​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជជីកសួរ​មន្ត្រីសិទ្ធិមនុស្ស ខណៈ​មន្ត្រី​របស់​ UN មិន​មក​បង្ហាញ​ខ្លួន​

កាលពី​ថ្ងៃព្រហស្បតិ៍ អង្គភាពប្រឆាំង​អំពើ​ពុករលួយ (ACU) បាន​សាកសួរ​មន្ត្រី​សមាគម​សិទ្ធិមនុស្សអាដហុក​រហូត​ដល់​យប់​ពីរ​ថ្ងៃ​ជាប់​គ្នា​ជុំវិញ​ការ​អះ​អាង​ដែល​ថា ពួក​គាត់​បាន​ណែនាំ​ឱ្យ​ស្រីកំណាន់​ដែលគេ​ចោទ​​​​ថា ជា​របស់​លោក​ កឹម សុខា អនុប្រធាន​គណ​​បក្ស​ប្រឆាំង​ និយាយ​បដិសេធរឿង​សហាយ​ស្មន់​។

ការសាកសួរនេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​​ចាប់ខ្លួន​មេឃុំ​គណបក្ស​ប្រឆាំងម្នាក់នៅក្នុង​ខេត្ត​កំពង់​ចាម​កាលពីថ្ងៃពុធ​ពាក់ព័ន្ធ​ការ​ផ្តល់​ប្រាក់​ទៅ​ឱ្យ​ស្រីកំណាន់រូបនេះ​ដែលមាន​ឈ្មោះ​ ​​​ខុម ចាន់​តារ៉ាទី ចំនួន​៥០០ដុល្លារ​ដើម្បី​ឱ្យ​នាង​និយាយ​កុហក និង​និយាយ​ថា នាង​ និង​លោក កឹម សុខា​ គ្មាន​ទំនាក់​ទំនង​ផ្លូវ​ភេទជាមួយ​គ្នា​។

លោក ម៉ៅ មុនីវណ្ណ​ តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​បានលើក​ឡើង​កាលពី​ថ្ងៃ​ពុធ​ថា ប្រាក់​នេះ​បាន​មក​ពី​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​ការ​ព្រួយ​បារម្ភ​នៅក្នុងប្រទេស​នូវែល​សេឡង់​​ ហើយវា​គ្រាន់តែដើម្បី​កុំឱ្យ​ម្តាយ​របស់​នាង​ ខុម ចាន់តារ៉ាទី ព្រួយ​បារម្ភ​អំពី​ភាព​ក្រីក្រ​ប៉ុណ្ណោះ​។

លោកស្រី ធីតា ឃឹះ ប្រធាន​អង្គការ​​​ការ​ពារ​សិទ្ធិស្ត្រី​សីលការ ​ពេល​ចាក​ចេញ​ពី​​​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកស្រី ធីតា ឃឹះ ប្រធាន​អង្គការ​​​ការ​ពារ​សិទ្ធិស្ត្រី​សីលការ ​ពេល​ចាក​ចេញ​ពី​​​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បន្ទាប់ពី​មានការ​បដិសេធអស់​រយៈពេល​ពីរ​ខែ​ នាង​ ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ​ បាន​សារភាព​ថា មាន​ទំនាក់​ទំនង​ស្នេហាជាមួយ​លោក​ កឹម សុខា​ អំឡុង​ការ​សាក​សួរ​នៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​ កាលពី​សប្តាហ៍​មុន​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ពេស្យាចារ និង​និយាយ​កុហក។ នាង​បាន​ចោទប្រកាន់​មេឃុំរូបនេះ​ សមាគមអាដហុក មន្ត្រី​អង្គការ​សហប្រជាជាតិ​មួយរូប​ និង​អ្នកតស៊ូមតិ​សម្រាប់សិទ្ធិស្ត្រីមួយ​រូប​ថា បាន​បញ្ចុះ​បញ្ចូល​ឱ្យ​នាង​និយាយ​កុហក​។

អ្នក​ទាំង​អស់នេះ​បាន​​ផ្តល់​ជំនួយ​គាំទ្រ​ដល់​នាង​ ខុម ចាន់តារ៉ាទី ពេល​នាង​កំពុង​ជួប​ការ​លំបាកក្នុងការប្រឈម​នឹង​អាជ្ញាធរ​ ប៉ុន្តែ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់ដែល​ថា ពួកគាត់​បាន​ព្យាយាម​​បញ្ចុះបញ្ចូល​​ឱ្យ​នាង​និយាយ​បដិសេធរឿង​សហាយ​ស្មន់។

