ផ្កា​ខាត់ណា​បំពង​សម្រាប់​កុមារ​

6 Videos


​អ្នកជា​មេផ្ទះ​ម្នាក់​ដែល​កំពុងតែ​ព្រួយបារម្ភ​ថា​កូនតូចៗ​ពីរ​បីនាក់រួម​នឹង​សមាជិក​ដទៃទៀត​ក្នុង​គ្រួសារ​អាច​នឹងមាន​សុខភាព​មិនល្អ​ដោយសារតែ​ខ្វះ​ជាតិ​សរសៃ ព្រោះ​ពួកគេ​មិន​ចូលចិត្ត​ហូប​បន្លែ​ច្រើន ។ ដំណោះស្រាយ​ល្អ​បំផុត​ដើម្បី​ធានាថា​ក្រុមគ្រួសារ​របស់​អ្នក​បានទទួល​អាហារូបត្ថម្ភ​ល្អ និង គ្រប់គ្រាន់​ពី​បន្លែ​ចូរ​ចម្អិន​បន្លែ​ឱ្យក្លាយ​ទៅជា​អាហារ​ឆ្ងាញ់​ប្លែក​មាត់ និង ទាន់សម័យ​សម្រាប់​ពួកគេ​ឱ្យបាន​ញឹកញាប់ ។

ផ្កា​ខាត់ណា​បំពង​សម្រាប់​កុមារ​

ក្នុងចំណោម​បន្លែ​ដែល​គេ​អាច​យកមក​ចម្អិន​ជា​អាហារ​ប្លែក​មាត់​ប្លែក​ភ្នែក និង មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ដូច​ទៅនឹង​ដំឡូងបារាំង​បំពង​នោះ​សូមលើកយក​បន្លែ​មួយ​ប្រភេទ​ដែល​អ្នក​ប្រាកដជា​ធ្លាប់បាន​ចម្អិន​វា​ជាច្រើនលើក​ពីមុនមក​នោះ​គឺផ្កា​ខាត់ណា​-​ស ឬ ផ្កា​ខាត់ណា​ខៀវ​ក៏បាន ។ ឈ្មោះ​នៃ​មុខម្ហូប​នេះ​គេ​ហៅថា​«​ផ្កា​ស្ពៃខៀវ​ចៀន ឬ បំពង​ស្រួយ​» ឬ «​ផ្កា​ខាត់ណា​-​ស បំពង​ស្រួយ​»​ទៅតាម​ឈ្មោះ​បន្លែ​ដែល​អ្នកប្រើប្រាស់ ។​

​គ្រឿងផ្សំ ៖ ផ្កា​ខាត់ណា​ខៀវ ឬ ផ្កា​ខាត់ណា​-​ស មួយ​គុម្ព​ប៉ុន​ចាន ចង្កឹះ​, ស៊ុតមាន់​មួយគ្រា​ប់​, ម្សៅ​បំពង​, ប្រេងឆា​, ទឹកត្រី ។​

​វិធី​ធ្វើ ៖ ត្រូវ​បេះ​ផ្កា​ខាត់ណា​ជា​ដុំ​តូចៗ និង ចិត​ជា​ចំណិត​ស្តើង​ល្មម​ពម​ចូល​មាត់រួច​ត្រាំ​ទឹកអំបិល​រយៈពេល ១៥ នាទី ដើម្បី​សម្អាត​ជាតិគីមី និង សត្វល្អិត ។ ក្រោយមក​លាងជម្រះ​ដោយ​ទឹកស្អាត​ឱ្យបាន​ច្រើន​ទឹក​ហើយ​ស្រង់​ដាក់​កញ្ច្រែង​ឱ្យ​ស្រក់​ទឹក ។​

​គោះ​ស៊ុត​ដាក់​ចាន ដាក់​ទឹកត្រី​មួយ​ស្លាបព្រា​កាហ្វេ និង កូរ​ឱ្យ​សព្វ​បញ្ចូល​គ្នា ។ ចាក់​ប្រេងឆា​ចូល​ខ្ទះ​ក្តៅ ហើយ​យក​ផ្កា​ខាត់ណា​ជ្រលក់​ល្បាយ​ស៊ុតមាន់​ទឹកត្រី រួច​ជ្រលក់បន្តទៅ​ក្នុង​ម្សៅ​បំពង​ដែល​បាន​លាយ​ជាមួយ​ទឹក​រួច​ដាក់​ផ្កា​ស្ពៃ​ចូល​ខ្ទះ​ដើម្បី​បំពង ។ នៅពេល​ឃើញ​វា​ឆ្អិន​ដោយមាន​ពណ៌​លឿង​ត្រូវ​ស្រង់ឡើងហើយ​ដាក់​ទៅលើ​ក្រដាស​ជូត​មាត់​ប្រភេទ​ក្រាស់​ដែល​អាច​បឺត​យក ជាតិ​ប្រេងឆា​ពី​ផ្កា​ខាត់ណា​ដែល​បាន​បំពង​ឆ្អិន ។

​អាហារ​នេះ​អ្នក​អាច​ប្រើប្រាស់​ទឹក​ប៉េងប៉ោះ​សម្រាប់​កូនតូចៗ និងប្រើ​ទឹក​ប៉េងប៉ោះ​មាន​ជាតិ​ហឹរ​សម្រាប់​មនុស្ស​ធំ ។ កូនៗ​និង​សមាជិក​ក្នុងគ្រួសារ​របស់​អ្នក​ប្រាកដជា​ចូលចិត្ត​អាហារ​មួយ​មុខ​នេះ​ជាក់​ជាមិនខាន ។ ​ក្រៅពី​ផ្កា​ខាត់ណា​ខៀវ ឬ ផ្កា​ខាត់ណា​-​ស អ្នក​ក៏​អាចធ្វើ​អាហារ​ប្រភេទ​នេះ​ដោយ​ប្រើ​ការ៉ុត ឬ ដំឡូងបារាំង​មក​ជំនួស​ក៏បាន ៕ បុត្រ​