ព័ត៌មាន​លម្អិត​ពី​ការ​បាញ់​តគ្នា​ជាមួយ​ក្រុម​ចែក​ចាយ​គ្រឿង​ញៀន​

ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ប្រាំនាក់​​ត្រូវ​បាន​សាក​សួរ​កាលពី​ម្សិលមិញ ខណៈ​ដែល​កង​រាជ​អាវុធហត្ថ​បាន​កាន់​ទុក្ខ​​សព​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​​ដែល​បាន​ស្លាប់​អំឡុង​​​ការ​បាញ់​តគ្នា​ទាំង​កណ្ដាល​ថ្ងៃ​​កាលពី​ថ្ងៃពុធនៅ​ផ្ទះ​មួយ​​​​ស្ថិត​ក្នុង​ខណ្ឌ​​​ទួលគោក​​​​ ដែល​ក្នុង​ប្រតិបត្តិការ​នោះ​ក៏​បាន​បណ្តាល​​ឲ្យអ្នក​ចែក​ចាយ​គ្រឿង​ញៀន​ម្នាក់​ស្លាប់​ផង​ដែរ។

លោក ទៀន ករុណា នាយ​រង​ការិយា​ល័យ​​​ប្រឆាំង​គ្រឿងញៀន​​នៃកង​រាជអាវុធហត្ថ​​ ​ត្រូវ​បាន​ជន​ជួញដូរ​គ្រឿង​ញៀន​​បាញ់​ស្លាប់​​ខណៈ​ដែល​មន្ត្រី​ទាំង​នេះ​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ផ្ទះ​​នេះ​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ដែល​​​​គេ​ជឿ​ថា ជា​កន្លែង​លាក់​ខ្លួន​របស់​​ក្រុម​ចែក​

ចាយ​គ្រឿង​ញៀន។

នៅ​ពិធី​បុណ្យ​សព​លោក ទៀន ករុណា កាលពី​ម្សិលមិញ មន្ត្រី​ម្នាក់​ក្នុង​ចំណោម​​មន្ត្រី​ដែល​​​​​ចូល​រួម​ក្នុង​ការ​​ឆ្មក់ចូល​​នោះបាន​និយាយ​​​ថា ប្រតិបត្តិការ​នោះ​បាន​ចាប់​ផ្ដើម​​ដោយ​ការ​​ចាប់​ខ្លួន​អ្នក​ចែក​ចាយ​គ្រឿង​ញៀន​តូច​តាច​ពីរ​នាក់​ក្នុង​តំបន់​អនាធិបតេយ្យ​ត្រពាំង​ឈូក ​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​​​ ដែល​មាន​កេរ្តិ៍​ឈ្មោះ​អសោច​ថា ជា​កន្លែង​លាក់​ខ្លួន​រ​បស់ក្រុម​ចែក​ចាយ​​ថ្នាំ​ញៀន​មេតំហ្វេតាមីន។

មន្ត្រី​រូប​នេះ​​ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ ​​ពីព្រោះ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​និយាយ​​​​​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នោះ​​បាន​និយាយ​ថា “​នៅ​ម៉ោង​ប្រហែល​២រសៀល​ថ្ងៃ​ពុធ កង​រាជ​អាវុធ​​​ហត្ថ​រូប​នេះ​បាន​ចាប់​ខ្លួន​​អ្នក​ចែក​ចាយ​គ្រឿងញៀន​​​ពីរ​នាក់​ពី​​​តំបន់​ត្រពាំង​ឈូក ហើយ​​​បាន​នាំ​ពួក​​គេ​ទៅ​សាកសួរ​រហូត​ដល់​ពួកគេ​បាន​បង្ហាញ​​ផ្ទះ​​​​នោះ​ជា​កន្លែង​ដែល​ក្រុម​ចែក​ចាយ​ថ្នាំញៀន​​​រស់​នៅ​ដល់​ពួកយើង​ស្ថិត​​ក្នុង​ខណ្ឌ​ទួលគោក​”។

​មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​ថា ប្រហែល​១ម៉ោង​ក្រោយ​មក​​ មន្ត្រី​កង​រាជអាវុធហត្ថ​មួយ​ចំនួន​ទៀត​បាន​មក​ដល់​ផ្ទះ​នោះ ហើយ​​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​នៅ​ខាង​ក្រៅ​ដែល​ពួក​​​គេ​សង្ស័យ​ថា ជា​អ្នក​ចែក​ចាយ​​គ្រឿង​ញៀន ដោយ​បាន​នាំ​ជន​នេះ​ចូល​ទៅ​ក្នុង​ឱ្យ​បង្ហាញ​ប្រាប់​ពួកគេ​ពី​កន្លែង​ដែល​ជន​​ផ្សេង​​ទៀត​កំពុង​លាក់​ខ្លួន​។

មន្ត្រី​រូប​នេះ​និយាយ​ថា “​​នៅ​​ពេល​កម្លាំង​របស់​យើង​បាន​អូស​ជន​សង្ស័យ​រូ​ប​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ជន​សង្ស័យ​រូប​នេះ​​​បាន​ដក​កាំភ្លើង​​​បាញ់​លោក ករុណា ​មួយ​គ្រាប់​ត្រូវ​ត្រង់​ទ្រូង​ និង​ពោះ​ ពេលនោះ​កង​​រាជអាវុហត្ថ​ដែល​នៅ​​ខាង​​​​ក្នុង​បានគេច​​​​ខ្លួន ហើយ​បាន​​យក​លោក ករុណា ចេញពី​ផ្ទះ​នោះ​​។ លោក​​បន្ថែម​ថា លោក ករុណា យើង​​ប្រញាប់ប្រញាល់​​បញ្ជូន​​​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។

