​ហេតុ​អ្វី​គ្រូពេទ្យ​ខ្លះ មិន​ចង់​ឲ្យ​អ្នក មាន​កូនភ្លោះ​?

​ហេតុ​អ្វី​គ្រូពេទ្យ​ខ្លះ មិន​ចង់​ឲ្យ​អ្នក មាន​កូនភ្លោះ​?

​ជាមួយនឹង​ការបង្ក​កំណើត​ក្រៅ​ស្បូន (IVF) អ្នក​អាច​មានឱកាស ទទួលបាន​កូនភ្លោះ រហូត​ទៅ​ដល់ ៤៦ ភាគរយ ហើយ​ភាគច្រើន​បំផុត គឺ​ភ្លោះ​ពីរ​។ ប៉ុន្តែ អ្នកជំនាញ​ខាង​បង្ក​កំណើត ចង់ឲ្យ​មាន​ការផ្លាស់ប្តូ​រ​បែប គឺ​បានន័យថា មាន​តែ​កូន​មួយ​ប៉ុន​នោះ​។ ហេតុ​អ្វី​ទៅ​?

​ការ​មាន​កូនភ្លោះ ធ្វើ​ឲ្យ​ម្តាយ​ប្រឈមមុខ នឹង​បញ្ហា​សុខភាព​ជា​ច្រើន រួម​ទាំង​ទារក​ភ្លោះ​ផងដែរ ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។​

​ទិន្នន័យ​ចុងក្រោយ ដែល​បានមកពី​មជ្ឈមណ្ឌល​ការពារ និង​គ្រប់គ្រង​ជំងឺ (Center for Disease Control and Prevention) បានបង្ហាញ​ថា ៣៧ ភាគរយ​នៃ​ទារក​ភ្លោះ ដែល​បង្ក​កំណើត​ក្រៅ​ស្បូន បាន​កើតមុន​កំណត់ ខណៈពេល​អត្រា​មាន​កូនភ្លោះ​តាម​ធម្មតា មានតែ ៣​ភាគរយ​នោះ ហើយ​ក្នុងនោះ បាន​កើតមុន​កំណត់ ១២ តែ​ភាគរយ​ទេ​។​

​ស្ត្រី​ភាគច្រើន ដែល​ទទួល​ការព្យាបាល ដោយ​ការបង្ក​កំណើត​ក្រៅ​ស្បូន តែងតែ​ប្រាថ្នា​ចង់បាន​កូនភ្លោះ ពីព្រោះ ពួកគេ​មិន​មាន​ពេលវេលា ឱកាស និង​លុយកាក់​ម្តងទៀត សម្រាប់​ការព្យាបាល​បែប​នេះ​ឡើយ ពីព្រោះ វា​ពិត​ថ្លៃ​ខ្លាំងណាស់ (​អស់​ក្បែរ ២ ម៉ឺន​ដុល្លារ​) ហើយ​ស្ត្រី​មួយចំនួនទៀត ចង់​មាន​កូន​តែ​ម្តងនេះ គឺ​បញ្ចប់​ហើយ​។​

​ប៉ុន្តែ វេជ្ជបណ្ឌិត​ជំនាញ​ខ្លាច​ថា ការសម្រេច​រហ័ស​បែប​នេះ អាច​ធ្វើឲ្យ​ពួកគេ​ស្តាយ​ក្រោយ ពីព្រោះ ពួកគេ​មិន​បានដឹង​ច្បាស់ អំពី​កត្តា​ប្រឈមមុខ និង​បញ្ហា​ទៅ​ថ្ងៃក្រោយ​ទៀត​នោះ​ទេ​។​

​បញ្ហា​ដែល​អ្នក​ត្រូវ​ប្រឈមមុខ មានដូចជា ៖
-​    ​ជំងឺ​ទឹកនោម​ផ្អែម​
-​    ​ជំងឺ​ព្រាយ​ក្រឡា​ភ្លើង​
-​    ​ទារក​កើតមុន​កំណត់​
-​    ​ការ​សម្រាលកូន​ដោយ​វះកាត់​
-​    ​ត្រូវការ​សម្រាក​យូរ ក្រោយ​ពេល​សម្រាលកូន​រួច​
-​    ​បញ្ហា​ក្នុង​ការដកដង្ហើម ចំពោះ​ទារក​តូចៗ ហើយ​ពេល​ខ្លះ តម្រូវឲ្យ​គេ​សម្រាក​ក្នុង​មន្ទីរពេទ្យ ជាច្រើន​សប្តាហ៍ ឬ​ខែ​ទៀតផង បន្ទាប់ពី​កើត​រួច​។​
​ដូច្នេះ ប្រសិនបើ​អ្នក ទទួល​ការព្យាបាល​ដោយ​បង្ក​កំណើត​ក្រៅ​ស្បូន អ្នក​គួរ​ស្វែងយល់ឲ្យ​បានច្បា​ស់ មុន​នឹង​សម្រេចចិត្តថា យក​កូនភ្លោះ ឬ​កូន​តែមួយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។