កុមារ​ដែលមាន​អាយុ​មួយឆ្នាំ​ គួរ​ក្រាល​កន្ទប​នៅ​កន្លែង​គេង​ពេលយប់​ឬក៏​អត់ ?

6 Videos


​សំណួរ ៖ កុមារ​ដែលមាន​អាយុ​មួយឆ្នាំ​គួរ​ក្រាល​កន្ទប​នៅ​កន្លែង​គេង​ពេលយប់​ឬក៏​អត់ ? នាង​ខ្ញុំ​តែង​ប្រាប់​កូន​ញឹកញាប់​នៅពេលដែល​គេ​នោម​ដាក់​ពូក​ថាបើ​កូន​រាក​នោម​ចង់​ចូល​បន្ទប់ទឹក​ប្រាប់​ម៉ាក់ ប៉ុន្តែ​គេ​ហាក់​មិន​ស្តាប់បង្គាប់​តែង​នោម​ដាក់​ពូក​រាល់​យប់​ដដែលៗ​មិន​កែប្រែ ។ នាង​ខ្ញុំ​តែង​បង្គាប់​ឱ្យ​កូនតូច​បោក​កន្ទប​ដែល​គេ​នោម​ដាក់​រៀងរាល់ថ្ងៃ​ដើម្បីឱ្យ​រាងចាល ប៉ុន្តែ​នៅ​មិនបាន​ផលតើ​ត្រូវ​ដោះស្រាយ​ដូចម្តេច ?

កុមារ​ដែលមាន​អាយុ​មួយឆ្នាំ​ គួរ​ក្រាល​កន្ទប​នៅ​កន្លែង​គេង​ពេលយប់​ឬក៏​អត់ ?

ចម្លើយ ៖ ក្មេង​ដែលមាន​អាយុ​មួយ​ខួប​បើ​យើង​ណែនាំ​ឱ្យធ្វើ​អ្វី ឬ បញ្ជា​គេ​ឱ្យធ្វើ​អ្វីមួយ​តែង​ពិបាក​នឹង​បាន​ផល​ណាស់ ។ ពិសេស​បញ្ហា​នោម ឬ បន្ទោបង់​គេ​ពិតជា​មិនអាច​បញ្ជា ឬ ធ្វើតាម​បាន​ដោយ​ងាយ​ឡើយ ហេតុនេះ​មានតែ​ម្តាយ​ឪពុក​ប៉ុណ្ណោះ​ដែល​ត្រូវ​ចេះ​សង្កេតមើល​អាការ​កូនតូច​របស់ខ្លួន​ថា​គេ​កំពុង​កើត​អាការ​អ្វីមួយ​ត្រូវ​ជួយ​គេ​ភ្លាម​ដូចជា​កូន​បង្ហាញថា​ចង់​នោមចង់​បន្ទោបង់​ត្រូវ​លើក​កូន​ទៅ​បន្ទប់ទឹក​ភ្លាម ។​

​ជាមួយគ្នានេះដែរ​បើ​ចង់​បង្ហាត់​គេ​ឱ្យមាន​របៀប​ក្នុងការ​នោម​ឪពុកម្តាយ​ត្រូវតែ​ចេះ​បញ្ជា​នៅ ពេលដែល​សង្កេតឃើញថា​គេច​ង់​ជុះនោម ។ ម្តាយ​ត្រូវ​ប្រាប់​កូនតូច​ឱ្យទៅ​បន្ទប់ទឹក​ឬ បើឃើញថា​កូន​ចង់​បន្ទោបង់​ត្រូវ​នាំ​គេ​ទៅរក​កន្ថោរ​ឬ​ទៅ​បង្គន់​ភ្លាម ។ ក្រៅពីនេះ​ត្រូវ​ចេះ​បង្ហាត់​ឱ្យ​កូនតូច​ចេះ​ទប់ទឹក​នោម​ចេះ​រក​កន្លែង​សមរម្យ​ជាមុនសិន​ជាដើម ។​

​នៅពេល​កុមារ​ឈានដល់​អាយុ​មួយឆ្នាំ​កន្លះ​គេ​ចាប់ផ្តើម​ត្រាប់​តាម​ខ្លះៗ​ហើយ ប៉ុន្តែ​វ័យ​នេះ កុមារ​ជាច្រើន​ក៏​មិនអាច​ប្រាកដថា​ធ្វើតាម​ដែរ ។ ទោះបីយ៉ាងណា​បើ​ឃើញថា​កូន​មិនទាន់​ធ្វើតាម អ្វីដែល​ស្ត្រី​ជា​ម្តាយ​ណែនាំ​នោះ​ចាំបាច់​ត្រូវ​ព្យាយាម​បង្ហាត់បង្ហាញ​គេ​បន្តបន្ទាប់​ទៀត​រហូតដល់ដំណាក់កាល​មួយ​គេ​អាច​ស្តាប់ និង អនុវត្តតាម ។​

​ម្យ៉ាងវិញទៀត​បើ​ចង់​ផ្លាស់​ទម្លាប់​ពី​ការ​ក្រាល​កន្ទប​ដែលនាំឱ្យ​កូន​ស៊ាំ​នោះ​ពេល​ថ្ងៃ​អ្នក​ត្រូវយក​កន្ទប​ចេញ ដោយ​ស្លៀកខោ​ក្រាស់ៗ​ជំនួស​វិញ​ដើម្បី​នៅពេល​កូនតូច​នោម​យើង​នឹង​បានដឹង ភ្លាម ។ ចំណែក​នៅពេល​យប់​ឱ្យ​ទម្លាប់​ប្រើ​កន្ទប​បណ្តោះអាសន្ន​សិន ប៉ុន្តែ​អ្នក​ម្តាយ​ត្រូវ​ធ្វើការ ផ្លាស់ប្តូរ​ទម្លាប់​ផឹក​ទឹកដោះគោ​មុន​ចូល​ដំណេក​ពោលគឺ​មុន​ចូល​គេង​ឱ្យ​កូន​នោម​ឱ្យអស់ និង មិនត្រូវ​ឱ្យ​កូន​ផឹក​ទឹកដោះគោ​នៅពេល​យប់​មុន​ចូល​ដំណេក​ដែលជា​មូលហេតុ​នាំឱ្យ​គេ​នោម​យប់​ឡើយ ។ ក្រៅពីនេះ​បើ​អត់​បំបៅ​ពេលយប់​មិនបាន​ទេ​ត្រូវ​ចេះ​ទម្លាប់​លើក​កូន​នោម​ពេលយប់​ដាក់​ក្នុង​កន្ថោរ ឬ លើក​ទៅ​បន្ទប់ទឹក​ឱ្យបាន​ជាប់​ជាប្រចាំ​ព្រោះថា​ការដែល​ធ្វើបែបនេះ​យូរៗ ទៅ​គេ​នឹង​អាច​ទម្លាប់​ហើយ​លែង​នោម​ដាក់​កន្លែង​គេងបន្តទៀត ៕