កាលពី​ម្សិលមិញ ACU​ បាន​កោះ​ហៅ​មន្ត្រី​​​បីរូប​ក្នុង​ចំណោម​មន្ត្រី​សមាគម​អាដហុក បួន​រូបដែល​ត្រូវ​បាន​សាកសួរ​កាលពី​មួយ​ថ្ងៃមុន​​ ជាមួយនឹង​​លោកស្រី​ លឹម មុនី​ អ្នក​ស៊ើប​អង្កេត​​​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិមនុស្ស​នេះ​ និង​លោក​ នី​ ចរិយា អគ្គលេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិរៀប​ចំការ​បោះ​ឆ្នោត ព្រម​ទាំង​​​លោកស្រី ធីតា ឃឹះ នាយិកា​អង្គការ​សីលការ​ ​​ជា​អង្គការ​ការ​ពារ​សិទ្ធិស្ត្រីឱ្យ​ត្រឡប់មក​វិញ។

លោក​ នី​ ចរិយា និង​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បួនរូប​នៅ​ក្នុង​ទីស្នាក់​ការ​របស់ cam-photo-acu-channa-800x533​ACU ដែលស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ​នៅឡើយទេ​កាលពី​យប់មិញ​។

លោកស្រី ធីតា ឃឹះ​ ត្រូវ​បាន​ដោះ​លែង​វិញ​ក្រោយ​ថ្ងៃត្រង់បន្តិច ហើយ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោកស្រី​បាន​បដិសេធ​ការ​ចោទ​​ប្រកាន់​របស់នាង ខុម ចាន់តារ៉ាទី នៅពេល​ត្រូវ​បាន​សាកសួរ​ដោយ​លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

លោកស្រី​មាន​ប្រសាសន៍​ថា ”គាត់​បាន​សួរ​​​ខ្ញុំ​ថា តើ​ខ្ញុំមាន​ទំនាក់​ទំនង​ស៊ីជម្រៅ​ជាមួយ ស្រីមុំ ​​​ដែរឬទេ។ ខ្ញុំបាន​ប្រាប់​គាត់​ថា គ្មាន​ទំនាក់​ទំនង​​​​ស៊ីជម្រៅ​អ្វីទេ។ ការងារ​របស់ខ្ញុំគឺ​ដើម្បី​លើក​​​កម្ពស់​សិទ្ធិស្ត្រី និងការ​ពារ​សិទ្ធិស្ត្រី”។

លោកស្រី​​មាន​​ប្រសាសន៍​ប​ន្ថែមថា “​គាត់​បានសួរ​ខ្ញុំថា តើ​ខ្ញុំ​មានបាន​បង្គាប់​ឱ្យ​នាង​និយាយ​​​​ផ្ទុយ​ពីការ​ពិត​ដែរ​ឬទេ…​ខ្ញុំ​បម្រើការងារ​ជា​មន្ត្រី​សិទ្ធិមនុស្ស​ ខ្ញុំគឺជា​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ ខ្ញុំធ្វើការ​ងារ​របស់​ខ្ញុំ​ដូច​​ធម្មតា។ គាត់​នៅតែ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មាន​បាន​ណែនាំ​ ស្រីមុំ​ ដោយ​ផ្ទាល់​ ឬដោយ​ប្រយោល​ឱ្យ​និយាយ​អ្វីដែល​ផ្ទុយ​ពី​ការ​ពិត​ដែរ​ឬ​អត់​ ប៉ុន្តែខ្ញុំអត់​មាន​បាន​ធ្វើ​អ៊ីចឹង​ទេ។ ខ្ញុំគ្រាន់តែមក​ដើម្បី​បញ្ជាក់​ប៉ុណ្ណោះ ហើយ​គាត់​និយាយ​ថា គាត់​មិន​ទាន់​ចោទប្រកាន់​ខ្ញុំ​ពី​រឿង​អ្វី​នៅឡើយ​ទេ”។

លោកស្រី​លើកឡើង​ទៀត​ថា លោក​ស្រី​មិន​ដឹង​​អំពី​​ជោគ​វាសនា​របស់​មន្ត្រី​សមាគម​អាដហុក​ដែល​នៅ​ស្ថិត​ខាង​ក្នុង​ទីស្នាក់​ការ​ ACU នៅឡើយ​ ព្រោះ​លោកស្រីត្រូវ​បាន​គេ​​ដាក់​ឱ្យ​នៅ​ដាច់ដោយ​ឡែកពី​ពួកគាត់​​។

