លោក ឆែ សុធា ឃុបឃិត​ឲ្យ​មន្ត្រី​គយ​នៅ​សាលា​ក្រហម​ធ្វើ​​សក​ម្មភាព​​ប្រដេញ​​ឡាន​​ដឹកទំនិញ​ដើម្បី​ប្រមូល​​លុយ​យ៉ាង​​​អនា​​​ធិប​តេយ្យ​បង្ក​ការ​លំបាក​​ដល់​​អ្នក​ជំនួញ​​ស្រប​ច្បាប់

​ខេត្តបន្ទាយមានជ័យ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ផ្លាស់ប្តូរ​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ​លោក ថោង សុខាំ​ភូ ទៅកាន់​ខេត្តកំពង់ធំហើយបាន​ដាក់ជំនួស​លោក ឆែ សុធា ប្រធាន​សាខាគយ និង​រដ្ឋាករ មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​សំដៅ​កែទម្រង់​ភាព​អសកម្ម ដើម្បី​រឹតបន្តឹង​ការប្រមូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​ជូន​រាជ​រដ្ឋ​ភិ​បាល​។ ទោះយ៉ាងណា​គេ​សង្កេតឃើញ លោក ឆែ សុធា បាន​អនុវត្ត​រូបមន្ត​ចាស់​ដែល​គាត់​ធ្លាប់​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ យកមក​ប្រព្រឹត្ត​ក្នុង​មុខតំណែង​ជា​ប្រធាន​សាខា​ខេត្តបន្ទាយមានជ័យ​យ៉ាង​គឃ្លើន​។​

​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ លោក ឆែ សុធា ដែល​បានប្រកាស​ចូលកាន់​តំណែង ចាប់តាំងពី​ថ្ងៃទី​២៣ ខែធ្នូ ២០១៥ ជំនួស​លោក ថោង សុខាំ​ភូ បាន​រង​ការរិះគន់​ពី​អ្នកជំនួញ រឿង​ដាក់​កុងត្រូល​ច្រើន​កន្លែង យកលុយ​ពី​ឈ្មួញ​ដឹកទំនិញ ហើយ​កំពុង​បង្កើត​ប៉ុស្តិ៍​ជជុះ​ថ្មី ២​កន្លែង បន្ថែមទៀត នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុងភូមិ​សាស្ត្រ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត និង​ក្នុង​ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ សកម្មភាព​ទាំងនេះ​ត្រូវបាន​បិទបាំង​ថា ជា​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទំនិញគេចពន្ធ​។​ហើយ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​នោះទេ តែ​វា​ក៏បង្ក​ការលំបាក ដល់​អ្នកជំនួញ​ដែល​រកស៊ី​ស្របច្បាប់​ផងដែរ​។​

​មន្ត្រី​ជំនាញ​គយ​ក្រោម​ការចាត់ចែង​ពី​លោក ឆែ សុធា បាន​បោះទីតាំង​ប្រមូល​លុយ នៅ​ចំណុច​សាលា​ក្រហម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​ក្រុង​សេរី​សោ​ភ័​ណ្ឌ ទៅ​ប៉ោយប៉ែត កំពុង​បង្ក​សកម្មភាព ប្រដេញ​ឡាន​ដឹកទំនិញ យ៉ាង​អនាធិបតេយ្យ ដែល​សកម្មភាព​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ស្លូតត្រង់ ជាយថាហេតុ​។ ការប្រមូល​ពន្ធ និង​បង់ពន្ធ មាននៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត គួរតែ​ធ្វើ​នៅ​ទីនោះ​ឲ្យ​ហើយ​មិនចាំបាច់​នាំគ្នា​ប្រដេញ​ឡាន​ដឹកទំនិញ​ឡើង​ប្រសេចប្រសាច​នោះទេ គ្មាន​គោលការណ៍​ច្បាស់លាស់​សោះ ដែលមាន​សកម្មភាព​កាន់តែខ្លាំង​ក្លា​ឡើង​លើស​ជំនាន់​លោក ថោង សុខាំ​ភូ ទៅទៀត​។​

អ្នកជំនួញ​តូចធំ ដែល​ដឹកទំនិញ ពី​ប្រទេស​សៀម ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ ខេត្ត​បន្ទាយ មានជ័យ បាន​រិះគន់ថា ពីមុន​ពួកគាត់​រំពឹងថា ការធ្វើ​អាជីវកម្ម​របស់​ពួកគាត់ អាច​នឹងមាន​ភាពប្រសើ​រ​ឡើង ក្រោយពី​លោក ឆែ សុធា ចូលកាន់​តំណែង ជំនួស​លោក ថោង សុខាំ​ភូ តែ​ផ្ទុយទៅវិញ មាន​បញ្ហា​កាន់តែ​ស្មុគស្មាញ ព្រោះ​ចំនួន​កុងត្រូលជជុះ ឬ​ប៉ុស្តិ៍​ត្រួតពិនិត្យ របស់​ក្រុម​គយ មាន​ចំនួន​កើនឡើង​។ ហើយ​ពួកគាត់​បាន​សំណូមពរ​ឲ្យ​ថ្នាក់លើ​ដែល​កំពុង​អនុវត្ត​ការធ្វើកំណែទម្រង់​ស្ថាប័នគយ​មេត្តា​ត្រួតពិនិត្យ សកម្មភាព​ការងារ​របស់លោក ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ ឡើងវិញ​ផង ៕ កញ្ញា សុភាព

KA-20-04-2016-17

លោក ឆែ សុធា ​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ​