មេ​ឈ្មួញ លឹម លុង នាំ​ប្រេង​គេចពន្ធ​ដឹក​តាម​កប៉ាល់​លក់​ចែកចាយ​តាម​លំហ​សមុទ្រ និង​នាំ​ឡើងគោក​យ៉ាង​អនាធិបតេយ្យ ខណៈ​ជំនាញ​គយ​ជ្រោមជ្រែង​

​ខេត្តកោះកុង​៖ ប្រជាពលរដ្ឋ​នៅ​កោះ​ស្ដេច​បាន​និយាយថា មេ​ឈ្មួញ​ដែល​ល្បីល្បាញ​ប្រចាំ​ដែនសមុទ្រ​ឈ្មោះ លឹម លុង អាច​នាំ​ប្រេង​គេចពន្ធ​ពី​ប្រទេស​ថៃ​ចូល​តាម​ដែនសមុទ្រ​តាម​កប៉ាល់​ធំៗ ត្រូវបាន​គេ​បោះ​យុថ្កា​ចត​ចោល​នៅ​កណ្ដាល​សមុទ្រ ក្បែរ​កោះ​ឆាន់ ទល់មុខ​កោះ​ស្ដេច ជា​របស់​ឈ្មួញ​ថៃ ឃុបឃិត​គ្នា នាំ​ប្រេងសាំង ប្រេង​ម៉ា​ហ្សូ​ត អត់​បង់ពន្ធ យកមក​លក់​ផ្ដាច់មុខ​នៅ​ស្រុក​បុ​ទុម​សាគរ រួមទាំង​មាន​ឈ្មួញកណ្ដាល ទិញ​បន្ត​យកទៅលក់​ដល់​ស្រុក​ផ្សេងៗ​ទៀតផង​ដែរ ។ នៅ​កោះ​ស្ដេច​ផ្ទាល់​ក៏មាន​ផែ​ពោង​ប្រេង សម្រាប់​លក់រាយ​ឲ្យ កប៉ាល់ និង​ទូក​នេសាទ​សមុទ្រ ជា​អចិន្ត្រៃយ៍ មិនចាំបាច់​ទៅរក​ចាក់​ប្រេង​នៅតាម​កោះ នានា​នោះទេ​ហើយ​ម្យ៉ាងទៀត​ដោយសារ​ប្រេង​ម៉ា​ហ្សូ​ត​១​លីត្រ​ជាង​១០​បាត​តែប៉ុណ្ណោះ ។

ប្រភព​បាន​រៀបរាប់ថា កប៉ាល់​ដឹក​ប្រេង​អត់​បង់ពន្ធ​យកមក​ចត​លក់ ដោយ​ចំហរ​ខាងលើ គឺ​កើតមាន​ជា​យូរ​ឆ្នាំ​មកហើយ​ជា​របស់​ឈ្មួញ​ដ៏​មានអំណាច​ម្នាក់​ឈ្មោះ លឹម លុង ដោយ​កប៉ាល់ ១​គ្រឿង​ចត​លក់ កប៉ាល់ ១​គ្រឿង​ទៀត ជា​អ្នក​ដឹកជញ្ជូន​ប្រេង​យកមក​ផ្គត់ផ្គង់​ឲ្យ​ដោយ​គេ​មិនឃើញ មន្ត្រី​មាន​សមត្ថកិច្ច ជាពិសេស​ជំនាញ​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក សំ កុសល ប្រធាន​សាខាគយ ខេត្តកោះកុង មិ​ដែល​ចុះទៅ​ក្បែរ​ឡើយ ពោលគឺ​ដោយសារ​មានការ​ឃុបឃិត​គ្នា​យ៉ាង​ចាក់ស្រេះ​រាប់ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​ដែល​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឈ្មួញ​ឈ្មោះ លឹម លុង នេះ​ម្នាក់​ភូត​មេៗ​ថ្នាក់លើ​បាន​យ៉ាង​រលូន​។

​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា តាមពិត​នៅលើ​ផ្ទៃសមុទ្រ មិនមែន​មានតែ​កប៉ាល់ ២​គ្រឿង​នេះ នោះទេ គឺមាន​កប៉ាល់ ដឹក​ប្រេង​នាំចូល​ពី​ប្រទេស​ថៃ​អត់​បង់ពន្ធ យកមក​ចត​លក់​នៅលើ​ដែនសមុទ្រ ផ្គត់ផ្គង់​ឲ្យ​ទូក កប៉ាល់​នេសាទ និង​បណ្ដាល​ស្រុក ខេត្ត​ជាប់​សមុទ្រ រាប់​សឹ​បគ្រឿង​ឯណោះ គ្រាន់តែ​គេ​ចែក​ប្លុក​គ្នា​គ្រប់គ្រង​ការផ្គត់ផ្គង់​ទៅតាម​ខ្នងបង្អែក​រាងៗ​ខ្លួន ហើយ​ក្រុមមន្ត្រី នាំគ្នា​អង្គុយចាំតែ ទទួល​លាភសក្ការៈ ពី​ឈ្មួញ​តែប៉ុណ្ណោះ ព្រោះតែ​គេ​យល់ថា ការរត់ពន្ធ​ប្រេង​ចូល​យកមក​លក់ នៅ​កណ្ដាល​សមុទ្រ និង​នៅលើ​ដីគោក តែ​គេ​ទិញយក​ទៅប្រើ​អស់​គ្មាន​បន្សល់​ភស្តុតាង​ឲ្យ​ចាប់កំហុស​បាន​នោះទេ​។​

​មានការ​លើកឡើងថា ករណី​មេ​ឈ្មួញ​ឈ្មោះ លឹម លុង នាំចូល​ប្រេង​គេចពន្ធ​តាម​ដែនសមុទ្រ​ក្នុង​ខេត្តកោះកុង បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាត​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ព្រោះ​នៅក្នុង​ខេត្តកោះកុង ទូក​នេសាទ ទូក​ដឹកទំនិញ និង​រថយន្ត ក៏ដូចជា​ម៉ូតូ​ភាគច្រើន​លើសលប់ ប្រើប្រាស់​ប្រេងសាំង និង​ម៉ា​ហ្សូ​ត​គេចពន្ធ​ដែល​នាំចូល​ដោយ​មេ​ឈ្មួញ លឹម លុង​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិចារណា​ឡើងវិញ​ក្នុងការ​ដាក់ចេញ​វិធាន​ការទាញយក​ប្រាក់ចំណូល​ពន្ធ​ដែល​នៅមានកម្រិត​អត្ថិភាព​ខ្ពស់​នៅឡើយ ព្រោះ​ប្រេងសាំង និង​ម៉ា​ហ្សូ​ត​ចាង​លើ​នេះ​កំពុង​ធ្វើ​ចរាចរណ៍​ឡើងគោក​តាមរយៈ​ឈ្មួញកណ្តាល ទៅកាន់​បណ្តា​ស្រុក​នានា​នៅ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ​៕

KA-23-04-2016-08 KA-23-04-2016-09