ពេល​ទាក់​ទង​នៅម៉ោង​ប្រហែល​១០​យប់ ​លោក ធន សារាយ​ ប្រធាន​សមាគម​អាដហុក​បាន​លើក​ឡើង​ថា លោក​មិន​សង្ឃឹមថា ACU​ នឹង​ដោះ​លែង​មន្ត្រី​របស់គាត់​មក​វិញ​នៅមុន​ថ្ងៃនេះឡើយ។

cam-photo-leaders-channa-WEB-ONLY-800x533លោក​បានមាន​ប្រសាសន៍​ថា ”​ខ្ញុំគិត​ថា គ្មាន​​​សង្ឃឹម​ថា ពួកគេ​នឹង​ឱ្យ​សហការ​ី​របស់​ខ្ញុំ​ត្រឡប់ទៅ​ផ្ទះវិញ​ឡើយ​នៅ​យប់នេះ។ លោក ​​​ឱម​​ យ៉ិនទៀង​ បាន​ខល​មក​ខ្ញុំ​នៅម៉ោង​៦។ គាត់​និយាយ​ថា វា​ពិបាក​ក្នុង​ការ​ឱ្យ​សហការី​របស់ខ្ញុំ​ត្រឡប់ទៅផ្ទះវិញ​នៅ​យប់នេះ ព្រោះ​​​គាត់​មិន​ចង់​ឱ្យ​សហការី​របស់ខ្ញុំ​មាន​ឱកាស​និយាយ​គ្នា​អំឡុង​ការ​សាកសួរ”។

លោក​បាន​បន្ថែម​ថា ”មាន​ការសាកសួរ​​ច្រើន​ ហើយ​យូរ​ណាស់​។ វា​មិន​ល្អទេ​ដែល​សាក​សួរ​បែបនេះ”។

លោក ឱម យ៉ិនទៀង​ មិន​អាច​ទាក់ទង​សុំ​ការ​​​អត្ថាធិប្បាយ​បានទេកាលពី​ម្សិល​មិញ។​លោក​​​បាន​ព្រមាន​អ្នក​ដែល​ត្រូវ​បាន​កោះ​ហៅ​មក​សាក​​​​សួរ​ថា ពួកគាត់​អាច​ប្រឈម​ការ​​ចាប់ខ្លួន​ ​បើ​មិន​បង្ហាញ​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​ទេនោះ។

ទោះ​បី​ជា​មានការ​ព្រមាន​បែបនេះ​ក្តី តែ​លោក ស៊ឺន សាលី មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​​នៅតែ​មិន​មក​បង្ហាញ​ខ្លួន​កាលពី​ម្សិលមិញ​។

លោកស្រី វ៉ានហៀ លី តំណាង​ប្រចាំ​ប្រទេស​នៃការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់ថា លោក ស៊ឺន សាលី មិន​បាន​បង្ហាញខ្លួន​សម្រាប់ការ​សាកសួរ​នៅ​ ACU ឡើយ ដោយ​សំអាង​លើ​អភ័យ​ឯកសិទ្ធិ។

លោកស្រី​បាន​មាន​ប្រសាសន៍ថា ”គាត់​មិន​​​បាន​បង្ហាញខ្លួន​សម្រាប់​ការ​សាកសួរ​ឡើយ​។ លោក ស៊ឺន សាលី គឺ​ជាមន្ត្រី​របស់​អង្គការ​សហ​​ប្រជាជាតិ​ ហើយត្រូវ​បានការ​ពារ​ដោយ​​​​អនុសញ្ញា​ស្តីពី​ឯកសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​របស់​​អង្គការ​សហ​ប្រជាជាតិ។​អង្គការ​សហ​ប្រជា​​ជាតិ​កំពុង​តែទាក់ទង​ជាមួយ​រដ្ឋាភិបាល​ពាក់​ព័ន្ធបញ្ហា​នេះហើយ​”។​លោកស្រី​​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ​។

នៅខាងក្រៅ​ទីស្នាក់ការ​របស់ ​ACU មាន​មនុស្ស​ប្រហែល​៧០នាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា​​នៅពេល​រសៀល​ដើម្បី​ប្រកាស​ជំទាស់នឹង​ការ​ស៊ើប​អង្កេត​នេះ​ដែល​អង្គភាព​នេះ​កំពុង​បន្ត​ ខុស​ពី​ធម្មតា​ដោយមាន​លក្ខណៈ​ជា​សាធា​រណៈ ជាហេតុ​បណ្តាល​ឱ្យមាន​ការ​លើក​ឡើង​​​អំពី​ឥទ្ធិពល​នយោបាយ៕ស៊ុយ​ឈាង​​​​​

The post ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជជីកសួរ​មន្ត្រីសិទ្ធិមនុស្ស ខណៈ​មន្ត្រី​របស់​ UN មិន​មក​បង្ហាញ​ខ្លួន​ appeared first on ខេមបូឌា ដេលី.