជាតិ​អាក្រក់​ គេ​តែង​តែ​គិត​ថា​បណ្ឌិត​-បញ្ញវន្ដ​ គឺ​ជា​ឆ្អឹង​ទ​ទឹង​ ក ​ហើយ​ពួក​គេ​ក៏​តាំង​រក​វិធី​ដើម្បី​ទម្លាក់​តម្លៃ​ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​បញ្ញវន្ដ​-និស្សិត​ទៅ​វិញ ​នេះ​គឺ​ជា​រឿង​អកុសល​ណាស់​ នៅ​ក្នុង​សង្គម​ជាតិ​មួយ ​។ យ៉ាង​ណា​មិញ​ នៅ​ក្នុង​យុគ​សម័យ​ណា​ក៏​ដោយ ​ការ​កើត​ឡើង​នៃ​អ្នក​ចេះ​ដឹង ​និង​បុគ្គល​ដែល​មាន​បញ្ញា​ខ្ពង់​ខ្ពស់​ហើយ​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​ ត្រូវ​បាន​អ្នក​ប្រាជ្ញ​ជា​ច្រើន​កំណត់​សម្គាល់​ថា​ គឺ​ជា​សញ្ញាណ​នៃ​សន្តិភាព ​។ 
ដូច្នេះ​ការ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ម៉ដ្ឋ​ចត់​ទៅ​លើ​សុខុមាលភាព​របស់​បញ្ញវន្ដ​-និស្សិត​គឺ​ជា​ករណី​កិច្ច​ដ៏​ចាំ​បាច់​ និង​គួរ​តែស្ថិត​នៅ​ក្នុង​គោល​នយោបាយ​របស់​រ​ដ្ឋាភិបាល​ ដោយ​គួរ​ផ្ដល់​ឱ្យ​បញ្ញវន្ដ​-និស្សិត​មាន​សេវា​ពិនិត្យ​សុខភាព ​ព្យាបាល​ជម្ងឺ​ និង​ទទួល​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​បណ្ដា​មន្ទីរពេទ្យ ​មន្ទីរ​ព្យាបាល ​មណ្ឌល​សុខភាព ​និង​ឱសថ​ស្ថាន​នានា​នៅ​ទូទាំង​ប្រទេស​ ដោយ​មិន​គួរ​បណ្ដែត​បណ្ដោយ​ឱ្យ​បញ្ញវន្ដ​ និង​និស្សិត​ រស់​នៅ​តាម​យថាកម្ម​នោះ​ឡើយ​ ព្រោះ​បើ​រដ្ឋាភិបាល​មិន​ខ្វល់នឹង​សុខុមាលភាព​របស់​ពួ​ក​គេ​ តើ​ឱ្យ​ពួក​គេ​មក​ជួយ​ មក​ខ្វល់​ជា​មួយ​នឹង​រដ្ឋាភិបាល​វិ​ញ​យ៉ាង​ដូចម្ដេច​? បើ​ពួក​គេ​មិន​មក​ជួយ​ មិន​មក​ខ្វល់ ​នោះ​គ្រោះ​មហន្តរាយ​នានា​នឹង​មក​យារយី ​មក​លេង ​និង​ធ្វើ​ទុក​បុក​ម្នេញ​ដល់​ទាំង​រដ្ឋាភិបាល​ និង​ប្រទេស​ជាតិ​ទាំង​មូល​ជាក់​ជា​ពុំ​ខា​ន ។ ជា​រៀងរាល់​ថ្ងៃ​ យើង​សង្កេត​ឃើញ​ថា​៖ ទាំង​នៅ​ក្នុង​អាហា​រ​ក្ដី ​ទឹក​ក្ដី​ ខ្យល់​បរិយាកាស​ក្ដី​គឺ​ហ៊ុំព័ទ្ធ​ទៅ​ដោយ​សារ​ធាតុ​ពុល​គ្រប់​វិនាទី ​ដែល​បង្ក​ផល​ប៉ះ​ពាល់​ជា​ប្រចាំ​ទៅ​ដល់​សុខុមាលភា​ព​រ​បស់​បញ្ញវន្ដ​ និង​និស្សិត​ ដូច្នេះ​លទ្ធភាព​នៃ​កា​រកើត​មាន​ជម្ងឺ​នានា​គឺ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ណាស់​ ។ ដូច្នេះ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​លើក​កម្ពស់ ​ទ្រទ្រង់ ​និង​ការពារ​សុខុមាលភាព​បញ្ញវន្ដ​-និស្សិត​ គឺ​ជា​ករណី​កិច្ច​ដ៏​ចាំ​បាច់​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​គួរ​តែ​ទទួល​ខុស​ត្រូវ ​និង​មិន​ត្រូវ​មើល​រំលង​ឡើយ​ ។ បើ​កាល​ណា​បញ្ញវន្ដ​-និស្សិត​មាន​សុខុមាលភាព​ល្អ​ប្រសើរ​ហើយ ​នោះ​ពួក​គេ​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​រឹងមាំ​មួយ​ផ្នែក​ទៀត​ដើម្បី​ជួយ​ជ្រោម​ជ្រែង​រដ្ឋាភិបាល ​និង​សង្គម​ជាតិ​ទាំង​មូល​របស់​ពួក​គេ​ ៕​
បញ្ញវន្ដ​-និស្សិត​គួរ​ទទួល​បាន​សេវា​ពិនិត្យ​សុខភាព ​និង​ព្យាបាល​ជម្ងឺ​ឥត​គិត​ថ្លៃ​

ដោយ៖ ឈូក ស
Cool FM 100.7