មេ​គយ​ចល័ត​មាន​រហស្សនាម «​គ្រូ​ចិន​សែ​» ប្រចាំ​ផ្លូវជាតិ​លេខ​២​និង​លេខ​៣ កំពុង​ប្រើ​អំណាច់​គោះ​លុយ​ឆៅៗ​ពី​ឈ្មួញ​ដឹក​ត្រី​ខុសច្បាប់ រត់ពន្ធ​ដែក និង​ទំនិញ​ចម្រុះ​នាំ​ពី​វៀ​តណា​ម​

​ខេត្តតាកែវ ៖ ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់ របស់​ក្រុម​ឈ្មួញ ទាំង​តូច​ទាំង​ធំ បច្ចុប្បន្នកំពុង​ដឹកជញ្ជូន​ពី​វៀតណាម​ចូល​តាម​ច្រករបៀង និង​ច្រកទ្វារ​អន្តរជាតិ​នានា នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ និង​ខេត្តកំពត​យ៉ាង​អនាធិបតេយ្យ ហើយ​ទំនិញ​ល្មើស​ទាំង​នោះបាន​សម្រុក​ដឹក​ចូល រាជធានី​ភ្នំពេញ​នៅពេល​យប់ ដោយ​គេ​មិនដែល​ឃើញ​មានការ​បង្ក្រាប ក្រុម​គយ​ចល័ត របស់​អគ្គនាយកដ្ឋាន ប្រចាំ​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ ក្រោម​ការគ្រប់គ្រង​រប​ស់លោក​មេ​គយ​ចល័ត​មាន​រហស្សនាម គ្រូ​ចិន​សែ ​នោះ​ម្តងណា​ឡើយ តែ​បែរជា​ល្បីល្បាញ​គេ​និយាយ​តៗ​គ្នា​ថា ក្រុម​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​២ ​និង​លេខ​៣ កំពុង​ខ្វែងដៃខ្វែងជើង​គ្នា ប្រ​មូ​លុយ​ពី​ទំនិញ​ល្មើសច្បាប់ ចែកគ្នា​ទៅធ្វើ​មាន​ធ្វើបាន និង​អាច​រៀបចំ​ឆ្នាំងបាយ​ជូន​មេៗ​ថ្នាក់លើ​ទៀតផង ទើប​មេ​គយ​ចល័ត​រហស្សនាម គ្រូ​ចិន​សែ ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត ។​

សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​បង្ហើប​ឲ្យ​ដឹងថា បទល្មើស​សេដ្ឋកិច្ច ការរត់ពន្ធ​ទំនិញ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ចូល​តាម​ច្រករបៀង និង​ច្រក​អន្តរជាតិ​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពត ដឹក​ឆ្លងកាត់ តាមផ្លូវ​ជាតិ​លេខ​២ និង​លេខ​៣ រហូត​ចូលដល់​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​នោះ គឺអាច​មន្ត្រី​គយ​តាម​ច្រក​នានា​ផ្នែក​ត្រួតពិនិត្យ​ដើមទី​ត្រូវរ៉ូវ​ជាមួយ​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ បិទបាំង​បរិមាណ និង​សម្រួលការ​ក្លែង​ប្រភេទ​ទំនិញ​គ្រប់​រូបភាព​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​បញ្ចូល​ហោប៉ៅ​រៀងៗ​ខ្លួនៗ ហើយ​បានធ្វើ​ឲ្យ​សកម្មភាព​រត់ពន្ធ​ទំនិញ​ខុសច្បាប់​មាន​សភាព​ស្ងប់ស្ងាត់ ហាក់ដូច​គ្មាន​អំពើ​រត់ពន្ធ និង ទំនិញ​មិន​គ្រប់​អញ្ចឹង​។ ជាការ​ពិត​គោ​លន​យោ​បាល​កំណែទម្រង់​គយ​ត្រូវបាន​លោក​មេ​គយ​ចល័ត​មាន​រហស្សនាម គ្រូ​ចិន​សែ​ប្រើ​ជា​ឧបករណ៍​បន្លាច​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ប្រមូល​លុ​ញ​ច្រក​ហោប៉ៅ​តែប៉ុណ្ណោះ​។​

បច្ចុប្បន្ន​ល្បី​ថា មេ​គយ​ចល័ត ប្រចាំ​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ មាន​រហស្សនាម គ្រូ​ចិន​សែ អា​ចរក​ចំណូល តាមរបៀប​ពុករលួយ បាន​ច្រើន​ពាន់​ដុល្លារ​ក្នុង​មួយថ្ងៃៗ ពី​ការដឹកជញ្ជូន និង​នាំចូល​ត្រី​ខុសច្បាប់ ពី​ប្រទេស​វៀតណាម តាម​ច្រក​ខេត្តតាកែវ និង​ខេត្តកំពត​។ ការនាំ​ចូល​ត្រី​ខុសច្បាប់ មាន​សារ​ធាតុគីមី ក្នុង​មួយថ្ងៃៗ​រាប់រយ​តោន របស់​ក្រុម​ឈ្មួញ ទោះបីជា មាន​លិខិត​អនុញ្ញាតិ ពី​ក្រសួងកសិកម្ម ក៏​មិនអាច​គេចវេស​បង់លុយ​ឲ្យ​ក្រុម​គយ​ចល័ត ប្រចាំ​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ បាន​នោះទេ បើ​មិន​ដូច្នេះ​ទេ​ចៀស មិន ផុតពី​ការគាបសង្កត់​ចាប់​ថ្នាក់ ពិនិត្យ​ឯកសារ និង​ចាប់កំហុស​មិនចេះចប់​។ ម្ល៉ោះហើយ​សូម្បីតែ​ឈ្មួញ​មាន អំណាច ដែល​កំពុង​រកស៊ី​នាំចូល ដឹកជញ្ជូន​ដែក និង​គ្រឿងសំណង់ ទ្រង់ទ្រាយ​ធំ ឆ្លងកាត់​ខេត្តតាកែវ ក្នុង​មួយ​យប់ៗ រាប់សិប​តោន ដោយ​បង់ពន្ធ​មិន​គ្រប់ សុទ្ធតែ​រត់ការ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោកគ្រូ​ចិន​សែ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ ប៉ុន្តែ​អ្វី​រដ្ឋ​ជា​អ្នកខាតបង់​យ៉ាងធ្ងន់ធ្ងរ​៕

KA-01-04-2016-17 KA-01-04-2016-18