លោក​បាន​និយាយ​ថា បន្ទាប់​មក​​កង​រាជ​អាវុធហត្ថ​បាន​ប្រមូលផ្ដុំគ្នា​ឡើង​វិញ ហើយ​បាន​ហៅ​កម្លាំង​បន្ថែម​​។ នៅ​ពេល​នោះ កម្លាំង​​​ប្រហែល​៣០​នាក់​បាន​ចូល​​ក្នុង​​​ទ្វារ​របង​ផ្ទះ​នោះម្តង​ទៀត​  ហើយ​ការ​បាញ់​​តគ្នា​ពេញ​បន្ទុក​​​​​​​​​បាន​កើត​ឡើង​។ អំឡុង​ការ​បាញ់​តគ្នា​រយៈ​ពេល​១ម៉ោង​ ជន​សង្ស័យ​ម្នាក់​​ត្រូវបាន​បាញ់​ស្លាប់​។ ទីបំផុត​ នគរ​បាល​​​បាន​សម្រុក​ចូល​ក្នុង​ផ្ទះ​នោះ​តាម​បង្អួច​។

​លោក​និយាយ​ថា ”​បន្ទាប់ពី​​​ជន​នេះ​ត្រូវ​បាន​បាញ់​ស្លាប់ កង​រាជអាវុធ​ហត្ថ​បាន​ចូល​ទៅ​​​​ក្នុង​ផ្ទះ ហើយ​​ដក​កាំភ្លើង​ភ្ជង់​ [ជន​សង្ស័យ​ផ្សេង​​​​ទៀត] ​​ដែល​​កំពុង​ក្រាប​​​លើ​ឥដ្ឋ”​។

លោក សេក វីរៈ ដែល​ជា​ម្ចាស់​ឱសថ​ស្ថាន​​​មួយ​ស្ថិត​នៅ​ទល់​មុខ​ផ្ទះ​នោះ បាន​រៀបរាប់​ពី​ហេតុ​ការណ៍​ចលាចលនោះ​​ ខណៈ​​កង​រាជ​អាវុធហត្ថ​បាន​បាញ់​សំដៅ​ផ្ទះ​នោះ​ពីទីតាំង​ផ្សេងៗ​ រួម​ទាំង​ការ​​បាញ់​ពី​ដំបូល​​ផ្ទះ​ផង​។

លោក​បាន​និយាយ​ថា “​វា​ដូច​ជា​រឿង​ភាព​យន្ត​ហុងកុង​អ៊ីចឹង ពីព្រោះពួកគេបាន​​បាញ់​រាប់​​រយ​គ្រាប់​។ អ្នក​ដែល​រស់​នៅ​ក្បែរ​នោះ​បាន​សម្ងំ​នៅ​ក្នុង​ផ្ទះរបស់ខ្លួន​ ហើយ​បិទ​ទ្វារ​ជិត​​”។

លោក​ អេង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក រ័ត្ន ស៊្រាង មេ​បញ្ជាការ​កង​រាជវុធហត្ថ​រាជធានី​​បាន​បដិ​សេធ​​​មិន​ប្រាប់​ឈ្មោះ​សង្ស័យ​ទាំង​ប្រាំនាក់ ដែល​ត្រូវ​​​បាន​សាកសួរ​កាលពី​ម្សិលមិញ​នៅ​ទីបញ្ជា​ការ​ដ្ឋាន​កង​រាជអាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ​ឡើយ​។

ដោយ​បដិសេធ​មិន​និយាយ​ថា​តើ​មាន​ការ​​​​រក​ឃើញ​ថ្នាំញៀន​នៅក្នុង​​ផ្ទះ​នោះ​ឬ​យ៉ាង​​​ណា​​​ឧត្ដម​សេនីយ៍ត្រី អេង ហ៊ី ថ្លែង​ថា “​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​ឥឡូវ​​​នេះ ពីព្រោះ​យើង​កំពុង​ស៊ើបអង្កេត​ជន​សង្ស័យ​​​ទាំង​ប្រាំនាក់​នេះ​នៅ​ឡើយ​”​។ លោក​​និយាយ​​​​ត្រឹមតែ​ថា នគរ​បាល​បាន​​រក​ឃើញ​កាំភ្លើង​ខ្លី​បួន​ដើម និង​កាំភ្លើង​អាកា-៤៧​មួយ​ដើម​នៅ​ក្នុង​ផ្ទះ​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កោត​​​សរសើរ​ចំពោះ​មន្ត្រី​ដែល​បាន​បូជា​ជីវិត​រូប​នេះ អំឡុង​ពិធី​ប្រគល់​សញ្ញាបត្រ​​​មួយ​ក្នុង​រាជ​ធានី​​ភ្នំពេញ​ កាលពី​ម្សិលមិញ​។

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ថា “​ខ្ញុំ​សូម​​​ចូល​រួម​រំលែក​ទុក្ខ​​ចំពោះ​​​នាយរង​​ការិយា​ល័យ​រូប​នេះ ដែល​បានចំណាយ​ពេល​ក្នុង​ជីវិត​​​​របស់​ខ្លួន​​​​​ប្រឹង​​ប្រែង​បង្ក្រាប​ការ​​ជួញដូរ​គ្រឿង​​​ញៀន​ធំៗ​​។ ករណី​​នេះ​ត្រូវ​បន្ត​បង្កើន​​ការ​បង្ក្រាប​ទៅ​លើ​ការ​ជួញដូរ​គ្រឿងញៀន​”៕ សារុន​

The post ព័ត៌មាន​លម្អិត​ពី​ការ​បាញ់​តគ្នា​ជាមួយ​ក្រុម​ចែក​ចាយ​គ្រឿង​ញៀន​ appeared first on ខេមបូឌា ដេលី.