ជំនាញ​គយ​នៅ​ច្រកទ្វារ​អូរ​ស្មាច់​គ្រប់គ្រង​ដោយ​លោក​មេ​គយ ហង្ស វណ្ណ បាន​ចាត់តាំង​បក្ខពួក​ឲ្យ​ប្រមូលលុយ​ពី​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ មាន​សេចក្តីរាយការណ៍​ពី​ក្រុម​អ្នករកស៊ី​តូចតាច​នាំ​ទំនិញ​ចេញចូល​តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បាន​ឲ្យ​ដឹងថា មួយថ្ងៃៗ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ចូល​ពី​ប្រទេស​ថៃ តាម​រថយន្ត​តូចធំ  ​និង​តាម​រទេះ ឆ្លងកាត់​ច្រកទ្វារព្រំដែន​អូរ​ស្មាច់ ដែល​ស្ថិត​ក្នុងភូមិ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ មាន​ការលើកឡើងថា ​ទំនិញមួយភាគធំ​ បង់ពន្ធ​មិន​គ្រប់ និង​ទំនិញមួយចំនួនគេចពន្ធទាំងស្រុង។ តែបញ្ហាមិនប្រក្រតីនេះសុទ្ធតែជាប្រភពចំណូល​មិនចេះរីងស្ងួតរបស់ លោក ហង្ស វណ្ណ ប្រធាន ការិយាល័យគយ ​និង​រដ្ឋាករ ច្រកទ្វារព្រំដែន​អូរ​ស្មាច់ ដោយបានបើកដៃឲ្យមន្ត្រីថ្នាក់ក្រោមប្រមូល​លុយតា​ម​ការទាមទារ​ដោយ​គ្មាន​វិក្កយបត្រ ដែល​គេ​សង្ស័យថា​ជាការ​ប្រមូល​លុយ​ចែកគ្នា​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ខុស​នឹង​វិជ្ជាជីវ​គយ​។ ប្រភព​បញ្ជាក់ថា ប្រសិនបើ​មានការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​លោតឆ័ត្រ មិនបាន​បង់លុយ​ជូន លោក​ហង្ស វណ្ណ នឹងត្រូវ​ជំនាញ​គយ ប្រដេញ​ចាប់យក ទៅ​ផាកពិន័យ​យ៉ាង​ចាស់ដៃ​ឲ្យ​រាងចាល​។​

​ប្រភព​បាន​លើកឡើងថា កន្លងទៅ​ពួកគាត់​ខំ​តែ​ត្រេកអរ ព្រោះ​ឃើញ​ថ្នាក់លើ​បាន​ផ្លាស់ប្តូរ ប្រធាន​សាខាគយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ សំដៅ​កែទម្រង់​ភាព​អសកម្ម ជម្រុញ​ការប្រមូល​ពន្ធ​ឲ្យ​លើស​ផែនការ​មួយកម្រិត​ទៀត​។ តែ​ផ្ទុយទៅវិញ​គេ​សង្កេតឃើញថា លោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន​អូរ​ស្មាច់ នៅតែ​បន្ត​អនុវត្ត​រូបមន្ត​ចាស់​ចាត់ចែង​ឲ្យ​មន្ត្រី​ស្និទ្ធៗ ក្រៅ​តែ​ប្រមូល​ពន្ធ​បង្គ្រប់​ផែនការ ឲ្យ​ប្រឹង ប្រមូល​លុយ​ទុក​ចែកគ្នា​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សស្រាក់សស្រាំ ដោយ​លាក់បាំង​ថ្នាក់លើ ​តាមរយៈ​គាប​សង្កត់ក​ឈ្មួញ​តូចតាច តែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់ យ៉ាង​អនាធិបតេយ្យ ហើយ​ការប្រព្រឹត្ត​អំពើពុករលួយ​បែបនេះ​ធ្វើឡើងច្រើន​ឆ្នាំ​មកហើយ ដែល​បញ្ហា​នេះ​គួរតែ​លោក គុណ ញឹម អគ្គ​នាក​យ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាត់វិធានការ​លុបបំបាត់ភាពមិនប្រក្រតីនៅ​ទីនោះ​ហើយ​។

ប្រភព​បាន​បន្តថា ច្រក​អន្តរជាតិ​អូរ​ស្មាច់ មាន​សកម្មភាព នាំចូល​ទំនិញគេចពន្ធ ច្រើន​ប្រភេទ ដូចជា ប្រេងសាំង គ្រឿងសំណង់ ភេ​ស្ជ​ជៈ ស្រា​បៀរ គ្រឿងឧបភោគ​បរិ​ភោ​គុ​។​ល​។ ក្រៅពីនេះ​ក៏​មានការ​នាំចូល​ម៉ូតូ និង​រថយន្ត​ចង្កូត​ស្តាំ គ្មាន​ការត្រួតពិនិត្យ ឬ​បង់ពន្ធ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​បាត់បង់ ចំណូល​ពន្ធ​រដ្ឋ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ដោយឡែក​ចំពោះ​ការរត់ពន្ធ​ប្រេងសាំង​វិញ​ច្រក​អូរ​ស្មា​ច់នេះ​ជាប់​ចំណាក់​ថ្នាក់​លេខ​១ ដែលជា​មុខរបរ​របស់​ឧកញ៉ាៗ​ដែលមាន​ការឃុបឃិត ពី​លោក​មេ​គយ ហង្ស វណ្ណ ពេលខ្លះ​គេ​ធ្វើ​ទុយោ បង្ហូរ​មកពី​ស្រុក​សៀម ចូលក្នុង​ទឹកដី​ខ្មែរ ដាក់​ក្នុង​រថយន្ត ក្នុង​១​ថ្ងៃៗ រាប់ម៉ឺន​លីត្រ ក្រៅពីនេះ​ក៏មាន​ការដឹកជញ្ជូន​តា​ម​រថយន្ត​ឆ្នៃ​ស៊ីទែន​ដាក់​រថយន្ត​តូចៗ និង​រថយន្ត​ស៊ីទែន​ធំៗ​មិនដែល​លស់​ថ្ងៃ​ទេ ដឹក​យកមក​លក់ ចែកចាយ ក្នុង​ខេត្តសៀមរាប​។ ភាព​អសកម្ម​ដ៏​ធំធេង​នេះ​ប្រសិនបើ​លោក ហង្ស វណ្ណ មេ​គយ​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ប្រពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​មិនដឹង​ជា​ប្រាក់​ពន្ធ​កើន​ដល់​កម្រិតណា​នោះទេ​៕

KA-7777